សម្តេចមហារដ្ឋសភាធិការធិបតី ឃួន សុដារី នឹងដឹកនាំគណៈប្រតិភូជាន់ខ្ពស់រដ្ឋសភា ទៅបំពេញទស្សនកិច្ចផ្លូវការ និងមិត្តភាពនៅចិន ចាប់ពីថ្ងៃ ទី២២-២៦ ខែកញ្ញា
ភ្នំពេញ៖ សម្តេចមហារដ្ឋសភាធិការធិបតី ឃួន សុដារី ប្រធានរដ្ឋសភានៃព្រះរាជាណាចក្រកម្ពុជា នឹងដឹកនាំគណៈប្រតិភូជាន់ខ្ពស់រដ្ឋសភា ទៅបំពេញទស្សនកិច្ចផ្លូវការ និងមិត្តភាពនៅសាធារណរដ្ឋប្រជាមានិតចិន ចាប់ពីថ្ងៃ ទី២២ ដល់ថ្ងៃទី២៦ ខែកញ្ញា ឆ្នាំ២០២៤ តបតាមការអញ្ជើញ របស់ឯកឧត្តម ចាវ ឡឺជី (Zhao Leji) ប្រធានគណៈកម្មាធិការអចិន្ត្រៃយ៍នៃសភា តំណាងប្រជាជនចិនទូទាំងប្រទេស នៃសាធារណរដ្ឋប្រជាមានិតចិន។
ដំណើរទស្សនកិច្ចនេះ ធ្វើឡើងក្នុងគោលបំណងពង្រឹងពង្រីកកិច្ចសហប្រតិបត្តិការសភានៃប្រទេសទាំង ពីរឱ្យកាន់តែរឹងមាំ ស៊ីជម្រៅនិងគ្រប់ ជ្រុងជ្រោយឡើងទាំងក្នុងក្របខណ្ឌទ្វេភាគីនិងពហុភាគី ស្របតាម ស្មារតីនៃ ចំណងមិត្តភាពនិងមេត្រីភាពជាប្រពៃណី មិត្តភាពដែកថែប និងកិច្ចសហប្រតិបត្តិការភាពជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុង ជ្រោយដោយ យកប្រជាជនជាស្នូល សំដៅនាំមកនូវផលប្រយោជន៍កាន់ តែច្រើនជូន ប្រទេសជាតិនិងប្រជាជនទាំងពីរ៕