មន្ត្រីជាន់ខ្ពស់ក្រសួងបរិស្ថាន៖ សិក្ខាសាលាអភិវឌ្ឍន៍សមត្ថភាព ស្តីពីការប្រែប្រួលអាកាសធាតុ សម្រាប់អ្នកជំនាញសារព័ត៌មាន និងវិស័យឯកជន មានគោលបំណងសំខាន់២
ភ្នំពេញ៖ ឯកឧត្តមបណ្ឌិត ជួប ប៉ារីស៍ រដ្ឋលេខាធិការក្រសួងបរិស្ថាន បានលើកឡើងថា សិក្ខាសាលាអភិវឌ្ឍន៍សមត្ថភាព ស្តីពីការប្រែប្រួលអាកាសធាតុសម្រាប់អ្នកជំនាញសារព័ត៌មាន និងវិស័យឯកជន មានគោលបំណងសំខាន់ចំនួន ២គឺ១)ពង្រឹង និងអភិវឌ្ឍន៍សមត្ថភាពដល់អ្នកជំនាញសារព័ត៌មាន និងវិស័យឯកជន និង២) ផ្តល់វេទិកាពិភាក្សារវាងវិស័យឯកជននិងស្ថាប័នពាក់ព័ន្ធឱ្យមានការយល់ដឹងនិងផ្សព្វផ្សាយពីការប្រែប្រួលអាកាសធាតុ។
នេះជាការថ្លែងបញ្ជាក់របស់ឯកឧត្តមបណ្ឌិត ជួប ប៉ារីស៍ ក្នុងឱកាសអញ្ជើញបើកសិក្ខាសាលាអភិវឌ្ឍន៍សមត្ថភាព ស្តីពីការប្រែប្រួលអាកាសធាតុសម្រាប់អ្នកជំនាញសារព័ត៌មាន និងវិស័យឯកជន នាថ្ងៃទី២៥ ខែកញ្ញា ឆ្នាំ២០២៤នេះ ។ សិក្ខាសាលានេះ នឹងប្រព្រឹត្តទៅរយៈពេល ៣ថ្ងៃ ចាប់ពីថ្ងៃទី២៥-២៧ ខែកញ្ញា ឆ្នាំ២០២៤ នៅសាលប្រជុំប្រាជ្ញ ស៊ុន ជាន់ទី២ នៃទីស្តីការក្រសួងបរិស្ថាន ។
ក្នុងឱកាសនោះដែរឯកឧត្ដមរដ្ឋលេខាធិការ ក៏បានបង្ហាញសេចក្តីសោមនស្សរីករាយក្រៃលែង និងជាតំណាងឯកឧត្តមបណ្ឌិត អ៊ាង សុផល្លែត រដ្ឋមន្ត្រីក្រសួងបរិស្ថាន និងជាប្រធានក្រុមប្រឹក្សាជាតិអភិវឌ្ឍន៍ដោយចីរភាព។ ឯកឧត្ដមបានស្វាគមន៍ឯកឧត្តម លោកជំទាវ លោក លោកស្រី អ្នកនាងកញ្ញា ដែលបានចូលរួមសិក្ខាសាលាអភិវឌ្ឍន៍សមត្ថភាព ស្តីពីការប្រែប្រួលអាកាសធាតុសម្រាប់អ្នកជំនាញសារព័ត៌មាន និងវិស័យឯកជន ដែលមានរយៈពេលបីថ្ងៃ ចាប់ពីថ្ងៃទី២៥-២៧ ខែកញ្ញា ឆ្នាំ២០២៤ នៅទីស្តីការក្រសួងបរិស្ថាននាពេលព្រឹកនេះ។
ឯកឧត្ដមរដ្ឋលេខាធិការ ក៏បានសម្តែងការស្វាគមន៍ចំពោះវត្តមាន ឯកឧត្តម លោកជំទាវ លោក លោកស្រី សមាជិកក្រុមការងារបច្ចេកទេសប្រែប្រួលអាកាសធាតុ ភ្ញៀវជាតិ និងអន្តរជាតិទាំងអស់ ដែលបានចំណាយពេលដ៏មានតម្លៃអញ្ជើញមកចូលរួមក្នុងសិក្ខាសាលាដ៏មានសារៈសំខាន់នេះ។ ការសិក្សាស្រាវជ្រាវរួមគ្នាបែបវិទ្យាសាស្រ្ត គឺជាសក្ខីភាពមួយបញ្ជាក់ពីការប្តេជ្ញាចិត្តរបស់យើងក្នុងការចូលរួមចំណែកដោះស្រាយបញ្ហាប្រឈមនានាពាក់ព័ន្ធនឹងការប្រែប្រួលអាកាសធាតុដែលបាននិងកំពុងកើតឡើង ៕