ក្រសួងបរិស្ថាន៖ សមាគមកសិករដើម្បីអភិវឌ្ឍជីវភាពអនុវត្តនូវ ៥ចំណុចនេះ ជួយជំរុញឱ្យកម្ពុជាស្អាត គ្មានសំរាមប្លាស្ទិកនៅតាមដងផ្លូវសាធារណៈ
ភ្នំពេញ៖ នៅទីស្តីការក្រសួងបរិស្ថាន នារសៀលថ្ងៃទី១៩ ខែកញ្ញា ឆ្នាំ២០២៤ ឯកឧត្តមបណ្ឌិត អ៊ាង សុផល្លែត រដ្ឋមន្រ្តីក្រសួងបរិស្ថាន បានអនុញ្ញាតឱ្យលោក ស៊ុម ម៉ាណែត ប្រធានសមាគមកសិករដើម្បីអភិវឌ្ឍជីវភាព និងក្រុមការងារចូលជួបសម្តែងការគួរសម និងទទួលយកអនុសាសន៍ណែនាំពីឯកឧត្តមរដ្ឋមន្រ្តី ដើម្បីរួមចំណែកក្នុងការលើកកម្ពស់ចំណេះដឹងបរិស្ថានជូនប្រជាពលរដ្ឋកម្ពុជា។
ស្របជាមួយគ្នានេះ ឯកឧត្តមរដ្ឋមន្រ្តីបានណែនាំនូវ៥ចំណុច ដែលជាទិសដៅអាទិភាព និងជួយជំរុញឱ្យការងារផ្សព្វផ្សាយកាន់តែមានប្រសិទ្ធភាព និងប្រសិទ្ធផល ក្នុងនោះរួមមាន៖
១. ការចូលរួមដាំដើមត្នោត ជាង ១លានដើម ដើម្បីពង្រីកវិសាលភាពបៃតង និងបណ្តុះពន្លកបៃតងក្នុងចំណោមអ្នកជំនាន់ក្រោយ។
២. ជួយផ្សព្វផ្សាយនូវភាពស្អាតរបស់កម្ពុជា គឺរួមចំណែកសម្អាតនៅតាមផ្លូវជាតិឱ្យបានស្អាត ដើម្បីកម្ពុជាស្អាត គ្មានសំរាម និងសំណល់ប្លាស្ទិក ក្នុងនោះក្រសួងបរិស្ថាននឹងរួមចំណែកជួយជាសម្ភារៈដូចជាម៉ូតូកង់៣ និងឡានដើម្បីចុះសំអាតសំរាមប្លាស្ទិកនៅតាមផ្លូវក្នុងស្រុកឱ្យបានស្អាត។
៣. សហការជាមួយអង្គការ STEM និងសិក្សាស្វែងយល់អំពីបច្ចេកវិទ្យាថ្មីៗ ដែលរកឃើញដោយសិស្សានុ សិស្សអំពីរបៀបកែច្នៃគ្រឿងយន្តចាប់សំរាម និងចែករំលែកនូវចំណេះដឹងទាំងនេះ ទៅដល់ប្រជាសហគមន៍។
៤. រៀបចំការិយាល័យសម្រាប់ក្រុមការងារនៃសមាគមកសិករដើម្បីអភិវឌ្ឍជីវភាពឱ្យមានទីតាំង និងកន្លែងធ្វើការងារបានសមរម្យ។
៥. ជួយសម្របសម្រួល និងកៀរគរថវិកា ដើម្បីការអនុវត្តគម្រោងការងារដោយតម្លាភាព និងចីរភាពនៃគម្រោង ៕