ឯកឧត្តមកិត្តិសេដ្ឋាបណ្ឌិត ជាម យៀប អញ្ជើញទទួលព្រះរាជដំណើរព្រះមហាក្សត្រយាងនិវត្តន៍ពីសាធារណរដ្ឋប្រជាមានិតចិន
ភ្នំពេញ៖ នៅរសៀលថ្ងៃទី២៣ ខែកញ្ញា ឆ្នាំ២០២៤នេះ ឯកឧត្តមកិត្តិសេដ្ឋាបណ្ឌិត ជាម យៀប ប្រធានរដ្ឋសភាស្តីទីនៃព្រះរាជាណាចក្រកម្ពុជា បានអញ្ជើញទទួលព្រះរាជដំណើរយាងនិវត្តន៍របស់ព្រះករុណា ព្រះបាទសម្ដេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា ស្តេចយាងមកពីការពិនិត្យព្រះរាជសុខភាពនៅសាធារណរដ្ឋប្រជាមានិតចិនវិញ ប្រកបដោយព្រះរាជសុវត្ថិភាព។
ព្រះករុណាជាអម្ចាស់ ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត ស្តេចយាងទៅពិនិត្យព្រះរាជសុខភាព នៅសាធារណរដ្ឋប្រជាមានិតចិន កាលពីព្រឹកថ្ងៃចន្ទ ទី២៦ ខែសីហា ឆ្នាំ២០២៤។
យាង និងអញ្ជើញទទួលព្រះរាជដំណើរនិវត្តន៍នៅអាកាសយានដ្ឋានអន្តរជាតិភ្នំពេញ មានវត្តមានរបស់ឥស្សរជនជាតិជាន់ខ្ពស់ ជាប្រធាន និងសមាជិកស្ថាប័ននីតិប្បញ្ញត្តិ នីតិប្រតិបត្តិ និងឧត្តមប្រឹក្សាផ្ទាល់នៃព្រះមហាក្សត្រ ជាច្រើនរូប។
កូនចៅប្រជានុរាស្រ្ត សូមព្រះបរមរាជានុញ្ញាត ក្រាបបង្គំថ្វាយព្រះពរព្រះអង្គ សូមទ្រង់ប្រកបដោយព្រះពលានុភាពខ្លាំងក្លា ព្រះបញ្ញាញាណវាងវៃ ព្រះរាជសុខភាពល្អបរិបូរណ៍ ព្រះជន្មាយុយឺនយូរជាងរយព្រះវស្សា ដើម្បីគង់ប្រថាប់ជាម្លប់ដ៏ត្រជាក់ត្រជំដល់ប្រជានុរាស្ត្ររស់នៅក្នុងសុខសន្តិភាពតរៀងទៅ៕