សម្តេចធិបតី៖ កុំទម្លាក់ស្ដង់ដារ តែត្រូវរឹតបន្តឹងគុណភាព និងស្ដង់ដារសុខាភិបាល ឱ្យកាន់តែជាក់លាក់
ភ្នំពេញ៖ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា បានថ្លែងថា កុំទម្លាក់ស្ដង់ដារ តែត្រូវរឹតបន្តឹងគុណភាព និងស្ដង់ដារសុខាភិបាល ឱ្យកាន់តែជាក់លាក់ ពោលគឺការបណ្ដុះបណ្ដាលគ្រូពេទ្យត្រូវតែមានស្ដង់ដារខ្ពស់ និងច្បាស់លាស់។
ការថ្លែងបែបនេះរបស់សម្ដេចធិបតី ហ៊ុន ម៉ាណែត បន្ទាប់ពីមានអ្នកឱ្យយោបល់មក សម្ដេច ថា បច្ចុប្បន្នគ្រូពេទ្យនៅកម្ពុជា កំពុងតែមានការខ្វះខាត គួរតែបន្ធូរបន្ថយ លក្ខខណ្ឌបណ្ដុះបណ្ដាល កម្រិតពេទ្យ។
ក្នុងឱកាសអញ្ជើញបើកការដ្ឋានសាងសង់ អគារមជ្ឈមណ្ឌលកណ្តាល អគារចំណត រោងជាង និង អគារវេជ្ជសាស្ត្រស៊ីក្លូត្រុង នៃមន្ទីរពេទ្យកាល់ម៉ែត នៅព្រឹកថ្ងៃទី១៦ ខែកញ្ញា ឆ្នាំ២០២៤នេះ សម្ដេចធិបតី ហ៊ុន ម៉ាណែត បានឆ្លើយតបវិញថា លក្ខខណ្ឌក្នុងការជ្រើសរើសពេទ្យ មិនអាចទម្លាក់ស្តង់ដារបាននោះឡើយ ត្រូវតែពង្រឹងស្តង់ដារឱ្យបានខ្ពស់។
សម្ដេចធិបតី បានមានប្រសាសន៍ថា ថ្ងៃមុនមានការលើកយោបល់មកខ្ញុំថា ឥឡូវពេទ្យរបស់យើងកំពុងតែខ្វះ គួរតែបន្ធូរបន្ថយលក្ខខណ្ឌបណ្ដុះបណ្ដាលកម្រិតពេទ្យ កុំឱ្យក្រសួងសុខាភិបាលតឹងពេក។ ខ្ញុំថា អត់ទេពេទ្យត្រូវតែតឹង កុំទម្លាក់ស្ដង់ដារសុខាភិបាល ត្រូវតែដំឡើងកម្រិតមនុស្ស ខំប្រឹង ឱ្យជួបកម្រិតខ្ពស់ល្អជាង។
សម្ដេចធិបតី បានបន្ដថា ពេទ្យ មិនមែនជា គណនេយ្យនោះទេ គណនេយ្យធ្វើខុស កែបញ្ជីបាន។ ប៉ុន្ដែពេទ្យចេញមក ត្រូវមើលអ្នកជំងឺស្រាល ត្រូវព្យាបាលឱ្យជា, កុំឱ្យជំងឺស្រាល ទៅជាធ្ងន់វិញ។ សម្ដេច ថា ពេទ្យត្រូវព្យាបាលអ្នកជំងឺធ្ងន់ ឱ្យមកស្រាល ឬរស់វិញ។លើសពីនេះ សម្ដេច ក៏បានអំពាវនាវ ឱ្យការបណ្ដុះបណ្ដលពេទ្យ ត្រូវមានស្ដង់ដារមួយជាក់លាក់ ហើយមានការចូលរួមវាយតម្លៃពីក្រសួងសុខាភិបាល ឱ្យបានត្រឹមត្រូវផងដែរ។
សម្ដេចធិបតី នាយករដ្ឋមន្ដ្រី បានគូសបញ្ជាក់ថា «សុខចិត្តមានពេទ្យ ១០នាក់ ដែលមានជំនាញច្បាស់លាស់ ជាជាងមានពេទ្យ ៥០នាក់ ដែលយើងមិនប្រាកដវិជ្ជា ៕