ប្រជាពលរដ្ឋចំនួន៧៥ គ្រួសារ នៅក្នុងស្រុករុក្ខគិរី ទទួលបានអំណោយសម្ដេចក្រឡាហោម ស ខេង និងលោកជំទាវ
ភ្នំពេញ៖ កាលពីថ្ងៃទី១៤ ខែកញ្ញា ឆ្នាំ២០២៤ ឯកឧត្តម ច័ន្ទ សុផល តំណាងរាស្រ្តមណ្ឌលខេត្តបាត់ដំបង អនុប្រធានគណ:កម្មការទី៤ នៃរដ្ឋសភា និងជាអនុប្រធានក្រុមក្រឡាហោមមនុស្សធម៌ និងឯកឧត្តម ខាន់ ម៉ាណេរ រដ្ឋលេខាធិការក្រសួងសាធារណការ និងដឹកជញ្ជូន និងជាប្រធានក្រុមក្រឡាហោមមនុស្សធម៌ បានដឹកនាំសមាជិកសមាជិកាក្រុមក្រឡាហោមចុះសួរសុខទុក្ខ និងចែកអំណោយសម្ដេចក្រឡាហោម ស ខេង និង លោកជំទាវ ដល់ប្រជាពលរដ្ឋមានការខ្វះខាតចំនួន៧៥ គ្រួសារ ស្ថិតក្នុងស្រុករុក្ខគិរី ខេត្តបាត់ដំបង។
អំណោយដែលផ្តល់ជូនប្រជាពលរដ្ឋចំនួន៧៥ គ្រួសារ ដោយក្នុងមួយគ្រួសារៗទទួលបានអង្ករ១ការ៉ុង មី១កេស ទឹកត្រីទឹកស៊ីអ៉ីវ ១យួរ ត្រីខ១ឡូ ទឹកបរិសុទ្ឋវីតាល់១កេស និងកន្សែងពោះគោ១ ផងដែរ។
បន្ទាប់មកឯកឧត្តម ច័ន្ទ សុផល និង ឯកឧត្តម ខាន់ ម៉ាណេរ បានយកអំណោយរបស់សម្តេចក្រឡាហោម ស ខេង និង លោកជំទាវ ( ថវិកា ១លានរៀល និងទឹកសណ្តែកមួយកន្ត្រក ) សួរសុខទុក្ខ ឧបាសិកា ឡេង ចំរើន ត្រូវជាម្តាយក្មេកឯកឧត្តម ងួន រតនៈ រដ្ឋលេខាធិការក្រសួងមហាផ្ទៃ ដែលកំពុងសម្រាកព្យាបាលជំងឺនៅគេហដ្ឋាន នៅសង្កាត់រតនៈ ក្រុងបាត់ដំបង នឹងបានលើកទឹកចិត្តនិងជូនពរឧបាសិកា ឡេង ចំរើន ឆាប់បានជាសះស្បើយ៕