ឯកឧត្តមទេសរដ្ឋមន្រ្តី ប៉ែន វិបុល អញ្ជើញចូលរួមក្នុងពិធីអភិសេកព្រះបដិមាដែលបានវិលមកកាន់មាតុប្រទេសវិញ
ភ្នំពេញ៖ នាព្រឹកថ្ងៃអង្គារ ១៥កើត ខែភទ្របទ ឆ្នាំរោង ឆស័ក ព.ស.២៥៦៨ ត្រូវនឹងថ្ងៃទី១៧ ខែកញ្ញា ឆ្នាំ២០២៤ ឯកឧត្តម ប៉ែន វិបុល ទេសរដ្ឋមន្រ្តី ទទួលបេសកកម្មពិសេស បានអញ្ជើញចូលរួមក្នុងពិធីអភិសេកព្រះបដិមាដែលបានវិលមកកាន់មាតុប្រទេសវិញ ព្រមទាំងបួងសួងព្រះបារមីសុំសេចក្តីសុខសេចក្តីចម្រើនជូនដល់ជាតិ និងប្រជាជនកម្ពុជា ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុនី្ន ហ៊ុនម៉ាណែត។
សូមបញ្ជាក់ថា កម្ពុជាធ្លាប់បានរៀបចំពិធីទទួលវត្ថុបុរាណខ្មែរ ដែលបានប្រគល់ជូនព្រះរាជាណាចក្រកម្ពុជាវិញកាលពីចុងខែសីហា ឆ្នាំ២០២៤កន្លងទៅ បន្ទាប់ពីបានរសាត់ចាកឆ្ងាយពីមាតុភូមិកំណើតអស់រយៈពេលជាច្រើនឆ្នាំ ដែលបង្កឡើងដោយសង្គ្រាម អំពើចោរកម្ម និងការជួញដូរខុសច្បាប់ទៅក្រៅប្រទេស។
ការយាងត្រឡប់មកវិញ នៃព្រលឹងដូនតាខ្មែរនាពេលនេះ គឺជាលទ្ធផលនៃកិច្ចខិតខំប្រឹងប្រែងជាប់មិនដាច់របស់រាជរដ្ឋាភិបាលកម្ពុជា ក្រោមកិច្ចសហការជាមួយគ្រប់ភាគីពាក់ព័ន្ធ ទាំងស្ថាប័នរដ្ឋ ផ្នែកឯកជន អ្នក ជំនាញជាតិនិងអន្តរជាតិ ព្រមទាំងជាមួយប្រទេសនានា ជាពិសេស រដ្ឋាភិបាលសហរដ្ឋអាមេរិក តាមរយៈ រដ្ឋអាជ្ញាសង្កាត់ភាគខាងត្បូងក្រុងញូវយ៉ក, ការិយាល័យស៊ើបអង្កេតសន្តិសុខមាតុភូមិ និងការិយាល័យរដ្ឋអាជ្ញា សង្កាត់ម៉ាន់ហាថាន។ បដិមាទាំងនេះនឹងរក្សា តាំងបង្ហាញនៅសារមន្ទីជាតិ រាជធានីភ្នំពេញ។
ក្នុងចំណោមវត្ថុពិចិត្រទាំងនេះមានរូបបដិមាសំខាន់ៗមួយចំនួនផ្នែកព្រហ្មញ្ញ សាសនា និងពុទ្ធសាសនា ក្នុងសម័យមុនអង្គរ និងសម័យអង្គរ ជាពិសេសបដិមាថ្មធំៗដ៏ប្រណីតដូចជា បដិមា ទេពនៃទេវកថាមហាភារតៈ បដិមាព្រះឥសូរ នាងឧមា និងបដិមាព្រះអឌ្ឍនារីស្វរៈ មកពីអតីតរាជធានីកោះកេរ ព្រមទាំងព្រះសិរនៃព្រះលោកេសូរ ដែលត្រូវបានផ្តុំភ្ជាប់ឡើងវិញជាមួយនឹងដងខ្លួនរបស់ព្រះអង្គស្ថិតនៅសារមន្ទីរជាតិភ្នំពេញ ក្រោយពីបានព្រាត់ចាកឆ្ងាយពីគ្នាអស់រយៈពេលរាប់សិបឆ្នាំ ដោយសារសង្គ្រាម និងការជួញដូរខុសច្បាប់ ៕