ឧត្តមសេនីយ៍ឯក ជួន ណារិន្ទ និងលោកជំទាវ ចូលរួមកាន់បិណ្ឌទី៧ នៅវត្តវាលស្បូវ ស្ថិតក្នុងសង្កាត់វាលស្បូវ ខណ្ឌច្បារអំពៅ
ភ្នំពេញ៖ នាព្រឹកថ្ងៃទី២៤ ខែកញ្ញា ឆ្នាំ២០២៤ ឯកឧត្តម ឧត្តមសេនីយ៍ឯក ជួន ណារិន្ទ អគ្គស្នងការរងនិងជាស្នងការនគរបាលរាជធានីភ្នំពេញ និងលោកជំទាវ ព្រមទាំងក្រុមគ្រួសារ និងថ្នាក់ដឹកនាំស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ រួមនិងពុទ្ធបរិស័ទចំណុះជើងវត្តវាលស្បូវ ស្ថិតក្នុងសង្កាត់វាលស្បូវ ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ បានអញ្ជើញចូលរួមកាន់បិណ្ឌទី៧ ដែលមានព្រះសង្ឃរៀបចំបង្សុកូល រាប់បាត្រ ឧទ្ទិសជូនដល់វិញ្ញាណក្ខន្ធបុព្វការីជន និងញាតកាដែលបានចែកឋានសូមឲ្យមកទទួលកុសលផលបុណ្យចូរកើតមានដល់គ្រប់ញាតកា និងដួងព្រលឹងបងប្អូនជនរួមជាតិខ្មែរ។
សូមបញ្ជាក់ថា ពិធីបុណ្យកាន់បិណ្ឌ និងភ្ជុំបិណ្ឌឆ្នាំ២០២៤នេះ ប្រព្រឹត្តទៅចាប់ពីថ្ងៃ១រោច ដល់ថ្ងៃ ១៥រោច ខែភទ្របទ ត្រូវនឹងថ្ងៃទី១៨ ខែកញ្ញាដល់ថ្ងៃទី៣ ខែតុលា។ ពុទ្ធសាសនិក តែងតែនាំគ្នាទៅធ្វើបុណ្យកាន់បិណ្ឌ-ភ្ជុំបិណ្ឌក្នុងទីវត្ដអារាម ដែលត្រូវប្រព្រឹត្ដទៅចាប់ពីថ្ងៃ ១រោចរហូតដល់ថ្ងៃ ១៥រោច ខែភទ្របទ។
ក្នុងអំឡុង១៥ថ្ងៃនេះគឺតាំងចិត្ដដាច់ខាតត្រូវតែទៅវត្ដឱ្យបានម្ដងយ៉ាងតិចក្នុងថ្ងៃណាមួយមិនអាចខកខានបានឡើយ។ ពិសេសថ្ងៃ១៥ រោច ជាថ្ងៃបង្ហើយគេហៅថា “ភ្ជុំបិណ្ឌ”។ បុណ្យភ្ជុំបិណ្ឌ ជាពិធីបុណ្យមួយដែលធំជាងគេ នៅក្នុងចំណោមពិធីបុណ្យទាំងអស់ ចំពោះអ្នកកាន់ព្រះពុទ្ធសាសនា ៕