ឯកឧត្តម ហ៊ុន ម៉ានី អញ្ជើញប្រកាសប្រធានក្រុមការងារគណបក្សចុះមូលដ្ឋានស្រុកឱរ៉ាល់ ខេត្តកំពង់ស្ពឺ
ភ្នំពេញ៖ នាព្រឹកថ្ងៃទី២១ ខែកញ្ញា ឆ្នាំ២០២៤ ឯកឧត្តម ហ៊ុន ម៉ានី សមាជិកគណៈអចិន្រ្តៃយ៍គណៈកម្មាធិការកណ្តាល និងជាប្រធានក្រុមការងារគណបក្សប្រជាជនកម្ពុជាចុះជួយខេត្តកំពង់ស្ពឺ បានអញ្ជើញប្រកាសប្រធានក្រុមការងារគណបក្សចុះមូលដ្ឋានស្រុកឱរ៉ាល់ ខេត្តកំពង់ស្ពឺ នៅទីស្នាក់ការគណបក្សស្រុក។
ពិធីនេះក៏មានការអញ្ជើញចូលរួមពី ឯកឧត្តម ប៊ិន ត្រឈៃ សមាជិកគណៈកម្មាធិការកណ្តាល និងជាប្រធានក្រុមការងារគណបក្សចុះមូលដ្ឋានស្រុកឱរ៉ាល់ ខេត្តកំពង់ស្ពឺ ឯកឧត្តម លោកជំទាវ អនុប្រធាន សមាជិក សមាជិកា ក្រុមការងារចុះមូលដ្ឋានខេត្ត ថ្នាក់ដឹកនាំគណៈកម្មាធិការគណបក្សគ្រប់ជាន់ថ្នាក់ ព្រមទាំងសមាជិក សមាជិកាគណបក្សសរុប ១៥០នាក់។
មានមតិសំណេះសំណាលទៅកាន់អង្គពិធី ឯកឧត្តម ហ៊ុន ម៉ានី បានធ្វើការថ្លែងអំណរគុណ និងកោតសរសើរក្រុមការងារគណបក្សស្រុកឱរ៉ាល់ទាំងអស់ ចំពោះកិច្ចខិតខំប្រឹងប្រែង ក្នុងការនាំយកជ័យជំនះជូនគណបក្ស។
ឯកឧត្តមបានគូសបញ្ជាក់ថា ការបោះឆ្នោតជ្រើសតាំងតំណាងរាស្រ្ត កាលពីថ្ងៃទី ២៣ ខែកក្កដា ឆ្នាំ ២០២៣ កន្លងទៅ មានប្រជាពលរដ្ឋបោះឆ្នោតជូនគណបក្សប្រជាជនកម្ពុជារហូតដល់ ៨២% ដែលលទ្ធផលនៃការបោះឆ្នោតនេះ បានបង្ហាញអំពីជំនឿទុកចិត្តរបស់ប្រជាជនមកលើគណបក្សប្រជាជនកម្ពុជា ក៏ដូចជាការផ្តល់ឱកាសជូន សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ក្នុងការបន្តវេនដឹកនាំ ជារាជរដ្ឋាភិបាល នីតិកាលទី៧។
ជាមួយគ្នានោះ ឯកឧត្តមបានជម្រាបជូនអង្គពិធី នូវស្ថានភាពនយោបាយ និងការវិវត្តថ្មីៗផងដែរ ដើម្បីផ្តល់ជាធាតុចូលសម្រាប់មន្រ្តីគណបក្សនៅមូលដ្ឋានក្នុងការអនុវត្តការងារជូនគណបក្ស។
ឯកឧត្តម ហ៊ុន ម៉ានី ក៏បានផ្តាំផ្ញើឲ្យក្រុមការងារគណបក្ស និងគណៈកម្មាធិការគណបក្សគ្រប់ជាន់ថ្នាក់ត្រូវបន្តសហការគ្នាឲ្យបានស្អិតរមួត ត្រូវពង្រឹងសាមគ្គីភាពផ្ទៃក្នុង និងពង្រីកសមាជិកគណបក្ស ឆ្ពោះទៅរកជ័យជំនះជាបន្តបន្ទាប់ក្នុងការបោះឆ្នោតខាងមុខតទៅទៀត។ ជាពិសេស ឯកឧត្តមបានណែនាំដល់ក្រុមការងារឱ្យបន្តយកចិត្តទុកដាក់ក្នុងការតាមដានការងារនយោបាយ សតិអារម្មណ៍សមាជិកបក្ស និងប្រជាពលរដ្ឋក្នុងមូលដ្ឋាន។
ក្នុងឱកាសនេះ ឯកឧត្តម ហ៊ុន ម៉ានី ក៏សូមចូលរួមអបអរសាទរ ឯកឧត្តម ប៊ិន ត្រឈៃ ដែលត្រូវបានគណបក្ស ផ្តល់សេចក្តីទុកចិត្តប្រគល់ភារកិច្ចជាប្រធានក្រុមការងារគណបក្សចុះមូលដ្ឋានស្រុកឱរ៉ាល់ ៕