ប្រទេសនៃមហាអនុតំបន់ទន្លេមេគង្គពិនិត្យលើការប្រឈមសម្រាប់រក្សានិរន្តភាពបរិស្ថាន
ភ្នំពេញ៖ មហាអនុតំបន់ទន្លេមេគង្គ ជាតំបន់ពោរពេញដោយសក្តានុពលធម្មជាតិ ប៉ុន្តែ បច្ចុប្បន្នកំពុងប្រឈមនឹងការប្រែប្រួលអាកាសធាតុ តែតាមរយៈកិច្ចប្រជុំលើកទី៦ ថ្នាក់រដ្ឋមន្ត្រីបរិស្ថានមហាអនុតំបន់ទន្លេមេគង្គ ដែលប្រទេសកម្ពុជា ធ្វើជាម្ចាស់ផ្ទះ នឹងក្លាយជាកម្លាំងចលាករដ៏សំខាន់ ដើម្បីលើកកម្ពស់គុណភាពបរិស្ថាន និងទប់ស្កាត់ការប្រែប្រួលអាកាសធាតុ ព្រមទាំងគ្រោះមហន្តរាយធម្មជាតិ។
ឯកឧត្តមបណ្ឌិត អ៊ាង សុផល្លែត រដ្ឋមន្រ្តីក្រសួងបរិស្ថាន បានថ្លែងនៅក្នុងឱកាសអញ្ជើញជាអធិបតីភាពបើកជាផ្លូវការកិច្ចប្រជុំលើកទី៦ ថ្នាក់រដ្ឋមន្ត្រីបរិស្ថានមហាអនុតំបន់មេគង្គ និងកិច្ចប្រជុំពាក់ព័ន្ធ (The 6th GMS Environment Ministers’ Meeting, EMM-6) នៅព្រឹកថ្ងៃទី១៣ ខែកញ្ញា ឆ្នាំ២០២៤នេះ នៅរាជធានីភ្នំពេញ។
កិច្ចប្រជុំនេះមានការរួមពីសំណាក់គណៈប្រតិភូរដ្ឋមន្រ្តីបរិស្ថាននៃបណ្តាប្រទេសជាសមាជិកនៃមហាអនុតំបន់មេគង្គ ចំនួន៦ប្រទេសរួមមានប្រទេសចិន កម្ពុជា ឡាវ ថៃ មីយ៉ាន់ម៉ា និងវៀតណាម។
ឯកឧត្តមបណ្ឌិត អ៊ាង សុផល្លែត បានលើកឡើងថា៖ បានបន្ថែមថា៖ «ការលើកកម្ពស់គុណភាពបរិស្ថាន មានសារៈសំខាន់ ដើម្បីសុខមាលភាព សុវត្ថិភាពរបស់ប្រជាជននៅក្នុងមហាអនុតំបន់ទន្លេមេគ្គង្គ។ ដើម្បីលើកកម្ពស់ពីគុណបរិស្ថានល្អ មិនមែនត្រឹមតែសម្រាប់បរិស្ថានតែប៉ុណ្ណនោះទេ ប៉ុន្តែ វាបានជួយដល់បញ្ហាសុខភាពសាធារណៈ និងតំបន់ទាំងមូល។
សូមបញ្ជាក់ថា ប្រទេសកម្ពុជា បានដើរតួនាទីយ៉ាងសំខាន់ ដើម្បីរៀបចំប្រកបដោយនិរន្តភាពបរិស្ថាននៅពេលអនាគត គោលនយោបាយ ដើម្បីការពារបរិស្ថាន លើកកម្ពស់ការអភិវឌ្ឍបៃតង និងធនធានធម្មជាតិ ជាពិសេសយុទ្ធសាស្ត្រចក្រាលើវិស័យបរិស្ថាន ២០២៣ ដល់២០២៨ ដើម្បីដោះស្រាយការប្រែប្រួលអាកាសធាតុ។ ដើម្បីកាត់បន្ថយការបំពុល និងភាពកង្វក់ដោយប្លាស្ទិក ក្រសួងបរិស្ថាន បានដាក់ចេញនូវយុទ្ធនាការ៣សំខាន់ ភាពស្អាតលើដី ភាពស្អាត ក្នុងដែនទឹក ភាពស្អាតដែនអាកាស រួមជាមួយការប្រយុទ្ធប្រឆាំងការប្រែប្រួលអាកាសធាតុ ដើម្បីអនាគតកម្ពុជា ក៏ដូចជាតំបន់មួយប្រកបដោយនិរន្តភាព។
«កិច្ចប្រជុំរដ្ឋមន្រ្តី GMS ជាឱកាសដែលដើម្បីធ្វើកិច្ចសហប្រតិបត្តិការ ប្រកបដោយនិរន្តភាព បង្កើតភាពជាដៃគូ ចែករំលែកចំណេះដឹង ធនធាន និងកសាងភាពធននឹងអាកាសធាតុ នៅក្នុងតំបន់ GMS ដើម្បីធានាថាធនធានធម្មជាតិរបស់យើងត្រូវបានធានា សម្រាប់យុវជនជំនាន់ក្រោយ»។ នេះជាការគូសបញ្ជាក់របស់ឯកឧត្តមបណ្ឌិត អ៊ាង សុផល្លែត។
បើតាមលោកស្រី Fitima Yasmin អនុប្រធានធនាគារអភិវឌ្ឍន៍អាស៊ី (ADB) ទទួលស្គាល់ថា មហាអនុតំបន់ទន្លេមេគង្គ (GMS) ពិតជាតំបន់ដែលសម្បូរទៅដោយធនធានធម្មជាតិ បេតិកភណ្ឌវប្បធម៌ និងសក្តានុពលសេដ្ឋកិច្ច។
លោកស្រីបានបន្ថែមថា យ៉ាងណាក៏ដោយ វាក៏ជាតំបន់ដែលងាយរងគ្រោះកាន់តែខ្លាំងឡើងចំពោះផលប៉ះពាល់នៃការប្រែប្រួលអាកាសធាតុ។ បញ្ហាប្រឈមដែលយើងកំពុងជួបមានការកើនឡើងសីតុណ្ហភាព និងការប្រែប្រួលអាកាសធាតុជាដើម។ ADB ទទួលស្គាល់នូវតម្រូវការសំខាន់ សម្រាប់សកម្មភាពបន្ទាន់ និងរួមគ្នា។ ការប្តេជ្ញាចិត្តរបស់យើងក្នុងការជួយដល់ប្រទេស GMS ក្នុងដំណើររបស់ពួកគេឆ្ពោះទៅរកការអភិវឌ្ឍប្រកបដោយចីរភាព គឺមិនផ្លាស់ប្តូរទេ។
«ភារកិច្ចនៅចំពោះមុខយើង គឺត្រូវរួមបញ្ចូលភាពធន់នឹងអាកាសធាតុ និងនិរន្តរភាពបរិស្ថានទៅក្នុងគ្រប់ផ្នែកនៃផែនការអភិវឌ្ឍន៍ គោលនយោបាយ និងការវិនិយោគរបស់យើង។ អាស្រ័យហេតុនេះ ADB បានប្តេជ្ញាបែងចែកធនធានផ្ទាល់របស់ខ្លួន ដែលមានទំហំទឹកប្រាក់ចំនួន១០០ពាន់លានដុល្លារ សម្រាប់សកម្មភាពអាកាសធាតុនៅអាស៊ី និងប៉ាស៊ីហ្វិក ក្នុងរយៈពេល១២ឆ្នាំ ចាប់ពីឆ្នាំ២០១៩ ដល់ឆ្នាំ២០៣០»។ នេះជាការលើកឡើងបន្ថែមរបស់អនុប្រធានធនាគារអភិវឌ្ឍន៍អាស៊ី ៕