រដ្ឋមន្រ្តីក្រសួងទេសចរណ៍ អនុញ្ញាតឲ្យក្រុមការងារ CAM-DMC (Cambodia Destination Management Companies) មកពី ១៨ ក្រុមហ៊ុនទេសចរណ៍ ចូលជួបពិភាក្សាការងារ
ភ្នំពេញ៖ នៅព្រឹកថ្ងៃសៅរ៍ ទី២១ ខែកញ្ញា ឆ្នាំ២០២៤ ឯកឧត្តម ហួត ហាក់ រដ្ឋមន្រ្តីក្រសួងទេសចរណ៍ បានអនុញ្ញាតឲ្យក្រុមការងារ CAM-DMC (Cambodia Destination Management Companies) ចូលជួបពិភាក្សាការងារនិងរាយការណ៍អំពីសកម្មភាពការងារ បញ្ហាប្រឈម និងសំណូមពររបស់ក្រុមការងារ។
ក្នុងឱកាសនោះ បន្ទាប់ពីបានស្តាប់នូវការលើកឡើងរបស់ក្រុមការងារដោយយកចិត្តទុកដាក់ ឯកឧត្តមរដ្ឋមន្រ្តី បានកោតសរសើរ និងវាយតម្លៃខ្ពស់លើគំនិតផ្តួចផ្តើម ការប្តេជ្ញា និងការចូលរួមចំណែករបស់ក្រុមការងារក្នុងការជួយជម្រុញវិស័យទេសចរណ៍កន្លងមក និងសង្ឃឹមជឿជាក់ថា ក្រុមការងារនឹងបន្តចូលរួមចំណែកគាំទ្រ និងអភិវឌ្ឍវិស័យទេសចរបន្ថែមទៀត។
ជាមួយគ្នានេះដែរ រាល់ធាតុចូល, បញ្ហាប្រឈម, សំណូមពរដែលលើកឡើងនៅក្នុងកិច្ចពិភាក្សានាពេលនេះ ឯកឧត្តមរដ្ឋមន្រ្តី នឹងយកទៅពិភាក្សាលម្អិតបន្ថែម ក្នុងក្របខណ្ឌក្រសួង, អន្តរក្រសួង, ក្រុមការងារផ្នែកទេសចរណ៍ ក្នុងក្របខណ្ឌវេទិការាជរដ្ឋាភិបាល-ផ្នែកឯកជន ដើម្បីធ្វើការឆ្លើយតបឱ្យមានប្រសិទ្ធភាព ប្រសិទ្ធផល និងទាន់ពេលវេលា ៕