ឯកឧត្តម ចាន់ ស៊ីណាត រដ្ឋលេខាធិការក្រសួងធនធានទឹក ទទួលជួបពិភាក្សាការងារជាមួយគណៈប្រតិភូវិទ្យាស្ថានបច្ចេកវិទ្យាអាស៊ី (AIT) ប្រទេសថៃ
ភ្នំពេញ៖ នៅទីស្ដីការក្រសួង ឯកឧត្តម ចាន់ ស៊ីណាត រដ្ឋលេខាធិការក្រសួងធនធានទឹក និងឧតុនិយម បានទទួលជួបពិភាក្សាការងារជាមួយក្រុមបណ្ឌិតសាស្រ្តាចារ្យមកពីវិទ្យាស្ថានបច្ចេកទេសអាស៊ី(AIT) ដែលមានមូលដ្ឋាននៅក្នុងទីក្រុងបាងកក ប្រទេសថៃ។
ឯកឧត្តមរដ្ឋលេខាធិការបានបញ្ជាក់ឱ្យដឹងថា កិច្ចជំនួបបានផ្តោតការពិភាក្សាពីការពង្រឹងកិច្ចសហប្រតិបត្តិការវិស័យវិទ្យាសាស្រ្ត និងវិស្វកម្មលើកិច្ចអភិវឌ្ឍន៍ និងស្រាវជ្រាវលើការគ្រប់គ្រងធនធានទឹកនិងឧតុនិយម បញ្ជាទឹក និងប្រើប្រាស់ទឹក និងការពង្រឹងកិច្ចអភិវឌ្ឍន៍ធនធានមនុស្សសម្រាប់បម្រើឱ្យមជ្ឈមណ្ឌលជាតិគ្រប់គ្រងទិន្នន័យធនធានទឹកនៃព្រះរាជាណាចក្រកម្ពុជា។
សូមបញ្ជាក់ថា ក្រសួងធនធានទឹក និងឧតុនិយម បានបង្កើតមជ្ឈមណ្ឌលជាតិគ្រប់គ្រងទិន្នន័យធនធានទឹកសម្រាប់បម្រើឱ្យអន្តរវិស័យដូចជា អាកាសចរណ៍ នាវាចរណ៍ យោធា និងការកាត់បន្ថយបាននូវគ្រោះមហន្តរាយធម្មជាតិមានគ្រោះទឹកជំនន់ គ្រោះរាំងស្ងួត និងខ្យល់ព្យុះជាដើម តាមរយៈប្រព័ន្ធប្រកាសអាសន្ន និងការជូនដំណឹងជាមុន ក្រោមហិរញ្ញប្បទានពីធនាគារអភិវឌ្ឍន៍អាស៊ី(ADB) និងក្រោមកិច្ចសហប្រតិបត្តិការដ៏រឹងមាំជាមួយក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ៕