សម្តេចធិបតី ហ៊ុន ម៉ាណែត កោតសរសើរក្រសួងសុខាភិបាល ដែលបានយកចិត្តទុកដាក់ ក្នុងការអនុវត្តការងារប្រកបដោយឆន្ទៈមោះមុត
ភ្នំពេញ៖ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា បានកោតសរសើរចំពោះក្រសួងសុខាភិបាល ដែលបានយកចិត្តទុកដាក់ ក្នុងការអនុវត្តការងារប្រកបដោយឆន្ទៈមោះមុត។
សម្ដេចមានប្រសាសន៍បែបនេះក្នុងឱកាសអញ្ជើញបើកការដ្ឋានសាងសង់ «អគារមជ្ឈមណ្ឌលកណ្តាល អគារចំណត និងរោងជាង និងអគារមជ្ឈមណ្ឌល វេជ្ជសាស្ត្រស៊ីក្លូត្រុង» នៅមន្ទីរពេទ្យកាល់ម៉ែត នាព្រឹកថ្ងៃទី១៦ ខែកញ្ញា ឆ្នាំ២០២៤នេះ។
សម្ដេចធិបតីបន្តថា ក្រសួងសុខាភិបាលបានដាក់ចេញនូវយន្តការគន្លឹះ ក្នុងការអភិវឌ្ឍមូលធនមនុស្ស ព្រមទាំងការពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការ ជាមួយភាគីពាក់ព័ន្ធ ដើម្បីលើកកម្ពស់វិស័យសុខាភិបាល និង ប្រព័ន្ធសុខភាពសាធារណៈ ស្របតាមកម្មវិធីនយោបាយ និង យុទ្ធសាស្ត្រអភិវឌ្ឍសង្គម-សេដ្ឋកិច្ចរយៈពេលវែងរបស់រាជរដ្ឋាភិបាល។
សម្តេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា អគារទាំង៣ ដែលបើកការដ្ឋានសាងសង់ព្រឹកនេះ នឹងត្រូវបំពាក់ដោយសម្ភារៈ ឧបករណ៍ពេទ្យ ដែលមានលក្ខណៈទំនើប និងមានហេដ្ឋារចនា សម្ព័ន្ធ សំណង់ទាន់សម័យ ស្របតាមស្តង់ដាអន្តរជាតិ ហើយគ្រោងនឹងដាក់ឱ្យ ប្រើប្រាស់ជាអគារ ពហុមុខងារពិសេស, មុខងារមានឯកទេសខ្ពស់ ដូចជា ការធ្វើរោគវិនិច្ឆ័យ និងការព្យាបាលជំងឺ មហារីក និង ជំងឺមិនឆ្លងរ៉ាំរ៉ៃដទៃទៀត ដែលទាមទារនូវសមត្ថភាពបច្ចេកទេសគ្លីនិកខ្ពស់៕