សម្តេចតេជោ៖ យើងមិនបានអនុញ្ញាតិឲ្យជនបរទេសយកជនជាតិគេមកធ្វើការជំនួសកម្មករខ្មែរទេ លើកលែងតែអ្នកទទួលខុសត្រូវ និងអ្នកបច្ចេកទេសមួយចំនួនដែលមានការអនុញ្ញាតិពីក្រសួងការងារ
ភ្នំពេញ៖ សម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភាកម្ពុជាបានលើកឡើងថា យើងមិនបានអនុញ្ញាតិឲ្យជនបរទេសយកជនជាតិ គេមកធ្វើការជំនួសកម្មករខ្មែរទេ លើកលែងតែអ្នកទទួលខុសត្រូវ និងអ្នក បច្ចេកទេសមួយចំនួនដែលមានការអនុញ្ញាតិពីក្រសួងការងារ។
ខាងក្រោមជាខ្លឹមសារទាំងស្រុង ដែលសម្តេចតេជោ ហ៊ុន សែន Comment លើបណ្តាញសង្គម នៅរាត្រីថ្ងៃទី២២ ខែកញ្ញា ឆ្នាំ២០២៤៖
សូមកុំទៅហួសជ្រុលរំលោភលើច្បាប់អន្តរជាតិ ដែលគាំពារដោយ អង្គការពាណិជ្ជកម្មពិភពលោក និងតុលាការអន្តរជាតិ។ ច្បាប់វិនិយោគរបស់កម្ពុជាធានា ដល់ការវិនិយោគដោយគ្មានការរើសអើង។ កិច្ចព្រមព្រៀងវិយោគ រវាងកម្ពុជាជាមួយប្រទេសនានា ត្រូវបានផ្តល់សច្ចាបន័ដោយរដ្ឋសភាដែលសុទ្ធតែតម្រូវឲ្យប្រើប្រាស់តុលាការអន្តរជាតិក្នុង ករណីមានវិវាទ។
យើងមិនត្រូវក្លាយជាប្រទេសដែលមិនគោរពច្បាប់អន្តរជាតិទាក់ទង និងវិស័យសេដ្ឋកិច្ច ពាណិជ្ជកម្មនិងការវិយោគនោះ ឡើយ។ លោកលើកឡើងប្រវត្តិឆ្នាំ១៦២៣ ជំនាន់ព្រះជ័យជេដ្ឋាទី២ តែពេលនេះឆ្នាំ២០២៤ ដែលមានច្បាប់ជាតិ និងអន្តរជាតិទាំង UN & WTO។
យើងមិនបានអនុញ្ញាតិឲ្យជនបរទេសយកជនជាតិ គេមកធ្វើការជំនួសកម្មករខ្មែរទេ លើកលែងតែអ្នកទទួលខុសត្រូវ និងអ្នក បច្ចេកទេសមួយចំនួនដែលមានការអនុញ្ញាតិពីក្រសួងការងារ។ ការវិយោគរបស់វៀតណាម មកកម្ពុជាក៏បានរួមចំណែកដល់ កំណើនសេដ្ឋកិច្ចកម្ពុជាដែលជួយឲ្យយើងមានផលិតផលនាំចេញ ទទួលបានប្រាក់ចំណូល និងដោះស្រាយការងារធ្វើឲ្យប្រជាជនយើង ជួយដល់បច្ចេកវិជ្ជាព័ត៌មានតាមរយៈវិយោគធំជាងគេ លើប្រពន្ធ័ទូរសព្វ័០៩៧ ឬហៅថាវៀតតែល។ ការវិនិយោគលើវិស័យកសិកម្ម ឧស្សាហកម្មកែឆ្នៃ ធនាគារ មន្ទីរពេទ្យបានរួមចំណែកធ្វើឲ្យកំណើនសេដ្ឋកិច្ចកម្ពុជា កើនយ៉ាងឆាប់រហ័សក្នុងរយៈ២០ឆ្នាំចុងក្រោយនេះ។
ប្រសិនយើងបញ្ឈប់ការវិនិយោគរបស់វៀតណាម យើងត្រូវរកលុយរាប់ពាន់លានដុល្លារ សងទៅវៀតណាមតាមតុលាការអន្តរជាតិ តម្រូវឲ្យសងព្រោះយើងជាអ្នករំលោភលើកិច្ចព្រមព្រៀង។ ជាមួយគ្នានេះយើងត្រូវត្រៀមបាត់បង់ការងារធ្វើបាត់បង់ប្រាក់ ចំណូលសម្រាប់អ្នកធ្វើការរាប់មុឺននាក់ដែលកំពុងធ្វើការក្នុងក្រុមហ៊ុនដែលវិយោគដោយវៀតណាម។
បើទោះ CLV-DTA ត្រូវបានលុបចោលតែយើងមិនបានផ្តាច់ទំនាក់ការទូតជាមួយវៀតណាម ឬឡាវទេ។ កិច្ចសហការទ្វេភាគីនិង ពហុភាគីនៅតែបន្តដែលនេះជា តម្រូវការរបស់ប្រទេសដែលមានព្រំដែនជាមួយគ្នាដែលត្រូវកសាងខ្សែព្រំដែនមួយប្រកបដោយសន្តិភាពមិត្តភាពសហប្រត្តិការនិងការអភិវឌ្ឍ។ ជម្លោះប្រដាប់អាវុធតាមព្រំដែនមិនត្រូវឲ្យកើតមានទេត្រូវខិតខំ ដោះស្រាយបញ្ហាទាំងអស់ដោយសន្តិវិធី។
បទពិសោធន៍ដែលថៃ លើកកងទ័ពចូលប្រាសាទព្រះវិហារ ឆ្នាំ២០០៨ និងការវាយគ្នាតាំងពីឆ្នាំ២០០៨ ដល់ឆ្នាំ២០១១ ផ្តល់មេរៀនគ្រប់គ្រាន់ឲ្យកម្ពុជានិង ថៃចេះរួមរស់ជាមួយគ្នាដោយឈលើស្ថានភាពឈ្នះ ឈ្នះប្រសើរជាងឈលើស្ថានភាពចាញ់ ចាញ់។ ថ្ងៃនេះខ្ញុំក៏ឃើញពួកជ្រុលនិយមលើកពីCLMVដែលចង់ឲ្យកម្ពុជាដកខ្លួនចេញទៀត។ខ្ញុំពិតជាមានការអៀនខ្មាសណាស់នៅពេលឃើញជនជាតិខ្មែរមួយចំនួនល្ងង់បែបនេះ។
រឿងកម្ពុជា ឡាវ ម៉ៃយ៉ាន់ម៉ា វៀតណាមឬហៅកាត់ថាCLMVបានកើតឡើងនៅឆ្នាំ ២០០០ពេលសឹង្ហបុរីជាប្រធានអាស៊ា ដែលបានដាក់ចេញសហរណ្ណកម្មកាត់បន្ថយ គម្លាតអាស៊ានដែលអាស៊ានចាស់៦ដែលជាប្រទេសជឿនលឿនមានឥណ្ឌូណេស្រុី ម៉ាឡេសុី ប្រុយណេ ថៃ ហ្វីលីពីន សឹង្ហបុរីរកវិធីជួយប្រទេសអាស៊ានថ្មី៤ដែលក្រីក្រដែលនៅតាមដងទន្លេមេគង្គជាមួយគ្នាមានកម្ពុជា ឡាវ ម៉ៃយ៉ានម៉ា វៀតណាម។ប្រទេសដៃគូរអាស៊ានក៏បានចូលរួមដូចជាចិន ឡាងឆាង មេគង្គ ជប៉ុនមេគង្គ កូរ៉េមេគង្គ អាមេរិក មេគង្គ។ល។ បកត្រឡប់មកវិញត្រូវគោរពច្បាប់វិនិយោគ ការពារការវិនិយោគគ្រប់ជាតិសាសន៍ទាំងអស់ដោយគ្មានការរើសអើង គោរពច្បាប់អន្តរជាតិ និងវិធាននៃអង្គការពាណិជ្ជកម្មពិភពលោក។ សហការជាមួយប្រទេសជិតខាង ជាមួយប្រទេសក្នុងតំបន់និងពិភពលោកដើម្បីការរីកចំរើនរបស់កម្ពុជានិងសន្តិភាពក្នុងតំបន់៕