សំណើ និងសំណូមពរ ២០ករណី របស់ពលរដ្ឋ ត្រូវបានដោះស្រាយ ក្នុងវេទិកាសាធារណៈដែលរៀបចំ នៅវត្តខេមវ័ន ក្រុងកំពង់ចាម
ភ្នំពេញ៖ សំណើ និងសំណូមពរ និងបញ្ហាផ្សេងៗ ចំនួន ២០ ករណី របស់បងប្អូនប្រជាពលរដ្ឋ ស្នើឡើង ត្រូវបានដោះស្រាយភ្លាមៗ នៅក្នុងវេទិកាសាធារណៈ ដែលបានរៀបចំឡើង នៅវត្តខេមវ័ន (បឹងស្នាយ) សង្កាត់សំបួរមាស ក្រុងកំពង់ចាម នាព្រឹកថ្ងៃទី១៧ ខែកញ្ញា ឆ្នាំ២០២៤ នេះ ក្រោមអធិបតីភាព ឯកឧត្តម អ៊ុន ចាន់ដា អភិបាលនៃគណៈអភិបាលខេត្តកំពង់ចាម និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានក្រុងកំពង់ចាម និងលោកជំទាវ ជា ស៊ុនដាណែត រដ្ឋលេខាធិការប្រចាំការក្រសួងព័ត៌មាន និងជាអនុប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានក្រុងកំពង់ចាម។ វេទិកានេះ មានការចូលរួមពី លោកជំទាវអភិបាលរងខេត្ត, លោក-លោកស្រីជាប្រធាន អនុប្រធានមន្ទីរអង្គភាពជុំខេត្ត, អាជ្ញាធរមូលដ្ឋាន និងមន្ត្រីពាក់ព័ន្ធ ព្រមទាំង តំណាងប្រជាពលរដ្ឋ សរុបប្រមាណជាង ១០០នាក់ផងដែរ។
មុនពេលបើកការពិភាក្សាពិគ្រោះយោបល់ ជាមួយបងប្អូនប្រជាពលរដ្ឋ ឯកឧត្តម អ៊ុន ចាន់ អភិបាលនៃគណៈអភិបាលខេត្តកំពង់ចាម និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានក្រុងកំពង់ចាម បានមានប្រសាសន៍ថា ដោយមានការណែនាំ និងចង្អុលបង្ហាញដ៏ខ្ពង់ខ្ពស់ពីសំណាក់ ឯកឧត្តម សន្តិបណ្ឌិត នេត សាវឿន ប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តកំពង់ចាម តម្រូវឳ្យថ្នាក់ដឹកក្រុមការងារទាំងអស់ ចុះជួបបងប្អូនប្រជាពលរដ្ឋ ដើម្បីធ្វើការផ្លាស់ប្តូរយោបល់គ្នា ពាក់ព័ន្ធនឹងការអនុវត្តការងារ រយៈពេល ១ឆ្នាំ របស់រាជរដ្ឋាភិបាល នីតិការទី៧ នៃរដ្ឋសភា ក្រោមការដឹកនាំដ៏ខ្ពង់ខ្ពស់ របស់សម្ដេចធិបតី ហ៊ុន ម៉ាណែត ជានាយករដ្ឋមន្ត្រី ដែលបានដាក់ចេញនូវយុទ្ធសាស្ត្របញ្ចកោណ ដំណាក់កាលទី១ និងបានដាក់ចេញនូវគោលនយោបាយអាទិភាពទាំង ៦ចំណុច និងវិធានការគន្លឹះទាំង៥ សំដៅឆ្ពោះ ទៅការ ដោះស្រាយបញ្ហាជូនប្រជាពលរដ្ឋ ក៏ដូចជា ការលើកកម្ពស់គុណភាព និងជីវភាពរស់នៅ របស់ប្រជាពលរដ្ឋឲ្យកាន់តែមានភាពប្រសើរឡើង ។
ឯកឧត្តមអភិបាលខេត្ត បានបញ្ជាក់ដែរថា ដើម្បីឆ្លុះបញ្ចាំង នូវការដាក់ចេញនូវគោលនយោបាយនេះ គឺត្រូវការមតិយោបល់ និងការវាយតម្លៃ ពីសំណាក់បងប្អូនប្រជាពលរដ្ឋត្រឡប់មកវិញ ថាតើ លទ្ធផលដែលបងប្អូនប្រជាពលរដ្ឋ ទទួលបានពីគោលនយោបាយនោះបានកម្រិតណា?។ ដូច្នេះដើម្បីថ្នាក់ដឹកនាំ អាចវាស់ស្ទង់ផ្ទៀងផ្ទាត់ ពីលទ្ធផលនោះបាន គឺត្រូវជួបជុំគ្នា ដើម្បីធ្វើវេទិកាសាធារណៈ នាពេលនេះ ។ ក្រៅពីនោះ រដ្ឋបាលខេត្ត ក៏ដូចជា រាជរដ្ឋាភិបាល ក៏ផ្ដោតសំខាន់ ទៅលើការងារពាក់ព័ន្ធសន្តិសុខ សណ្ដាប់ធ្នាប់សាធារណៈ ជាពិសេស ការអនុវត្តគោលនយោបាយ ភូមិ ឃុំ សង្កាត់ មានសុវត្ថិភាព និងការផ្តល់សេវាសង្គម ដែលផ្ដោតសំខាន់ទៅលើការងារ ដែលបម្រើសេចក្តីត្រូវការ របស់បងប្អូនប្រជាពលរដ្ឋ នៅក្នុងមូលដ្ឋានផងដែរ ៕