ធនាគារជាតិ ហាមគ្រឹះស្ថានធនាគារ និងមីក្រូហិរញ្ញវត្ថុ យកកម្រៃសេវាសម្រាប់ការបើក បិទគណនីជាប្រាក់រៀល និងសេវាប្រចាំឆ្នាំ
ភ្នំពេញ៖ ធនាគារជាតិនៃកម្ពុជា បានចេញសេចក្ដីណែនាំស្ដីពី ការលើកកម្ពស់ការប្រើប្រាស់ប្រាក់រៀល សម្រាប់សេវាទូទាត់សង់ប្រាក់នៅកម្ពុជា។
ក្នុងសេចក្ដីណែនាំធនាគារជាតិនៃកម្ពុជា មិនអនុញ្ញាតឲ្យគ្រឹះស្ថានធនាគារ និងមីក្រូហិវញ្ញវត្ថុទាំងអស់នៅកម្ពុជា យកកម្រៃសេវាប្រចាំឆ្នាំ ចំពោះកាតព្វកិច្ចបើកគណនីប្រាក់បញ្ញើ និងគណនីទូទាត់សងប្រាក់ជាប្រាក់រៀល ដែលប្រើប្រាស់សម្រាប់ប្រតិបត្តិការទូទាត់សងប្រាក់។
យោងតាមសេចក្ដីណែនាំរបស់ធនាគារជាតិនៃកម្ពុជា បានបញ្ជាក់ថា ធនាគារជាតិនៃកម្ពុជា សូមជម្រាបជូន
គ្រឹះស្ថានធនាគារ និងហិរញ្ញវត្ថុ គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុទទួលប្រាក់បញ្ញើ និងគ្រឹះស្ថានផ្តល់សេវាទូទាត់សងប្រាក់ទាំងអស់ឱ្យបានជ្រាបថា ចំពោះកាតព្វកិច្ច បើកគណនីប្រាក់បញ្ញើ និងគណនីទូទាត់សងប្រាក់ជាប្រាក់រៀល ដែលប្រើប្រាស់សម្រាប់ប្រតិបត្តិការទូទាត់សងប្រាក់ជូនអតិថិជន។
ធនាគារជាតិនៃកម្ពុជា បានបញ្ជាក់ជូនយ៉ាងដូច្នេះថា៖
១៖ មិនតម្រូវឱ្យយកកម្រៃសេវា សម្រាប់ការបើក និងបិទគណនីជាប្រាក់រៀលខាងលើ។
២៖ មិនតម្រូវឱ្យយកកម្រៃសេវាគណនីប្រចាំឆ្នាំ សម្រាប់គណនីជាប្រាក់រៀលខាងលើ។
៣៖ ពន្យល់ និងផ្សព្វផ្សាយអំពីខ្លឹមសារសេចក្ដីណែនាំនេះជូនសាធារណជន៕