អភិបាលរងខេត្តឧត្តរមានជ័យថ្មី បានប្ដេជ្ញាចិត្ត ៧ចំណុច ដើម្បីចូលរួមសហការ អនុវត្តគោលនយោបាយកំណែទម្រង់ដ៏ស៊ីជម្រៅ របស់រាជរដ្ឋាភិបាលកម្ពុជា
ភ្នំពេញ៖ ក្នុងឱកាសចូលកាន់តំណែងជា អភិបាលរងខេត្តឧត្តរមានជ័យថ្មី នាថ្ងៃទី២៣ កញ្ញានេះ លោក ស៊ឹម វុទ្ធា បានថ្លែងប្ដេជ្ញាចិត្តចំនួន ៧ចំណុច ដើម្បីឆ្លើយតបទៅនឹងសេចក្តីទុកចិត្តរបស់រាជរដ្ឋាភិបាល ពិសេសក្រសួងមហាផ្ទៃ និងការយកចិត្តទុកដាក់ ខ្ពស់របស់ឯកឧត្តមអភិបាល នៃគណៈអភិបាលខេត្ត និងក្រុមប្រឹក្សាខេត្តឧត្តរមានជ័យ ក្នុងការចូលរួមសហការ អនុវត្តគោលនយោបាយកំណែទម្រង់ ដ៏ស៊ីជម្រៅរបស់រាជរដ្ឋាភិបាលកម្ពុជា ។
លោក ស៊ឹម វុទ្ធា អភិបាលរងខេត្តឧត្តរមានជ័យ បានមានប្រសាសន៍ថា លោកមានកិត្តិយស និងមានសេចក្តីរំភើបរីករាយបំផុត ដោយត្រូវបានរាជរដ្ឋាភិបាលកម្ពុជាផ្តល់នូវសេចក្តីទុកចិត្ត តែងតាំងរូបខ្ញុំជាអភិបាលរង នៃគណៈអភិបាលខេត្តឧត្តរ មានជ័យ តាមអនុក្រឹត្យលេខ ៩០២ អនក្រ.តត ចុះថ្ងៃទី៥ ខែកញ្ញា ឆ្នាំ២០២៤ របស់រាជរដ្ឋាភិបាលកម្ពុជា។
ឆ្លៀតក្នុងឱកាសនេះ លោកអភិបាលរងខេត្ត បានសំដែងនូវកតញ្ញូតាធម៌ដ៏ជ្រាលជ្រៅបំផុតចំពោះ រាជរដ្ឋាភិបាលកម្ពុជា ក្រោមការដឹកនាំដ៏ត្រឹមត្រូវ និងឈ្លាសវៃប្រកបដោយគិតបណ្ឌិតរបស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃកម្ពុជា និងដោយមានការជឿទុកចិត្ត វាយតម្លៃខ្ពស់ពីសំណាក់ ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ ព្រមទាំងថ្នាក់ដឹកនាំក្រសួងមហាផ្ទៃ និងថ្នាក់ដឹកនាំខេត្តឧត្តរមានជ័យ ដែលបានផ្តល់ទំនុកចិត្តលើរូបខ្ញុំ ក្នុងការប្រគល់មុខតំណែងជាអភិបាលរង នៃគណៈ អភិបាលខេត្តឧត្តរមានជ័យ ដើម្បីអនុញ្ញាតឲ្យខ្ញុំបាទ បានចូលរួមបំពេញមុខងារជាជំនួយការដឹកនាំជូនឯកឧត្តម អភិបាល នៃគណៈអភិបាលខេត្ត ក្រុមប្រឹក្សាខេត្ត ក៏ដូចជាការបំពេញភារកិច្ចបំរើជាតិ មាតុភូមិ និងប្រជាជនក្នុងខេត្តឧត្តរមានជ័យ។
លោកគូសបញ្ជាក់ថា ក្នុងរយៈពេលអនុវត្តការងារជាមន្ត្រីរាជការ ២៥ឆ្នាំកន្លងមកនេះ លោកមានប្រវត្តិការងារជាមន្ត្រីដឹកនាំនៅរដ្ឋបាលថ្នាក់ក្រោមជាតិផង និងនៅរដ្ឋបាលថ្នាក់ជាតិផង ដែលការអនុវត្តតួនាទី ភារកិច្ចទាំងនោះ ធ្វើឲ្យរូបលោក ទទួលបាននូវមេរៀន និងបទពិសោធន៍យ៉ាងច្រើនពីការងារនៅថ្នាក់រដ្ឋបាលទាំងពីរ រួមមានការអនុវត្តតួនាទីភារកិច្ច ជាអ្នកបច្ចេកទេសគ្រប់គ្រងរដ្ឋបាល ក្នុងក្រសួង-ស្ថានប័ន ជាសេនាធិការជូនរាជរដ្ឋាភិបាល និងការបំពេញមុខងារ ជាមន្ត្រីអាជ្ញាធរដែនដី ជាសេនាធិការជូនក្រសួងមហាផ្ទៃ ដែលសុទ្ធសឹងជាភារកិច្ចដែលមានទស្សនទានតែមួយក្នុង គោលដៅរួមនៃការអនុវត្តគោលនយោបាយ កម្មវិធីអភិបាលកិច្ចល្អ កំណែទម្រង់វិមជ្ឈការ និងវិសហវិមជ្ឈការ និង ជំរុញឱ្យមានការអភិវឌ្ឍនៅមូលដ្ឋានកាន់តែមានប្រសិទ្ធភាព ប្រសិទ្ធផល និងបរិយាប័ន្ន។
លោកបញ្ជាក់បន្តថា ប៉ុន្តែ ទោះបីជាលោក ធ្លាប់មានបទពិសោធន៍ការងារមួយចំនួនកន្លងមកក៏ពិតមែន ជាមួយនេះក៏លោកនៅតែបន្តខិតខំប្រឹងប្រែងបន្ថែម ទៀត នៅពេលដែលលោក បានទទួលនូវមុខដំណែងថ្មី ក្នុងទីកន្លែងថ្មី ពីព្រោះទំហំការងារ និងការទទួលខុសត្រូវ ក្នុងមុខនាទីនៅទីនេះ កាន់តែមានទំហំធំ និងប្រែប្រួលតាមកាលអាកាស និងបរិបទការងារថ្មី។ ទោះបីជាយ៉ាងណា ក៏ដោយ ដោយមានការទុកចិត្តពីរាជរដ្ឋាភិបាល ជាពិសេសថ្នាក់ដឹកនាំក្រសួងមហាផ្ទៃ ឯកឧត្តមប្រធានក្រុមប្រឹក្សា ខេត្ត ឯកឧត្តមអភិបាល នៃគណៈអភិបាលខេត្តឧត្តរមានជ័យ ដែលជាថ្នាក់ដឹកនាំដ៏មានគុណធម៌ សុភវិនិច្ឆ័យ ច្បាស់លាស់ ធ្វើឱ្យលោកបាទត្រូវតែហ៊ានតស៊ូលះបង់អ្វីៗគ្រប់បែបយ៉ាង ដើម្បីចូលរួមក្នុងបុព្វហេតុបម្រើជាតិមាតុភូមិ និងមូលដ្ឋានទឹកដីខេត្តឧត្តរមានជ័យដ៏ស្រស់បវរនេះក្រោមកិច្ចដឹកនាំដ៏ថ្លៃថ្លា និងប្រកបដោយគតិបណ្ឌិតរបស់ សម្តេច មហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា។
ដើម្បីឆ្លើយតបទៅនឹងសេចក្តីទុកចិត្តរបស់រាជរដ្ឋាភិបាល ពិសេសក្រសួងមហាផ្ទៃ និងការយកចិត្តទុកដាក់ ខ្ពស់របស់ឯកឧត្តមអភិបាល នៃគណៈអភិបាលខេត្ត និងក្រុមប្រឹក្សាខេត្តឧត្តរមានជ័យ ក្នុងការចូលរួមសហការ អនុវត្តគោលនយោបាយកំណែទម្រង់ដ៏ស៊ីជម្រៅរបស់រាជរដ្ឋាភិបាលកម្ពុជា នៅចំពោះមុខគណៈអធិបតី និងអង្គពិធីទាំងមូលនាពេលនេះ លោកបានធ្វើការប្តេជ្ញាចិត្តដូចតទៅ៖ ១. សូមស្មោះត្រង់ជានិច្ចចំពោះ ជាតិ សាសនា ព្រះមហាក្សត្រ និង រាជរដ្ឋាភិបាលនៃព្រះរាជាណាចក្រកម្ពុជា។ ២. សូមប្តេជ្ញា គោរពច្បាប់ និងរដ្ឋធម្មនុញ្ញ នៃព្រះរាជាណាចក្រកម្ពុជា។ ៣. សូមប្តេជ្ញា ចូលរួមថែរក្សាការពារអធិបតេយ្យ បូរណភាពទឹកដី នៃព្រះរាជាណាចក្រកម្ពុជា។ ៤. សូមប្តេជ្ញា អនុវត្តការងារ តួនាទី ភារកិច្ចតាមច្បាប់ស្តីពីការគ្រប់គ្រងរដ្ឋបាលថ្នាក់ក្រោមជាតិ រាជធានី ខេត្ត ក្រុង ស្រុក ខណ្ឌ។ ៥. សូមប្តេជ្ញា បំពេញតួនាទីភារកិច្ចដោយអនុលោមតាមគោលការណ៍ណែនាំ និងលិខិតបទដ្ឋាន គតិយុត្តិ ពាក់ព័ន្ធនានា របស់រាជរដ្ឋាភិបាលកម្ពុជា និងរបស់ក្រសួងមហាផ្ទៃ ក្រសួង ស្ថាប័នជំនាញ និងរដ្ឋបាល ខេត្តឧត្តរមានជ័យ ឱ្យមានប្រសិទ្ធភាពខ្ពស់។ ៦. សូមប្តេជ្ញា ចូលរួមពង្រឹងសាមគ្គីភាពផ្ទៃក្នុងល្អ នៅក្នុងជួរគណៈភិបាល និងថ្នាក់រដ្ឋបាលរបស់ខ្លួន ជាមួយគ្រប់មន្ទីរ អង្គភាពដែលមានការពាក់ព័ន្ធ និងរដ្ឋបាលថ្នាក់បន្ទាប់ឱ្យបានល្អប្រសើរ ដើម្បីសម្រេច បានជោគជ័យលើគ្រប់ភារកិច្ច ដែលគណៈអភិបាលខេត្ត និងក្រុមប្រឹក្សាខេត្តបានប្រគល់ជូន។ ៧. សូមប្តេជ្ញា លុបបំបាត់រាល់បាតុភាពអសកម្មនានាក្នុងការងារ ដែលធ្វើឲ្យប៉ះពាល់ ឬបង្កការថ្នាំងថ្នាក់ ដល់ប្រជាពលរដ្ឋ ដោយប្រកាន់ខ្ជាប់នូវអភិក្រមការងារទាំង៥ គឺ “ឆ្លុះកញ្ចក់ ងូតទឹក ដុសក្អែល ព្យាបាល និងវះកាត់” និងអនុវត្តឲ្យបានម៉ឺងម៉ាត់នូវខ្សែគណនេយ្យភាពការងារ មានសុចរិតភាព រក្សាការសម្ងាត់ផ្ទៃក្នុង និងមានសីលធម៌ការងារក្នុងវិជ្ជាជីវៈរដ្ឋបាលរបស់ខ្លួន ៕