ឯកឧត្តម ចាន់ ស៊ីណាត ដឹកនាំកិច្ចប្រជុំបន្ទាន់ស្ដីពីការជំរុញសកម្មភាពនៃកិច្ចដំណើរការការដ្ឋានសាងសង់ស្ថានីយរ៉ាដាថ្មី នៅបរិវេណអាកាសយានដ្ឋានអន្តរជាតិតេជោក្រុងតាខ្មៅ
ភ្នំពេញ៖ នាថ្ងៃចន្ទ ៦រោច ខែភទ្របទ ឆ្នាំរោង ឆស័ក ពុទ្ធសករាជ ២៥៦៨ ត្រូវនឹងថ្ងៃទី២៣ ខែកញ្ញា ឆ្នាំ២០២៤នេះ ឯកឧត្តម ចាន់ ស៊ីណាត រដ្ឋលេខាធិការក្រសួងធនធានទឹក និងឧតុនិយម បានអញ្ជើញដឹកនាំកិច្ចប្រជុំបន្ទាន់ដើម្បីជំរុញសកម្មភាពក្នុងការបើកកិច្ចដំណើរការការដ្ឋានសាងសង់ស្ថានីយរ៉ាដាថ្មី (Doppler radar) នៅក្នុងបរិវេណអាកាសយានដ្ឋានអន្តរជាតិតេជោ ក្រុងតាខ្មៅ ខេត្តកណ្តាល។
សូមជម្រាបថា កិច្ចប្រជុំខាងលើមានការអញ្ជើញចូលរួមពីឯកឧត្តម រដ្ឋលេខាធិការ អគ្គនាយក លោកប្រធាននាយដ្ឋានតំណាងនៃរដ្ឋលេខាធិការដ្ឋានអាកាសចរស៊ីវិល តំណាងក្រុមហ៊ុនOCIC តំណាងក្រុមហ៊ុនសាងសង់អាកាសយានដ្ឋានអន្តរជាតិតេជោ តំណាងសាលាខេត្តកណ្តាល ប្រធានមន្ទីរធនធានទឹក និងឧតុនិយមខេត្តកណ្តាល ប្រធានមន្ទីររៀបចំដែនដី នគរូបនីយកម្ម និងសំណង់ខេត្តកណ្តាល និងសហការីមកពីគ្រប់អង្គភាពចំណុះក្រសួងធនធានទឹក និងឧតុនិយមជាច្រើននាក់ផងដែរ។
ឯកឧត្តមរដ្ឋលេខាធិការ បានបញ្ជាក់ឱ្យដឹងថា ស្ថានីយរ៉ាដាថ្មីនេះនឹងធ្វើឱ្យក្រសួងធនធានទឹក និងឧតុនិយម មានសមត្ថភាពពេញលេញ ក្នុងការផលិតនូវទិន្នន័យគ្រប់គ្រាន់ ទាន់ពេលវេលាលើវិស័យគ្រប់គ្រងធនធានទឹក និងឧតុនិយម ព្រមទាំងធ្វើការព្យាករ និងគណនាគ្រប់ប្រភេទដោយសុក្រឹតភាពសម្រាប់ផ្គត់ផ្គង់ទៅឱ្យក្រសួងស្ថាប័ននានារបស់រាជរដ្ឋាភិបាលបានទាន់ពេលវេលា និងដោយមានឯករាជ្យភាពខ្ពស់ជាអតិបរមា ប្រកបដោយសន្តិសុខ និងសុវត្ថិភាព ៕