ពលរដ្ឋងាយរងគ្រោះ ៥១គ្រួសារ ក្នុងស្រុកស្ទឹងត្រង់ ទទួលបានអំណោយមនុស្សធម៌ ពីសម្ដេចកិត្តិព្រឹទ្ធបណ្ឌិតប្រធានកាកបាទក្រហមកម្ពុជា
ភ្នំពេញ៖ ឯកឧត្តម អ៊ុន ចាន់ដា ប្រធានគណៈកម្មាធិការសាខា អមដំណើរដោយ ឯកឧត្តម លោកជំទាវ ថ្នាក់ដឹកនាំ លោក លោកស្រី សមាជិក សមាជិកាគណ:កម្មាធិការសាខា មន្ត្រីក្រុមប្រតិបត្តិសាខា រួមជាមួយ លោក បាន ស្រេង ប្រធានគណ:កម្មាធិការអនុសាខាស្រុក ក្រុមកាកបាទក្រហមឃុំ និង អ្នកស្ម័គ្រចិត្ត នៅថ្ងៃទី១៣ ខែកញ្ញា ឆ្នាំ២០២៤ បានអញ្ជើញចុះជួបសំណេះសំណាល និង នាំយកអំណោយ របស់ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ជូនដល់ជនងាយរងគ្រោះ ខ្វះខាតជីវភាព ចំនួន ៥១គ្រួសារ មកពី ២៣ភូមិ នៃឃុំទាំង ១១ ដែលបានរៀបចំនៅក្នុង បរិវេណស្នាក់ការអនុសាខា ស្រុកស្ទឹងត្រង់ ។ ជនងាយរងគ្រោះទាំង ៥១គ្រួសារនោះ រួមមាន ចាស់ជរាគ្មានទីពឹង និងមានជម្ងឺ ៤៦ គ្រួសារ ព្រមទាំង ស្ត្រីមេម៉ាយក្រលំបាក ៥គ្រួសារ ។
ដោយភ្ជាប់ជាមួយក្តីកង្វល់ និង បណ្តាំផ្ញើសួរសុខទុក្ខពី ឯកឧត្តមសន្តិបណ្ឌិត នេត សាវឿន ប្រធានកិត្តិយសសាខា ពិសេស ពី សម្ដេច កិត្ដិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ជូនដល់លោកតា លោកយាយ បងប្អូនជនរួមជាតិ ទាំងអស់ ដោយក្តីនឹករលឹក និងអាណិតអាសូរជាទីបំផុត នោះ , ឯកឧត្តម អ៊ុន ចាន់ដា ប្រធានគណ:កម្មាធិការសាខា បានសំណូមពរដល់បងប្អូនប្រជាពលរដ្ឋទាំងអស់ ពិសេសលោកតា លោកយាយចាស់ៗ សូមយកចិត្តទុកដាក់ ក្នុងការថែទាំសុខភាព សុវត្ថិភាពផ្ទាល់ខ្លួន ហើយកត្តាដែលសំខាន់នោះ គឺ ត្រូវប្រកាន់ខ្ជាប់នូវអនាម័យ រស់នៅស្អាត ហូបស្អាត ផឹកស្អាត , ពិសារអាហារដែលចម្អិនឆ្អិនល្អ និងត្រូវសម្រាន្តក្នុងមុង ហើយ សូមជូនពរ លោកតា លោកយាយ បងប្អូនទាំងអស់ មានសុខភាពមាំមួន អាយុយឺនយូរ បន្តរស់នៅក្រោមម្លប់នៃសុខសន្តិភាព និងការអភិវឌ្ឍន៍ ។
ឯកឧត្តម អ៊ុន ចាន់ដា បានគូសបញ្ជាក់ថា អ្វីៗដែលយើងមានសព្វថ្ងៃនេះ គឺ បានមកដោយសារប្រទេសយើង មានសន្តិភាព។ ដូចនេះសន្តិភាពជាមរតកសម្តេចតេជោ មានតម្លៃធំធេងណាស់ សម្រាប់ប្រជាជនកម្ពុជា ។ បើគ្មានសន្តិភាព ពិតជាគ្មានការអភិវឌ្ឍ គ្មានការវិនិយោគ ហើយប្រជាពលរដ្ឋពិតជារស់នៅ ពុំបានសុខសាន្ត នោះឡើយ ។ យើង ប្តេជ្ញាបន្តខិតខំថែរក្សាការពារសន្តិភាព ដែលកំពុងមានសព្វថ្ងៃ នេះ ដើម្បី រាជរដ្ឋាភិបាលកម្ពុជា ក្រោមការដឹកនាំដ៏ឈ្លាសវៃ ប្រកបដោយនវានុវត្តន៍របស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នីតិកាលទី៧ មានឱកាស បន្តអភិវឌ្ឍន៍ ប្រទេស ជាតិ ។
អំណោយមនុស្សធម៌ ដែលបានផ្តល់ជូនលោកតា លោកយាយ បងប្អូន ជនងាយរងគ្រោះ ទាំង ៥១ គ្រួសារ , ក្នុង ១ គ្រួសារ ទទួលបាន ៖ – អង្ករ ២៥ គ.ក្រ , ទឹកត្រី ១យួរ, មីជាតិ ១កេស, ទឹកស៊ីអ៊ីវ ១យួរ, ត្រីខ ១០ កំប៉ុង , សាប៊ូ ៤ដុំ , ឃីត ១កញ្ចប់ និង ថវិកា ៥០,០០០ រៀល ។