អ្នកជំនាញអាជ្ញាធរជាតិអប្សរា គ្រោងចំណាយពេលប្រមាណ៦ខែ ដើម្បីជួសជុលចម្លាក់តោថ្មចំណាស់មួយនៅប្រាសាទភ្នំក្រោម
ភ្នំពេញ៖ អ្នកជំនាញនៃអាជ្ញាធរជាតិអប្សរា គ្រោងចំណាយពេលប្រមាណ៦ខែ ដើម្បីជួសជុលចម្លាក់តោថ្ម១ ដែលមានកម្ពស់១,៣៧ម៉ែត្រ ទទឹង៤៦សង់ទីម៉ែត្រ បែកបាក់បួនបំណែក និងបាត់បង់ជើងទាំង៤ ស្ថិតនៅខាងស្តាំនៃជណ្តើរខាងលិចតួប៉មកណ្តាលប្រាសាទភ្នំក្រោម។
យោងតាមគណនីហ្វេសប៊ុកផ្លូវការរបស់អាជ្ញាធរជាតិអប្សរា កាលពីថ្ងៃទី១៣កញ្ញា បង្ហាញថា ក្រុមការងារជំនាញរបស់អាជ្ញាធរកំពុងដំណើរការជួសជុលចម្លាក់តោថ្ម។ លោក ទ្រី ប៊ុនលី អ្នកជំនាញអភិរក្សថ្ម បានឱ្យដឹងថា ចម្លាក់តោនេះត្រូវបានរងការខូចខាតអស់ពេលជាយូរមកហើយ ដោយកត្តាផ្សេងៗ។ បំណែកតោនៅសេសសល់បួនបំណែក មានក្បាលដងខ្លួន និងភ្លៅមុខខាងស្តាំ រួមទាំងជើងទម្រផង។ ក្រុមការងារបានយកបំណែកចម្លាក់តោមកសម្អាតស្ងួត សម្អាតសើម និងសម្អាតបែបគីមី រួចហើយពង្រឹងថ្ម និងផ្គុំតភ្ជាប់ឡើងវិញ។ ចំណែកជើងទាំង៤ ដែលបាត់បង់ត្រូវបន្ថែមថ្មថ្មី ដើម្បីឱ្យចម្លាក់តោមានជំហររឹងមាំឡើងវិញ។
ទន្ទឹមគ្នានោះ លោក អៀន ធី និងលោក យក់ ក្រូច ជាអ្នកអភិរក្សថ្មដូចគ្នាបានអះអាងស្រដៀងនេះដែរថា ការងារជួសជុលចម្លាក់តោចំណាស់នេះ បានសហការគ្នាជាក្រុមតាំងពីចាប់ផ្តើមរហូតពេលដាប់ឆ្លាក់ថ្មថ្មីតភ្ជាប់ដងខ្លួនតោឡើងវិញ។ ឆ្លងកាត់ការសិក្សា និងមុនឈានដល់ការដាប់ថ្មថ្មីជំនួសជើងទាំងបួនដែលបាត់បង់ឱ្យត្រូវតាមទម្រង់ដើម អ្នកជំនាញបានធ្វើពុម្ពដីឥដ្ឋឱ្យចេញជារូបរាងតាមទម្រង់ និងកម្ពស់ដើម បន្ទាប់មកដាប់ឆ្លាក់ថ្មថ្មីជាទម្រង់ជើងតភ្ជាប់ឡើងវិញ។ អ្នកជំនាញបន្ថែមថា ចម្លាក់តោនេះនឹងត្រូវតម្កល់នៅទីតាំងដើម ក្រោយពេលបញ្ចប់ការជួសជុល។
សូមជម្រាបថា ប្រាសាទភ្នំក្រោម មានទីតាំងនៅលើកំពូលភ្នំក្រោម ចម្ងាយប្រហែល១២គីឡូម៉ែត្រ ខាងត្បូងក្រុងសៀមរាប និងខាងជើងបឹងទន្លេសាប ស្ថិតក្នុងសង្កាត់ចុងឃ្នៀស ជាប់ផ្ទៃបឹងទន្លេសាប។ ភ្ញៀវទេសចរ ដែលឡើងទៅដល់ប្រាសាទភ្នំក្រោម អាចគយគន់ទិដ្ឋភាពដ៏ស្រស់ស្អាតនៃសំណង់បុរាណរួមនឹងទិដ្ឋភាពជុំវិញដូចជា បឹងទន្លេសាប វាលស្រែដ៏ធំល្វឹងល្វើយ និងទិដ្ឋភាពពេលថ្ងៃរៀបលិចយ៉ាងស្រស់ស្អាតទៀតផង៕