បុគ្គលិកអប់រំកម្ពុជា ៦រូប ចូលរួមវគ្គបណ្ដុះបណ្ដាលស្ដីពី ភាសាចិន និងវប្បធម៌សម្រាប់មន្ត្រីអប់រំពីបណ្តាប្រទេសខែ្សក្រវាត់មួយ-ផ្លូវមួយ នៅចិន
ភ្នំពេញ៖ ដើម្បីជំរុញការអនុវត្តស្មារតីឆ្នាំនៃការផ្លាស់ប្តូរប្រជាជននិងប្រជាជនកម្ពុជា – ចិន របស់រដ្ឋាភិបាលនៃប្រទេសទាំងពីរឱ្យរស់រវើក ក្រសួងអប់រំ យុវជន និងកីឡា សហការជាមួយស្ថានទូតចិនប្រចាំកម្ពុជា បានបញ្ជូនបុគ្គលិកអប់រំចំនួន ៦រូប ដឹកនាំដោយ ឯកឧត្តម សាស្ត្រាចារ្យបណ្ឌិត ឈុន ហុក សាកលវិទ្យាធិការរង សាកលវិទ្យាល័យភូមិន្ទភ្នំពេញ ចូលរួមសិក្ខាសាលាបណ្ដុះបណ្ដាល ស្ដីពី “ភាសាចិន និងវប្បធម៌សម្រាប់មន្ត្រីអប់រំពីបណ្តាប្រទេសខែ្សក្រវាត់-ផ្លូវមួយ” (Seminar on Chinese Language & Culture for Educational Officials from the Belt and Road Countries) នៅទីក្រុងប៉េកាំង រយៈពេល ២សប្តាហ៍ ចាប់ពីថ្ងៃទី២៨ ខែសីហា ដល់ទី១២ ខែកញ្ញា ឆ្នាំ២០២៤ ក្រោមការឧបត្ថម្ភរបស់ក្រសួងពាណិជ្ជកម្ម នៃសាធារណរដ្ឋប្រជាមានិតចិន។
សិក្ខាសាលានេះធ្វើឡើងក្នុងគោលបំណង ដើម្បីពង្រឹងទំនាក់ទំនងមិត្តភាពឱ្យកាន់តែជិតស្និតរវាងចិន និងបណ្តាប្រទេសក្រោមគម្រោងខ្សែក្រវ៉ាត់មួយ-ផ្លូវមួយ។
មានប្រសាសន៍ក្នុងឱកាសនេះ សាស្ត្រាចារ្យបណ្ឌិត សាកលវិទ្យាធិការរង សាកលវិទ្យាល័យភូមិន្ទភ្នំពេញ បានកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះវគ្គបណ្តុះបណ្តាល ដែលបានផ្តល់ចំណេះដឹងផ្សារភ្ជាប់នឹងការអនុវត្តជាក់ស្តែង ការធ្វើដំណើរទស្សនកិច្ចសិក្សាដោយផ្ទាល់ជាច្រើនកន្លែង និងការចែករំលែកបទពិសោធន៍គ្នាទៅវិញទៅមកពីបណ្តាប្រទេសជាមិត្តសំដៅរឹតបន្តឹងចំណងមិត្តភាព និងភាពជឿជាក់រវាងគ្នាក្នុងភាពជាដៃគូយុទ្ធសាស្ត្រកាន់តែស៊ីជម្រៅ។
តាមរយៈសិក្ខាសាលានេះ ប្រតិភូកម្ពុជាបានទទួលចំណេះដឹង បទពិសោធន៍ និងគំនិតថ្មីៗជាច្រើន សម្រាប់ជាទុនយកមកអភិវឌ្ឍសមត្ថភាពស្ថាប័នរបស់ខ្លួនឱ្យកាន់តែល្អប្រសើរ ជាពិសេសការដឹកនាំ និងគ្រប់គ្រងអប់រំ ការរៀបចំបរិស្ថានសាលារៀន ការរៀបចំរចនាបន្ទប់ថ្នាក់រៀន និងវិធីសាស្ត្របង្រៀន ក៏ដូចជាបានបង្កើតនូវឱកាសទំនាក់ទំនងមិត្តភាព និងកិច្ចសហប្រតិបត្តិការយ៉ាងសម្បូរបែបជាមួយបណ្តាប្រទេសក្រោមគម្រោងខ្សែក្រវាត់មួយ-ផ្លូវមួយ ៕