មន្ត្រីជាន់ខ្ពស់ក្រសួងអប់រំ ដឹកនាកិច្ចប្រជុំ ពិនិត្យវឌ្ឍនភាពការងារ ត្រៀមការប្រកួតកីឡាជាតិ លើកទី៤ និងកីឡាជាតិជនពិការ លើកទី២ ឆ្នាំ២០២៤
ភ្នំពេញ៖ ឯកឧត្តម វ៉ាត់ ចំរើន ឯកឧត្តម សាមឺឌី ស៊ីវឌ្ឍនា និងឯកឧត្តម កែ ប៊ុនខៀង រដ្ឋលេខាធិការ ក្រសួងអប់រំ យុវជន និងកីឡា នាថ្ងៃទី១៨ ខែកញ្ញា ឆ្នាំ២០២៤ បានអញ្ជើញដឹកនាំកិច្ចប្រជុំ “ពិនិត្យវឌ្ឍនភាពការងារត្រៀមការប្រកួតកីឡាជាតិ លើកទី៤ និងកីឡាជាតិជនពិការ លើកទី២ ឆ្នាំ២០២៤” ដោយមានការចូលរួមពីសំណាក់ ឯកឧត្តម អនុរដ្ឋលេខាធិការក្រសួងអប់រំ ឯកឧត្តមទីប្រឹក្សាក្រសួងអប់រំ ឯកឧត្តមឧត្តមសេនីយ៍ តំណាងអង្គភាពកីឡា លោក លោកស្រី អគ្គនាយករង ប្រធាន អនុប្រធាន អង្គភាពជំនាញ តំណាងអង្គភាពពាក់ព័ន្ធ និងមន្រ្តីបច្ចេកទេសពាក់ព័ន្ធនានា នៅសាលប្រជុំមជ្ឈមណ្ឌលជាតិហ្វឹកហ្វឺនកីឡា ក្នុងបរិវេណពហុកីឡដ្ឋានជាតិ។
មុនឈានចូលដល់កិច្ចពិនិត្យពិភាក្សា លោក ហួត សេងទ្រី ប្រធាននាយកដ្ឋានរៀបចំព្រឹត្តិការណ៍ និងស្ថិតិកីឡាបានធ្វើបទបង្ហាញស្តីពីវឌ្ឍនភាព និងផែនការការងារ ត្រៀមរៀបចំប្រកួតកីឡាជាតិលើកទី៤ និងកីឡាជាតិជនពិការលើកទី២ ជូនដល់ អង្គពិធីទាំងមូល។
ឯកឧត្តម វ៉ាត់ ចំរើន រដ្ឋលេខាធិការ ក្រសួងអប់រំ យុវជន និងកីឡា មានប្រសាសន៍ថា ដើម្បីឱ្យកម្មវិធីប្រព្រឹត្តទៅប្រកបដោយភាពរលូនតាមការគ្រោងទុក ស្នើក្រុមការងារពាក់ព័ន្ធ បន្ថែមការយកចិត្តទុកដាក់លើការរៀបចំពិធីបើកឱ្យមានលក្ខណៈអធិកអធម រៀបចំឱ្យបានរួចរាល់នូវក្រុមអ្នកស្ម័គ្រចិត្តជួយគាំទ្រ ក៏ដូចជាក្រុមចុះទៅពិនិត្យសណ្ឋាគារ ម្ហូបអាហារ និងវិន័យ ធានាឱ្យបាននូវការអនុវត្តស្របតាមស្តង់ដាត្រឹមត្រូវ ជៀសវាងជួបប្រទះនូវបញ្ហាផ្សេងៗ។ បន្ថែមពីនេះ ឯកឧត្តមវ៉ាត់ ចំរើន ស្នើឱ្យក្រុមការងារផ្សព្វផ្សាយរៀបចំឱ្យបានល្អ និងទូលំទូលាយ ធានាឱ្យបាននូវសន្តិសុខ និងសណ្តាប់ធ្នាប់ល្អ ទាំងការរៀបចំទូទៅ និងក្នុងអំឡុងពេលកម្មវិធី។
ពិធីបើកព្រឹត្តិការណ៍កីឡាជាតិ និងកីឡាជាតិជនពិការ ឆ្នាំ២០២៤នេះ នឹងធ្វើឡើងក្រោមប្រធានបទ “កីឡាជាតិដើម្បីព្រែកជីកហ្វូណនតេជោ”។ ក្នុងកម្មវិធីកីឡាជាតិលើកទី៤ នេះផងដែរបានកំណត់យកប្រភេទកីឡាចំនួន៣៦ លើ ៣២៨វិញ្ញាសា និងកីឡាជាតិជនពិការបានកំណត់យកចំនួន ១៣ប្រភេទកីឡា លើ ៥៥វិញ្ញាសា និងមានការចូលរួមចុះឈ្មោះប្រកួតពី២៥រាជធានី-ខេត្ត និងក្រសួងចំនួន០៣ ក្នុងនោះមាន ក្រសួងមហាផ្ទៃ ក្រសួងការពារជាតិ និងក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ។
សូមបញ្ជាក់ថា៖ ព្រឹត្តិការណ៍កីឡាជាតិលើកទី៤ និងកីឡាជាតិជនពិការលើកទី២ នឹងប្រព្រឹត្តទៅចាប់ពីថ្ងៃទី២៩ ខែតុលា ដល់ថ្ងៃទី០៨ ខែវិច្ឆិកា ឆ្នាំ២០២៤។ ពិធីបើកជាផ្លូវការ នឹងធ្វើឡើងនៅថ្ងៃទី៣០ ខែតុលា ឆ្នាំ២០២៤ នៅពហុកីឡដ្ឋានជាតិអូឡាំពិក ចាប់ពីម៉ោង ៦ល្ងាចក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា។ ដោយឡែក ពិធីបិទផ្លូវការនឹងធ្វើឡើងនៅថ្ងៃទី៨ ខែវិច្ឆិកា នៅពហុកីឡដ្ឋានជាតិអូឡាំពិក ក្រោមអធិបតីភាព ឯកឧត្តមបណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងអប់រំ យុវជន និងកីឡា តំណាងដ៏ខ្ពង់ខ្ពស់ សម្តេចមហាបវរធិបតី នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា៕