ឯកឧត្តម មាន ចាន់យ៉ាដា អញ្ជើញចូលរួមក្នុងព្រះរាជពិធីសម្ពោធវិមានរដ្ឋធម្មនុញ្ញ ក្រោមព្រះរាជាធិបតីភាពដ៏ខ្ពង់ខ្ពស់ព្រះករុណា ព្រះមហាក្សត្រ
ភ្នំពេញ៖ នៅព្រឹកថ្ងៃទី២៤ ខែកញ្ញា ឆ្នាំ២០២៤ ឯកឧត្តម មាន ចាន់យ៉ាដា អភិបាល នៃគណៈអភិបាលខេត្តឧត្តរមានជ័យ បានអញ្ជើញចូលរួមក្នុងព្រះរាជពិធីសម្ពោធវិមានរដ្ឋធម្មនុញ្ញ ក្រោមព្រះរាជាធិបតីភាពដ៏ខ្ពង់ខ្ពស់ព្រះករុណា ព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សហមុនី ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា។
សូមជម្រាបថា រដ្ឋធម្មនុញ្ញ ជាច្បាប់កំពូលសម្រាប់ប្រទេសកម្ពុជា ហើយត្រូវបានបង្កើតឡើងលើកដំបូងនៅក្នុងឆ្នាំ១៩៤៧ និងត្រូវបានផ្លាស់ប្តូរជាបន្តបន្ទាប់ទៅតាមរបបនយោបាយចំនួន៦លើក។ រដ្ឋធម្មនុញ្ញដែលកម្ពុជា កំពុងប្រើប្រាស់នាពេលបច្ចុប្បន្នជារដ្ឋធម្មនុញ្ញលើកទី៦ ដែលបានកើតឡើងជាថ្មី បន្ទាប់ពីសង្រ្គាមដ៏រ៉ាំរៃជាច្រើនទសវត្សរ៍ត្រូវបានបញ្ចប់ក្រោមជំនួបកិច្ចចរចាស្វែងរកសន្តិភាពទីក្រុងប៉ារីស ២៣ តុលា ១៩៩១ ហើយត្រូវបានអនុម័តដោយសភាធម្មនុញ្ញ នៅថ្ងៃទី២១ ខែកញ្ញា ឆ្នាំ១៩៩៣ និងត្រូវបានព្រះមហាក្សត្រ នៃប្រទេសកម្ពុជា ព្រះបរមរតនកោដ្ឋ ព្រះវររាជបិតាឯករាជជាតិ នរោត្តម សីហនុ ប្រកាសឲ្យប្រើប្រាស់ជាផ្លូវការ ដោយព្រះរាជក្រមចុះថ្ងៃទី២៤ ខែកញ្ញា ឆ្នាំ១៩៩៣។
ព្រះរាជាណាចក្រកម្ពុជាប្រកាន់យករបបរាជានិយមអាស្រ័យរដ្ឋធម្មនុញ្ញ និងអនុវត្តនយោបាយប្រជាធិបតេយ្យ សេរីពហុបក្ស ហើយបានបែងចែកអំណាចជា៣ គឺអំណាចនីតិប្បញ្ញត្តិ អំណាចនីតិប្រតិបត្តិ និងអំណាចតុលាការ។
រដ្ឋធម្មនុញ្ញ ក៏ជាបន្ទាត់ក្រឹត្យមួយសម្រាប់តម្រង់ទិសឲ្យប្រជាពលរដ្ឋកម្ពុជារស់នៅទៅតាមច្បាប់។ មិនតែប៉ុណ្ណោះរាល់ច្បាប់ និងឯកសារគតិយុត្តទាំងឡាយរបស់ព្រះរាជាណាចក្រកម្ពុជា ត្រូវអនុលោមទៅតាម បើពុំនោះសោត ច្បាប់ និងឯកសារគតិយុត្តទាំងនោះ នឹងអធមនុញ្ញភាព ៕