សម្ដេចធិបតី ហ៊ុន ម៉ាណែត អញ្ជើញទទួលព្រះរាជដំណើរ ព្រះមហាក្សត្រ និងសម្ដេចម៉ែ យាងនិវត្តន៍ពីទីក្រុងប៉េកាំង ប្រទេសចិន
ភ្នំពេញ៖ នៅរសៀលថ្ងៃទី២៣ ខែកញ្ញា ឆ្នាំ២០២៤ សម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានអញ្ជើញទទួលព្រះរាជដំណើរ ព្រះករុណាព្រះបាទសម្ដេច ព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា និងព្រះមហាក្សត្រី នរោត្តម មុនិនាថ សីហនុ ព្រះវររាជមាតាជាតិខ្មែរជាទីសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត ស្តេចយាង
ធ្វើមាតុភូមិនិវត្តន៍ពីទីក្រុងប៉េកាំង សាធារណៈរដ្ឋប្រជាមានិតចិន បន្ទាប់ពីបានយាងទៅពិនិត្យព្រះរាជសុខភាព កាលពីថ្ងៃទី២៦ ខែសីហា ឆ្នាំ២០២៤ កន្លងទៅនេះ។
ព្រះករុណាជាអម្ចាស់ ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត ស្តេចយាងទៅពិនិត្យព្រះរាជសុខភាព នៅសាធារណរដ្ឋប្រជាមានិតចិន កាលពីព្រឹកថ្ងៃចន្ទ ទី២៦ ខែសីហា ឆ្នាំ២០២៤។
យាង និងអញ្ជើញទទួលព្រះរាជដំណើរនិវត្តន៍នៅអាកាសយានដ្ឋានអន្តរជាតិភ្នំពេញ មានវត្តមានរបស់ឥស្សរជនជាតិជាន់ខ្ពស់ ជាប្រធាន និងសមាជិកស្ថាប័ននីតិប្បញ្ញត្តិ នីតិប្រតិបត្តិ និងឧត្តមប្រឹក្សាផ្ទាល់នៃព្រះមហាក្សត្រ ជាច្រើនរូប។
សូមព្រះបរមរាជានុញ្ញាត ក្រាបបង្គំថ្វាយព្រះពរព្រះអង្គ សូមទ្រង់ប្រកបដោយព្រះពលានុភាពខ្លាំងក្លា ព្រះបញ្ញាញាណវាងវៃ ព្រះរាជសុខភាពល្អបរិបូរណ៍ ព្រះជន្មាយុយឺនយូរជាងរយព្រះវស្សា ដើម្បីគង់ប្រថាប់ជាម្លប់ដ៏ត្រជាក់ត្រជំដល់ប្រជានុរាស្ត្ររស់នៅក្នុងសុខសន្តិភាពតរៀងទៅ៕