កម្មវិធី MCS Mobile App មានបំពាក់មុខងារគ្រប់គ្រងវត្តមានមន្រ្តីរាជការស៊ីវិល
ភ្នំពេញ៖ ក្រសួងមុខងារសាធារណៈ បានបន្តរៀបចំប្រព័ន្ធគ្រប់គ្រងវត្តមានមន្រ្តីរាជការស៊ីវិលតាមរយៈ MCS Mobile App ជាបន្តបន្ទាប់ ដែលជាផ្នែកមួយនៃការកែទម្រង់ផ្ទៃក្នុងរបស់ក្រសួង និងជាការចូលរួមជាមួយការកែទម្រង់រដ្ឋបាលសាធារណៈជារួម។ កម្មវិធីរៀបចំប្រព័ន្ធនេះត្រូវបានរៀបចំដឹកនាំដោយ ឯកឧត្តម សុខ សប្បាយណា រដ្ឋលេខាធិការក្រសួងមុខងារសាធារណៈ។
ថ្ងៃនេះ ឯកឧត្តម រដ្ឋលេខាធិការបានដឹកនាំកិច្ចប្រជុំផ្សព្វផ្សាយប្រព័ន្ធគ្រប់គ្រងវត្តមានមន្រ្តីរាជការស៊ីវិល ដើម្បីដាក់ឱ្យប្រើប្រាស់បន្ថែម និងពន្យល់បន្ថែមអំពីរបៀបប្រើប្រាស់ MCS Mobile App ជូនដល់ប្រធានអង្គភាពទាំងអស់ក្រោមចំណុះក្រសួងមុខងារសាធារណៈ។
ថ្លែងបើកអង្គប្រជុំ ឯកឧត្តមរដ្ឋលេខាធិការ បានមានប្រសាសន៍ថាការគ្រប់គ្រងដឹកនាំមន្រ្តីរាជការស៊ីវិល គឺស្ថិតនៅក្នុងវិធានការគន្លឹះទី២ នៃយុទ្ធសាស្រ្តបញ្ចកោណដំណាក់កាលទី១ ដែលមានចែងក្នុងកិច្ចការងារកែទម្រង់រដ្ឋបាលសាធារណៈ ដែលជាការងារអាទិភាពរបស់រាជរដ្ឋាភិបាល អាណត្តិទី៧ នៃរដ្ឋសភា។ ក្នុងនោះក្រសួងមុខងារសាធារណៈ ក្រោមការដឹកនាំដោយ ឯកឧត្តមឧបនាយករដ្ឋមន្រ្តី ហ៊ុន ម៉ានី មានចក្ខុវិស័យធំៗចំនួន៣ រួមមាន៖ ១)ប្រែក្លាយចក្ខុវិស័យរបស់ សម្តេចធិបតី ឱ្យក្លាយជាការពិត ២)ដឹកនាំកិច្ចការកែទម្រង់រដ្ឋបាលសាធារណៈ ៣)ការធ្វើទំនើបកម្ម នវានុវត្តន៍ប្រព័ន្ធបច្ចេកវិទ្យាក្នុងដំណើរការការងារ។
សូមជម្រាបផងដែរថា ក្រសួងមុខងារសាធារណៈដែលជាសេនាធិការរបស់រាជរដ្ឋាភិបាល ក្រៅពីការបំពេញការងារស្នូលប្រចាំថ្ងៃរបស់ក្រសួង និងការងារកែទម្រង់រដ្ឋបាលសាធារណៈរបស់រាជរដ្ឋាភិបាល ក្រសួងក៏បានយកចិត្តទុកដាក់ខ្ពស់ក្នុងការកែទម្រង់ការងារផ្ទៃក្នុងផ្សេងៗទៀតរបស់ក្រសួងរួមមានការរៀបចំប្រព័ន្ធគ្រប់គ្រងព័ត៌មានមន្រ្តីរាជការស៊ីវិលជាដើម៕