រដ្ឋបាលខេត្តកណ្តាល រៀបចំវគ្គបណ្តុះបណ្តាលរំលឹកឡើងវិញ ស្តីពីការអនុវត្តការងារគណនេយ្យភាពសង្គម នៅកម្រិតឃុំ-សង្កាត់
ភ្នំពេញ៖ រដ្ឋបាលខេត្តកណ្តាល បានរៀបចំវគ្គបណ្តុះបណ្តាលរំលឹកឡើងវិញ ស្តីពីការអនុវត្តការងារគណនេយ្យភាពសង្គម នៅកម្រិតឃុំ-សង្កាត់ នៅព្រឹកថ្ងៃទី២០ ខែកញ្ញា ឆ្នាំ២០២៤ នៅសាលប្រជុំសាលាកណ្តាល ក្រោមអធិបតីភាពលោក ប្រាក់ សារ៉ាត អភិបាលរងខេត្តកណ្ដាល ដោយវគ្គបណ្តុះបណ្តាលនេះដែរមានការចូលរួមពីលោក-លោកស្រី ក្រុមការងារគណនេយ្យភាពសង្គមថ្នាក់ខេត្ត មន្ត្រីបង្គោលគណនេយ្យភាពសង្គម ក្រុង-ស្រុក ការិយាល័យផែនការនិងគាំទ្រឃុំ-សង្កាត់ ថ្នាក់ក្រុង-ស្រុក ការិយាល័យអប់រំ យុវជន និងកីឡា ក្រុង-ស្រុក ការិយាល័យសុខាភិបាលស្រុកប្រតិបត្តិផងដែរ។
លោក ប្រាក់ សារ៉ាត អភិបាលរងខេត្ត បានលើកឡើងថា វគ្គបណ្តុះបណ្តាលនេះមានសារៈសំខាន់ណាស់ ពីការអនុវត្តការងារគណនេយ្យភាពសង្គម នៅក្នុងខេត្តកណ្តាល គ្រប់ឃុំ-សង្កាត់ និងក្រុង-ស្រុក លើចំណុចមួយចំនួនដែលរដ្ឋបាលឃុំ-សង្កាត់ និងរដ្ឋបាលក្រុង-ស្រុក ដែលបានអនុវត្តជាចំណុចលិចធ្លោគួរឱ្យកត់សំគាល់ នោះគឺការរៀបចំឱ្យមានជាក្តាបញ្ជារព័ត៌មានការវិភាជន៍ថវិកា ក្នុងការគាំទ្រគឺមានគ្រប់កម្រិតថ្នាក់ រួមមានថ្នាក់ខេត្ត ថ្នាក់ក្រុង-ស្រុក ថ្នាក់ឃុំ-សង្កាត់ អង្គភាពផ្តល់សេវា សាលារៀន មណ្ឌលសុខភាព រួមទាំងអង្គការដៃគូ ការបង្កើតឱ្យមានជាគណៈកម្មាធិការ JAAP (ផែនការសកម្មភាពរួមស្តីពីការងារគណនេយ្យភាពសង្គម) និងការផ្តល់កិច្ចសហការ ជាមួយភាគីពាក់ព័ន្ធ បានល្អប្រសើរ ព្រមទាំងឆន្ទៈ ការតាំងចិត្ត របស់ប្រធានអង្គភាពនីមួយៗ សុទ្ធតែប្តេជ្ញាចិត្តអនុវត្តការងារឱ្យបានល្អប្រសើរ មន្ត្រីរបស់យើងទាំងអស់ដែលអនុវត្តការងារទាំងនេះ គឺសុទ្ធតែមានសមត្ថភាព និងមាន ឆន្ទៈចូលរួមក្នុងការអនុវត្ត។
លោកអភិបាលរងខេត្ត បានស្នើដល់សិក្ខាកាមទាំងអស់ ត្រូវយកចិត្តទុកដាក់ស្ដាប់ ការធ្វើបទបង្ហាញលើប្រធានបទនីមួយៗ ដើម្បីស្វែងយល់ និងជជែកពិភាក្សាគ្នាអំពីចំណុចនីមួយៗ ឱ្យបានច្បាស់លាស់ ជៀសវាងការអនុវត្តទៅខុសទៅនឹងនីតិវិធីដែលបានណែនាំ។
លោកអភិបាលរងខេត្ត បានគូបញ្ជាក់ថា គោលបំណងក្នុងវគ្គបណ្តុះបណ្តាលនេះគឺដើម្បីបង្កើនសមត្ថភាពបន្ថែម ជូនដល់គ្រូបង្គោលថ្នាក់ក្រុង-ស្រុក ស្តីពីការអនុវត្តការងារគណនេយ្យភាពសង្គម នៅកម្រិតឃុំ-សង្កាត់ ក្នុងការបណ្តុះបណ្តាលបន្តជូនដល់អង្គភាពផ្តល់សេវានៅថ្នាក់ឃុំ-សង្កាត់ (សាលាឃុំ-សង្កាត់ មណ្ឌលសុខភាព និងសាលាបឋមសិក្សា)គិតមកដល់បច្ចុប្បន្ន អង្គភាពផ្តល់សេវា នៅក្នុងខេត្តកណ្តាល មានសរុបចំនួន ៦១៣អង្គភាព ដែលក្នុងនោះ៖ចំនួនឃុំ-សង្កាត់១២៧ ចំនួនមណ្ឌលសុខភាព១០៨ ចំនួនសាលាបឋមសិក្សា៣៦៥ និងចំនួនក្រុង-ស្រុកទាំង១៣ ៕