ប្រធានក្រុមប្រឹក្សាខេត្តកណ្ដាល៖ ការិយាល័យប្រជាពលរដ្ឋ គឺជាផ្នែកមួយ នៃការអនុវត្តការងារកំណែទម្រង់វិមជ្ឈការ និងវិសហមជ្ឈការ ដើម្បីពង្រឹងការទទួលខុសត្រូវ របស់ក្រុមប្រឹក្សា
ភ្នំពេញ៖ ឯកឧត្តម នូ សាខន ប្រធានក្រុមប្រឹក្សាខេត្ត និងលោក នុត ពុធដារ៉ា អភិបាលរងខេត្តកណ្តាល និងលោក ហាស់ កុសល អនុប្រធាននាយកដ្ឋានមុខងារ និងធនធាន អគ្គនាយកដ្ឋានរដ្ឋបាលក្រសួងមហាផ្ទៃ នៅព្រឹកថ្ងៃទី១៣ ខែកញ្ញា ឆ្នាំ២០២៤នេះ បានអញ្ជើញជាគណៈអធិបតី ក្នុងកិច្ចប្រជុំផ្សព្វផ្សាយអំពីកិច្ចដំណើរការការិយាល័យពលរដ្ឋខេត្ត ដោយមានការចូលរួមពីមន្ទីរអង្គភាពជុំវិញខេត្ត និងមន្ត្រីពាក់ព័ន្ធ។
ថ្លែងបើកក្នុងកិច្ចប្រជុំនេះ ឯកឧត្តម នូ សាខន បានបញ្ជាក់ថា កិច្ចប្រជុំផ្សព្វផ្សាយអំពីកិច្ចដំណើរការការិយាល័យពលរដ្ឋខេត្តត្រូវបានរៀបចំឡើង ក្នុងគោលបំណងធ្វើអោយប្រជាពលរដ្ឋ និងមន្ត្រីរាជការ បានជ្រួតជ្រាបពីសមត្ថកិច្ច តួនាទី ភារកិច្ច សិទ្ធិអំណាច និងរបៀបរបបបំពេញការងារ របស់ការិយាល័យប្រជាពលរដ្ឋ ដើម្បីជំរុញលើកទឹកចិត្ត ឱ្យប្រើប្រាស់យន្តការនេះ សម្រាប់សម្រុះសម្រួលដោះស្រាយបណ្ដឹងក្រៅប្រព័ន្ធតុលាការ ពាក់ព័ន្ធនឹងការងារគ្រប់គ្រងរដ្ឋបាល និងការផ្តល់សេវាសាធារណៈ នៅរដ្ឋបាលរាជធានី ខេត្ត ប្រកបដោយតម្លាភាព គណនេយ្យភាព និងប្រសិទ្ធភាព សំដៅបង្កើនជំនឿទុកចិត្តរបស់ប្រជាពលរដ្ឋនៅមូលដ្ឋាន។
ឯកឧត្តម ប្រធានក្រុមប្រឹក្សាខេត្ត បានបញ្ជាក់បន្ថែមថា «ការិយាល័យប្រជាពលរដ្ឋ គឺជាផ្នែកមួយនៃការអនុវត្តការងារកំណែទម្រង់វិមជ្ឈការ និងវិសហមជ្ឈការ ដើម្បីពង្រឹងការទទួលខុសត្រូវរបស់ ក្រុមប្រឹក្សា តាមរយៈការផ្តល់ជូនរដ្ឋបាលថ្នាក់ក្រោមជាតិ អាចដោះស្រាយសំណើ និងសំណូមពរជូន ប្រជាពលរដ្ឋ ទាន់ពេលវេលា និងប្រកបដោយប្រសិទ្ធភាពខ្ពស់ ចំពោះការរៀបចំឱ្យមានការិយាល័យប្រជាពលរដ្ឋ នៅរដ្ឋបាលថ្នាក់ក្រោមជាតិ គឺដើម្បីលើកកម្ពស់អភិបាលកិច្ចល្អ ក្នុងការផ្តល់សេវាសាធារណៈ និងការអភិវឌ្ឍសេដ្ឋកិច្ចនៅមូលដ្ឋាន ដែលជាផ្នែកមួយនៃការកែទម្រង់ស្ថាប័ន និងលើកកម្ពស់ភាពស្អាតស្អំ របស់រដ្ឋបាលសាធារណៈផងដែរ»។
ថ្លែងក្នុងពិធីបិទកិច្ចប្រជុំផ្សព្វផ្សាយនាឱកាសនោះ លោក នុត ពុធដារ៉ា អភិបាលរងខេត្តកណ្តាល បានធ្វើការផ្ដាំផ្តាំផ្ញើដល់ថ្នាក់ដឹកនាំ និងបុគ្គលិករបស់ការិយាល័យប្រជាពលរដ្ឋខេត្ត ត្រូវសិក្សាស្វែងយល់អោយបានច្បាស់លាស់ អំពីលិខិតបទដ្ឋានពាក់ព័ន្ធនានា ដែលបានដាក់ចេញកន្លងមក ជាពិសេសបែបបទ និងនីតិវិធីនៃការទទួល និងការសម្រុះសម្រួលដោះស្រាយបណ្ដឹង។ ការិយាល័យប្រជាពលរដ្ឋ ត្រូវខិតខំព្យាយាម សម្របសម្រួលដោះស្រាយបណ្តឹងតវ៉ា របស់ប្រជាពលរដ្ឋឱ្យបានឆាប់រហ័ស ប្រកបដោយអព្យាក្រឹត្យ តម្លាភាព និងយុត្តិធម៌ស្របតាមច្បាប់ លិខិតបទដ្ឋានគតិយុត្តិ និងគោលការណ៍ណែនាំដែលនៅជាធរមាន ។
លោក នុត ពុធដារ៉ា បានជំរុញដល់ការិយាល័យប្រជាពលរដ្ឋខេត្ត ត្រូវបន្តផ្សព្វផ្សាយព័ត៌មានអោយបានទូលំទូលាយជូនប្រជាពលរដ្ឋ និងអ្នកពាក់ព័ន្ធនានា អំពីតួនាទី ភារកិច្ច សិទ្ធអំណាច និងសមត្ថកិច្ចរបស់ខ្លួនដូចជាតាមរយៈខិតប័ណ្ណ គេហទំព័រហ្វេសប៊ុក គ្រុបតេលេក្រាម វេទិការសាធារណៈ ឬកិច្ចប្រជុំនានា។ ការិយាល័យប្រជាពលរដ្ឋ ត្រូវពង្រឹងនូវសមត្ថភាពរបស់ខ្លួន ពាក់ព័ន្ធនឹងជំនាញព័ត៌មានវិទ្យា បន្ថែម ដើម្បីអនុវត្តការងាររបស់ខ្លួនអោយស្របទៅនឹងក្របខ័ណ្ឌគោលនយោបាយសេដ្ឋកិច្ច និងសង្គម ឌីជីថលកម្ពុជា២០២១- ២០៣៥ និងត្រៀមខ្លួនសម្រាប់អនុវត្តការទទួល និងសម្រុះសម្រួលដោះស្រាយ បណ្ដឹងតាមរយៈប្រព័ន្ធឌីជីថលផងដែរ ។
សូមបញ្ជាក់ថា ការិយាល័យប្រជាពលរដ្ឋខេត្តកណ្តាល ត្រូវបានដាក់ឱ្យដំណើរការតាមលិខិត លេខ៦៥៦ សជណ ចុះថ្ងៃទី២១ ខែមីនា ឆ្នាំ២០១៩ កន្លងមក រហូតដល់ បច្ចុប្បន្ននេះបានដំណើរការយ៉ាងរលូន និងបានខិតខំបំពេញតួនាទី និងភារកិច្ចរបស់ខ្លួនយ៉ាងសកម្ម ជាក់ស្តែងតាំងពីឆ្នាំ២០២០ មកទល់នឹងឆមាសទី១ ឆ្នាំ២០២៤ យើងទទួល បានពាក្យបណ្តឹង និងព័ត៌មានផ្សេងៗចំនួន ៩១៨ករណី ព្រមទាំងបញ្ចប់ការសម្រុះសម្រួលដោះស្រាយរួចរាល់ជាស្ថាពរបណ្តឹងក្នុងសមត្ថកិច្ចចំនួន ៣៨១ករណី ។ ជាលទ្ធផល ការិយាល័យប្រជាពលរដ្ឋខេត្តកណ្តាល ទទួលបានវិញ្ញាបនបត្រទទួលស្គាល់ ជ័យលាភីលេខ៣ ប្រចាំឆ្នាំ២០២២ និងទទួលបានជ័យលាភីលេខ២ ប្រចាំឆ្នាំ២០២៣៕