ឯកឧត្តមបណ្ឌិត ជិន ម៉ាលីន ទទួលជួប និងពិភាក្សាការងារជាមួយអនុប្រធានបេសកកម្មប្រចាំស្ថានទូតជប៉ុន
ភ្នំពេញ៖ នារសៀល ថ្ងៃសុក្រ ១១កើត ខែភទ្របទ ឆ្នាំរោង ឆស័ក ព.ស.២៥៦៨ ត្រូវនឹងថ្ងៃទី១៣ ខែកញ្ញា ឆ្នាំ២០២៤ ឯកឧត្តមបណ្ឌិត ជិន ម៉ាលីន រដ្ឋលេខាធិការប្រចាំការក្រសួងយុត្តិធម៌ បានទទួលជួប និងពិភាក្សាការងារជាមួយលោក NAGASE Kensuke រដ្ឋមន្រ្តី និងជាអនុប្រធានបេសកកម្មប្រចាំស្ថានទូតជប៉ុន នៅទីស្តីការក្រសួងយុត្តិធម៌។
ជំនួបពិភាក្សានេះផ្ដោតសំខាន់លើចំណុចមួយចំនួន ដូចខាងក្រោម៖
១-កម្មវិធីកំណែទម្រង់ប្រព័ន្ធយុត្តិធម៌ដែលផ្ដោតសំខាន់លើ៖ (១).ការបង្កើតអាជ្ញាធរជាតិដោះស្រាយវិវាទក្រៅប្រព័ន្ធតុលាការ, (២).ការអនុវត្តយុទ្ធនាការជំរុញនិងពន្លឿនការដោះស្រាយរឿងក្ដីនៅតាមតុលាការ និង(៣).ការអនុវត្តយុទ្ធនាការត្រួតពិនិត្យនិងដោះស្រាយភាពមិនប្រក្រតីនៅតាមតុលាការ។
២-កម្មវិធីអភិវឌ្ឍន៍សមត្ថភាពមន្ត្រីរាជការក្នុងវិស័យយុត្តិធម៌ តាមរយៈកម្មវិធីអាហារូបករណ៍របស់រដ្ឋាភិបាលជប៉ុន រួមមានជាអាទិ៍៖ កម្មវិធីអាហារូបករណ៍ “Young Leaders’ Program”, កម្មវិធីអាហារូបករណ៍ JDS និងកម្មវិធីអាហារូបករណ៍ JICA។
៣-ការដោះស្រាយភាពចង្អៀតណែនក្នុងពន្ធនាគារ តាមរយៈការអនុវត្តទោសសហគមន៍ និងការដោះលែងដោយមានលក្ខខណ្ឌ។
៤-វឌ្ឍនភាពនៃការអនុវត្តគម្រោងអភិវឌ្ឍន៍វិស័យច្បាប់និងយុត្តិធម៌ជំហ៊ានទី៦ ក្រោមកិច្ចសហការនិងការគាំទ្រពីអង្គការ Jica និង អ្នកជំនាញការជប៉ុន ៕