កម្ពុជាដាក់តាំងបង្ហាញផលិតផល ក្នុងពិព័រណ៍ចិន-អាស៊ានលើកទី២១ នៅតំបន់ស្វយ័តក្វាងស៊ី ប្រទេសចិន
ភ្នំពេញ៖ កាលពីថ្ងៃទី២២ ខែកញ្ញា ឆ្នាំ២០២៤ ឯកឧត្តម សំហេង បូរ៉ា រដ្ឋលេខាធិការក្រសួងពាណិជ្ជកម្ម អនុប្រធានគណៈកម្មការរៀបចំ និងចូលរួមពិព័រណ៍ពិភពលោក និងពិព័រណ៍ពាណិជ្ជកម្មអន្តរជាតិ បានដឹកនាំក្រុមការងារបច្ចេកទេសចុះពិនិត្យមើលវឌ្ឍនភាពការងារនៃការរៀបចំ និងចូលរួមពិព័រណ៍ចិន-អាស៊ានលើកទី២១ នៅមជ្ឈមណ្ឌលតាំងពិព័រណ៍ និងសន្និសីទក្រុងណាននីង តំបន់ស្វយ័តក្វាងស៊ី សាធារណរដ្ឋប្រជាមានិតចិន។
ក្នុងឱកាសនោះ ឯកឧត្តមរដ្ឋលេខាធិការ និងក្រុមការងារបានចុះពិនិត្យមើលទីតាំងជាក់ស្តែងនៃសំណង់ពន្លាជាតិកម្ពុជាមានទំហំ ១៦០ម៉ែត្រក្រឡា ដោយជ្រើសរើសយកខេត្តសៀមរាប ជាទីក្រុងស្រស់ប្រិមប្រិយដើម្បីផ្សព្វផ្សាយក្នុងព្រឹត្តិការណ៍នេះ និងបានបន្តដំណើរទៅពិនិត្យមើលទីតាំងស្តង់ពាណិជ្ជកម្មកម្ពុជានៅតំបន់ D ផងដែរ។
សូមជម្រាបជូនផងដែរថា ពិព័រណ៍ចិន-អាស៊ាន លើកទី២១ នឹងប្រព្រឹត្តទៅចាប់ពីថ្ងៃទី២៤-២៨ ខែកញ្ញា ឆ្នាំ២០២៤ ក្រោមមូលបទ “លើកកម្ពស់មិត្តភាពស្មោះត្រង់ រួមគ្នាអភិវឌ្ឍន៍ និងចែករំលែកផលប្រយោជន៍ប្រកបដោយបរិយាប័ន្ន ក្នុងក្របខ័ណ្ឌសហប្រតិបត្តិការមកុដពេជ្រដើម្បីអនាគតថ្មី និងជំរុញការអភិវឌ្ឍតំបន់ពាណិជ្ជកម្មសេរី ៣.០ រវាងចិន និងអាស៊ាន ដើម្បីកំណើនក្នុងតំបន់”៕