អាមេរិក សរសើរមជ្ឈមណ្ឌលជាតិ និងកងកម្លាំងមួកខៀវកម្ពុជា ដែលមានជំនាញច្បាស់លាស់ និងទទួលបានជោគជ័យយ៉ាងធំធេង ក្នុងតំបន់បេសកកម្ម លើជំនាញជាច្រើន
ភ្នំពេញ៖ ឯកឧត្តម នាយឧត្តមសេនីយ៍ សែម សុវណ្ណនី អនុប្រធានទី១គណៈកម្មាធិការជាតិនិងជាអគ្គនាយកមជ្ឈមណ្ឌលជាតិរក្សាសន្តិភាព នៅព្រឹកថ្ងៃទី១៩ ខែកញ្ញា ឆ្នាំ២០២៤ បានអនុញ្ញាតឱ្យ ឧត្តមសេនីយ៍ទោ ធីមូធី ជេ ឌូនែលឡេន នាយសេនាធិការ និងជាមេបញ្ជាការនៃកងឆ្មាំជាតិប្រចាំរដ្ឋអាយដាហូ សហរដ្ឋអាមេរិក និងប្រតិភូ ចូលជួបពិភាក្សាការងារ។
ក្នុងជំនួបនេះ ឯកឧត្តម នាយឧត្តមសេនីយ៍ នាំមកនូវការផ្តាំផ្ញើសួរសុខទុក្ខ ពីសំណាក់ឯកឧត្តម ឧបនាយករដ្ឋមន្ត្រី ទៀ សីហា រដ្ឋមន្ត្រីក្រសួងការពារជាតនៃព្រះរាជាណាចក្រកម្ពុជា និងទទួលស្វាគមន៍យ៉ាងកក់ក្តៅចំពោះឧត្តមសេនីយទោ និងប្រតិភូ។ ជាមួយគ្នា ឯកឧត្តមបានអរគុណដល់ ក្រសួងការពារជាតិអាមេរិក តែងតែសហការល្អជាមួយកងទ័ពកម្ពុជា ជាពិសេសកងកម្លាំងរក្សាសន្តិភាពកម្ពុជា។
ក្នុងជំនួបនេះ ឯកឧត្តម សែម សុវណ្ណនី អនុញ្ញាតឱ្យលោកជំទាវ ឧត្តមសេនីយទោ កុសល ម៉ាលីនដា ធ្វើបទបង្ហាញ អំពីវឌ្ឍនៈភាព នៃកងទ័ពមួកខៀវកម្ពុជា ក្នុងបេសកកម្មអង្គការសហប្រជាជាតិនៅប្រទេសចំនួន១០ លើ១២បេសកកម្ម។
ក្រោយពីទទួលបានទស្សនានូវបទបង្ហាញ របស់មជ្ឈមណ្ឌលជាតិរក្សាសន្តិភាព ឧត្តមសេនីយ៍ទោ ធីមូធី បានកោតសរសើរដល់មជ្ឈមណ្ឌលជាតិ និងកងកម្លាំងមួកខៀវកម្ពុជា ដែលមានជំនាញច្បាស់លាស់និងទទួលបានជោគជ័យយ៉ាងធំធេងនៅក្នុងតំបន់បេសកកម្ម លើជំនាញបោសសម្អាតមីន កម្ទេចគ្រាប់ វិស្វកម្ម ពេទ្យកម្រិត២ ពេទ្យកម្រិត១និងកងកម្លាំងរាជអាវុធហត្ថផងដែរ ជាពិសេសកម្ពុជាមានមេបញ្ជាការកងអនុសេនាធំ ជានារីផងដែរ៕