បទវិភាគ៖អាមេរិកបង្កើនការដាក់សម្ពាធទៅលើរថយន្តរបស់ចិននឹងបំផ្លាញដល់សុវត្ថិភាពនិងស្ថិរភាពនៃខ្សែសង្វាក់ឧស្សាហកម្មរថយន្តពិភពលោកថែមមួយកម្រិតទៀត
“នេះជាវិធានការថ្មីបំផុតរបស់អាមេរិកសម្រាប់គាបសង្កត់ទៅលើរថយន្តរបស់ចិន គឺជាការគាំពារនិយមផ្នែកពាណិជ្ជកម្មយ៉ាងច្បាស់លាស់ ” “ការកាត់ផ្តាច់ខ្សែសង្វាក់មិនអាចទប់ស្កាត់កម្លាំងប្រកួតប្រជែងរបស់រថយន្តចិនបានទេ ” ។ល។ នៅថ្ងៃទី ២៣ ខែកញ្ញា តាមម៉ោងក្នុងតំបន់ បន្ទាប់ពីក្រសួងពាណិជ្ជកម្មអាមេរិកបានលើកសំណើថា ហាមមិនឱ្យរថយន្តដែលតភ្ជាប់បណ្តាញអ៊ីនធឺណេតនិងរថយន្តបើកបរដោយស្វ័យប្រវត្តិដែលបើកលើផ្លូវសហរដ្ឋអាមេរិកប្រើប្រាស់គ្រឿងបន្លាស់និងគ្រឿងSoftwareរបស់ចិន មតិអន្តរជាតិបានសម្តែងមន្ទិលសង្ស័យនិងរិះគន់ជាទូទៅ ។
លោក Cui Dongshu អគ្គលេខាធិការនៃសន្និសីទរួមអំពីព័ត៌មានទីផ្សាររថយន្តដឹកអ្នកដំណើររបស់ចិនបានថ្លែងថា បទបញ្ជាហាមឃាត់ថ្មីរបស់អាមេរិកជាទង្វើខុសឆ្គងយ៉ាងធ្ងន់ធ្ងរ តាមពិតទៅ គឺចង់ផ្តាច់ទំនាក់ទំនងនិងខ្សែសង្វាក់ថែមួយកម្រិតទៀត ដែលនឹងនាំមកនូវភាពមិនប្រាកដប្រជាកាន់តែច្រើនដល់ឧស្សាហកម្មរថយន្តសកល ។
ក្នុងមួយឆ្នាំកន្លងទៅនេះ អាមេរិកបានចាត់ប្រតិបត្តិការដែលសំដៅទៅលើឧស្សាហកម្មរថយន្តរបស់ចិនជាញឹកញាប់ ។ កាលពីខែសីហា ឆ្នាំ២០២៣ ការិយាល័យតំណាងពាណិជ្ជកម្មអាមេរិកបានប្រកាសថា នឹងវាយតម្លៃចំពោះបញ្ហាប្រឈមដែលនាំមកពីកំណើនយ៉ាងឆាប់រហ័សនៃការផលិតនិងការនាំចេញរថយន្តអគ្គិសនីរបស់ចិន ព្រមទាំងបានដាក់បញ្ចូលករណីនេះក្នុងការពិចារណាឡើងវិញស្ដីពី “ ការត្រួតពិនិត្យពន្ធគយលេខ៣០១” ។ កាលពីខែកុម្ភៈ ឆ្នាំនេះ រដ្ឋាភិបាលអាមេរិកបានប្រកាសថា នឹងធ្វើការស៊ើបអង្កេតទៅលើអ្វីដែលហៅថា “ហានិភ័យបណ្តាញអ៊ីនធឺណែត” ដែលបណ្តាលមកពីរថយន្តរបស់ចិនដែលតភ្ជាប់បណ្តាញអ៊ីនធឺណេត ដោយយក “សន្តិសុខជាតិ”ធ្វើជាលេស មានចេតនាហាមមិនឱ្យរថយន្តដែលត្រូវដាក់ឱ្យលក់នៅអាមេរិក ប្រើប្រាស់កម្មវិធីពាក់ព័ន្ធនិងគ្រឿងបន្លាស់របស់ចិន នៅសប្តាហ៍មុន រដ្ឋាភិបាលអាមេរិកបានធ្វើសេចក្តីសម្រេចចិត្តទៀតថា នឹងដំឡើងពន្ធគយ១០០ភាគរយទៅលើរថយន្តអគ្គិសនីរបស់ចិន ដោយប៉ុនប៉ងគាបសង្កត់ឧស្សាហកម្មរថយន្តរបស់ចិនថែមមួយកម្រិតទៀត ។
មិនពិបាកមើលច្បាស់ថា ពីការរឹតត្បិតការនាំចូលរថយន្ត ដល់ការហាមមិនឱ្យប្រើប្រាស់កម្មវិធីនិងគ្រឿងបន្លាស់ គោលដៅរបស់អាមេរិក គឺសំដៅទៅលើខ្សែសង្វាក់ឧស្សាហកម្មទាំងមូលរបស់រថយន្តអគ្គិសនីនិងរថយន្តឆ្លាតវៃរបស់ចិន ។ ប្រព័ន្ធសារព័ត៌មានដូចជាទីភ្នាក់ងារសារព័ត៌មានរ៉យទ័រជាដើមបានសម្គាល់ឃើញថា ទង្វើរបស់អាមេរិកបែបនេះ គឺដើម្បីរារាំងរថយន្តរបស់ចិនដែលមានកម្លាំងប្រកួតប្រជែងខ្លាំងចូលក្នុងទីផ្សារអាមេរិក ក្នុងន័យដណ្តើមបានពេលវេលាសម្រាប់ឱ្យឧស្សាហកម្មរថយន្តរបស់អាមេរិកបង្កើតខ្សែសង្វាក់ផ្គត់ផ្គង់នៃរថយន្តដែលតភ្ជាប់បណ្តាញអ៊ីធឺណែត ។
បើមើលកាន់តែស៊ីជម្រៅអាចឃើញថា នៅពីក្រោយរឿងនេះក៏មានគោលបំណងខាងនយោបាយផងដែរ ។ លោក Li Haidong សាស្ត្រាចារ្យនៃវិទ្យាស្ថានការទូតរបស់ប្រទេសចិនបានវិភាគថា ការដាក់បញ្ចូលសកម្មភាពសេដ្ឋកិច្ចជាប្រក្រតី ក្នុងកញ្ជើ “សន្តិសុខជាតិ” ជាទង្វើតាំងពីដើមមករបស់អ្នកនយោបាយអាមេរិកដែលប្រើប្រាស់ក្នុងប៉ុន្មានឆ្នាំចុងក្រោយនេះ ដើម្បីលាបពណ៌និងគាបសង្កត់ទៅលើប្រទេសចិន ហើយក៏ជាមធ្យោបាយរបស់ពួកគេដើម្បីបង្កជាគំនិតប្រឆាំងប្រទេសចិនក្នុងមហាជន ក្នុងគោលបំណងត្រៀមលក្ខណៈខាងមតិសាធារណៈសម្រាប់ដាក់ចេញគោលនយោបាយប្រឆាំងប្រទេសចិនកាន់តែហួសហេតុ ។
ការពិតជាក់ស្តែងបានបញ្ជាក់ម្តងហើយម្តងទៀតថា ទង្វើដែលកាត់ផ្តាច់ខ្សែសង្វាក់ឧស្សាហកម្មតាមរយៈបទបញ្ជារដ្ឋបាល គឺមិនអាចទៅរួចទេ ជាពិសេសគឺក្នុងវិស័យរថយន្តឆ្លាតវៃតភ្ជាប់បណ្តាញអ៊ីធឺណែតដែលមានភាពស៊ីសង្វាក់គ្នាយ៉ាងជ្រាលជ្រៅខាងខ្សែសង្វាក់ឧស្សាហកម្មសកល ។ «កាសែត ញូវយ៉ក ថាមស៍»បានចុះផ្សាយអត្ថបទដោយដាស់តឿនថា រដ្ឋាភិបាលអាមេរិកមិនត្រូវធ្វើឱ្យទីផ្សាររថយន្តក្នុងស្រុកផ្តាច់ទំនាក់ទំនងជាមួយខាងក្រៅទេ ប្រការនេះនឹងធ្វើឱ្យអាមេរិកក្លាយជាប្រទេស ដែលមានភាពអន់ថយខាងវិស័យឧស្សាហកម្មរថយន្ត និងពោរពេញទៅដោយរថយន្តធំៗដែលមានតម្លៃថ្លៃនិងស៊ីប្រេងច្រើន ។ អាចឃើញថា ទង្វើរបស់អាមេរិកបែបនេះ គឺ មិនអាចទទួលបានការគាំទ្រជាដាច់ខាត និងបំផ្លាញផលប្រយោជន៍ទាំងអ្នកដទៃផងនិងខ្លួនឯងផងដែរ ។
តាមផែនការ រដ្ឋាភិបាលអាមេរិកមានរយៈពេល៣០ថ្ងៃ សម្រាប់ទទួលយកការវាយតម្លៃជាសាធារណៈចំពោះបទបញ្ជាថ្មីអំពីរថយន្តរបស់ចិន ។ ពួកគេគួរស្តាប់សំណូមពរនិងសំឡេងប្រកបដោយវិចារណញ្ញាណរបស់ឧស្សាហកម្មក្នុងស្រុក បញ្ឈប់ធ្វើទង្វើដែលបំផ្លាញផលប្រយោជន៍ទាំងអ្នកដទៃផងនិងខ្លួនឯងជាបន្ទាន់។ប្រទេសចិនមុខជានឹងគាំពារយ៉ាងមុតមាំនូវសិទ្ធិនិងផលប្រយោជន៍ស្របច្បាប់របស់ខ្លួន ។ ឧស្សាហកម្មរថយន្តរបស់ចិនបានយកឈ្នះលើទីផ្សារដោយពឹងផ្អែកលើការច្នៃប្រឌិតថ្មីខាងបច្ចេកវិទ្យានិងអាចជឿទុកចិត្តបានខាងសុវត្ថិភាព សូមដាស់តឿនអាមេរិកកុំចេះតែស្មានខុសទំនងនិងសនិ្នដ្ឋានប្រទេសចិនដោយដើរតាមគន្លងផ្លូវរបស់ខ្លួនឯង ៕