អភិបាលខេត្តកែប ព្រលែងសត្វល្មិចចំនួន៣ក្បាល ចូលសមុទ្រវិញ បន្ទាប់ពីទទួលបានពីអ្នកនេសាទ
ភ្នំពេញ៖ នាថ្ងៃទី១៣ ខែកញ្ញា ឆ្នាំ២០២៤ ឯកឧត្តមបណ្ឌិត សោម ពិសិដ្ឋ អភិបាល នៃគណៈអភិបាលខេត្តកែប បានអញ្ញើញចុះទៅកោះពោធិ៍ ដើម្បីលែងសត្វល្មិច ឬហៅអណ្តើកសមុទ្រ ចំនួន៣ក្បាល ចូលទៅសមុទ្រវិញ ស្ថិតភូមិកែប សង្កាត់កែប ក្រុងកែប ខេត្តកែប។
បន្ថែមពីនោះ ដោយមានកិច្ចសហការជាមួយ គណៈកម្មាធិការជាតិ សន្តិសុខលម្ហ សមុទ្រ បន្ទាប់ពីលែង អណ្ដើក សមុទ្រ ទម្ងន់សរុប ជាង១០០គីឡូក្រាម ឯកឧត្តមក៏បានបន្តសួរ សុខទុក្ខ កងកម្លាំង ប្រចាំការ ការពារ អធិបតេយ្យភាព ជាតិ ខ្មែរ តាមបណ្ដាកោះ ក្នុងភូមិសាស្រ្ត ខេត្តកែបផងដែរ។
ឯកឧត្តមបណ្ឌិត សោម ពិសិដ្ឋ អភិបាលខេត្តកែប បានមានប្រសាសន៍ថា ការលែងសត្វល្មិចនេះ ជាការបញ្ជាក់ពីការចូលរួមរវាងអ្នកនេសាទ និងមន្ត្រីជំនាញ ក្នុងការរួមសាមគ្គីគ្នាដើម្បីថែរក្សាជីវចម្រុះដ៏កម្រក្នុងសមុទ្រខេត្តកែបអោយបានគង់វង្ស។
ក្នុងនោះ ឯកឧត្តមបណ្ឌិត សោម ពិសិដ្ឋ បានអំពាវនាវអោយប្រជាពលរដ្ឋទាំងអស់ ជាពិសេសប្រជាជានេសាទ ត្រូវបន្តចូលរួមថែរក្សាសត្វសមុទ្រ ពិសេសប្រភេទសត្វកម្រ ដូចជាត្រីដូហ្វីន ជ្រូកទឹក និងសត្វល្មិចនេះជាដើម អោយបានគង្សវង់ ក្រៅពីនេះត្រូវបង្កើនការការពារ អភិរក្ស ដោយប្រើប្រាស់ធនធានជលផលសមុទ្រប្រកបដោយនិរន្តរភាព ស្របតាមគោលនយោបាយចក្ខុវិស័យជលផលជាតិ និងរួមចំណែកលើកកម្ពស់ជីវភាពរស់នៅរបស់ពលរដ្ឋអោយកាន់តែរីកចម្រើន។
សូមបញ្ជាក់ថា កន្លងមកមន្ទីរពាក់ព័ន្ធ បានធ្វើការណែនាំ អប់រំ ផ្សព្វផ្សាយ ដល់ប្រជានេសាទ អោយយល់ដឹងអំពីប្រយោជន៍ ក្នុងការថែរក្សា គាំពារ សត្វសមុទ្រ ដែលជាសត្វកម្រ ដូចជាប្រភេទសត្វល្មិចនេះជាដើម ដើម្បីបង្កើនការយល់ដឹងពីគុណប្រយោជន៍នៃសត្វសមុទ្រកម្រទាំងនេះ ៕