អគ្គនាយកដ្ឋានអត្តសញ្ញាណកម្ម រៀបចំពិធីសូត្រមន្តសម្ពោធស្នាក់ការផ្ដល់អត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរ ទីតាំងថ្មី នៅក្នុងផ្សារអ៊ីអនម៉ល សែនសុខ
ភ្នំពេញ៖ នៅរសៀលថ្ងៃទី១៧ ខែកញ្ញា ឆ្នាំ២០២៤ ឯកឧត្ដម ឧត្តមសេនីយ៍ឯក បណ្ឌិត តុប នេត អគ្គនាយក នៃអគ្គនាយកដ្ឋានអត្តសញ្ញាណកម្ម និងលោកជំទាវ ព្រមទាំងថ្នាក់ដឹកនាំ នៃអគ្គនាយកដ្ឋានអត្តសញ្ញាណកម្ម បានអញ្ជើញចូលរួមក្នុងពិធីសូត្រមន្តសម្ពោធស្នាក់ការផ្ដល់អត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរ ទីតាំងថ្មីនៅក្នុងផ្សារអ៊ីអនម៉ល សែនសុខ (អ៊ីអន២) ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ លោកជំទាវ កែ សួនសុភី ស សុខា។
ពិធីនេះ ក៏មានការអញ្ជើញចូលរួមពី ឯកឧត្តម អគ្គនាយករង លោកប្រធាននាយកដ្ឋាន លោក លោកស្រីអនុប្រធាននាយកដ្ឋាន លោក លោកស្រីនាយ/ប្រធានការិយាល័យ និងមន្រ្តីជំនាញផ្ដល់សេវាប្រចាំសាខាផ្សារអ៊ីអនម៉ល សែនសុខ (អ៊ីអន២) ជាច្រើនរូបទៀត។
គួរបញ្ជាក់ដែរថា ស្នាក់ការផ្ដល់អត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរទីតាំងថ្មីនេះ ស្ថិតនៅជាន់ទី៣ ក្នុងផ្សារអ៊ីអនម៉ល សែនសុខ (អ៊ីអន២) និងបើកផ្ដល់សេវាជូនប្រជាពលរដ្ឋ រយៈពេល៥ថ្ងៃ ក្នុងមួយសប្ដាហ៍ ដោយទទួលផ្តល់សេវាចាប់ពីថ្ងៃពុធ ដល់ថ្ងៃអាទិត្យ ដោយឡែកថ្ងៃចន្ទ និងអង្គារ ស្នាក់ការមានមន្រ្តីប្រចាំការ ចាំទទួល និងបើកអត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរជូនប្រជាពលរដ្ឋដែលដល់ថ្ងៃត្រូវមកទទួលយក៕