សម្តេចធិបតី៖ រាជរដ្ឋាភិបាល បានអនុវត្តវិធានគន្លឹះ៣ ដើម្បីធានាថា ប្រជាជនគ្រប់រូបត្រូវទទួលបាន សេវាថែទាំសុខភាពមានគុណភាព សុវត្ថិភាព និងប្រសិទ្ធភាពខ្ពស់
ភ្នំពេញ៖ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា បានគូសបញ្ជាក់ថា ដើម្បីឆ្ពោះទៅសម្រេចគោលនយោបាយផែនទីបង្ហាញផ្លូវ ទៅកាន់ការគ្រប់ដណ្តប់សុខភាពជាសកលនៅឆ្នាំ២០៣៥ រាជរដ្ឋាភិបាលបានអនុវត្តវិធានគន្លឹះ៣ ដើម្បីធានាថា ប្រជាជនគ្រប់រូប ត្រូវទទួលបាន សេវាថែទាំសុខភាព មានគុណភាព សុវត្ថិភាព និងប្រសិទ្ធភាពខ្ពស់ ។
ក្នុងឱកាសអញ្ជើញបញ្ចុះបឋមសិលាបើកការដ្ឋាន សាងសង់អគារបន្ថែមចំនួន៣ នៅមន្ទីរពេទ្យកាល់ម៉ែត នៅថ្ងៃទី១៦ ខែកញ្ញា ឆ្នាំ២០២៤នេះ សម្តេចធិបតី បានលើកឡើងថា រាជរដ្ឋាភិបាល បានដាក់ចេញនូវផែនទីបង្ហាញផ្លូវ ទៅកាន់ការគ្រប់ដណ្តប់សុខភាពជាសកល នៅឆ្នាំ២០៣៥ ដែលមានគោលដៅ៣ ។ ទី១. ការពង្រីកវិសាលភាព គ្រប់ដណ្តប់ពលរដ្ឋដោយប្រព័ន្ធគាំពារសង្គម ឱ្យបាន៨០%នៃចំនួនពលរដ្ឋសរុប ។ ទី២. សន្ទុះនៃការគ្រប់ដណ្តប់សេវាសុខាភិបាល ជាសារវ័ន្តយ៉ាងហោចណាស់ ៨០% និងទី៣.ការកាត់បន្ថយកម្រិតចំណាយពីហោប៉ៅផ្ទាល់ លើការថែទាំសុខភាព ឱ្យនៅត្រឹម៣៥% នៃចំណាយសរុប លើការថែទាំសុខភាព។
សម្តេចធិបតី បានបញ្ជាក់ថា «រាជរដ្ឋាភិបាល បានអនុវត្តវិធានគន្លឹះ៣ ទី១ ការពង្រឹងសមត្ថភាពផ្តល់សេវា នៅមូលដ្ឋានសុខភាព មជ្ឈមណ្ឌលសុខភាព និងមន្ទីរពេទ្យបង្អែក ។ ទី២ អភិវឌ្ឍន៍សមត្ថភាពស្ថាប័នសុខាភិបាល គ្រប់លំដាប់ថ្នាក់ នៅក្នុងការគ្រប់គ្រងធនធានមនុស្ស និងហិរញ្ញវត្ថុ ការងារនិយ័តកម្ម ការងារឆ្លើយតប និងការគម្រាមកំហែងសុខភាពសាធារណៈ និងគ្រោះអាសន្នសុខភាព ព្រោះទាំងការលើកកម្ពស់ប្រសិទ្ធិភាព នៃកិច្ចដំណើរការការមុខងារស្ថាប័ន និងទី៣ ការកសាងភាពជាដៃគូរឹងមាំ ក្នុងវិស័យសុខាភិបាល សាធារណៈ ឯកជន ដើម្បីធានាថា ប្រជាជនគ្រប់រូប ត្រូវទទួលបាន សេវាថែទាំសុខភាព មានគុណភាព សុវត្ថិភាព និងប្រសិទ្ធភាពខ្ពស់» ៕