ឧបនាយករដ្ឋមន្ត្រី ហ៊ុន ម៉ានី រំលឹកពីភាពសំខាន់ និងសក្តានុពលរបស់ក្រសួងមុខងារសាធារណៈ ចំពោះរាជរដ្ឋាភិបាល នីតិកាលទី៧ ដល់ថ្នាក់ដឹកនាំ និងមន្រ្តីរាជការនៃមន្ទីរមុខងារសាធារណៈខេត្តកំពង់ចាម
ភ្នំពេញ៖ នាព្រឹកថ្ងៃទី២៥ ខែកញ្ញា ឆ្នាំ២០២៤ ឯកឧត្តម ហ៊ុន ម៉ានី ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមុខងារសាធារណៈ បានដឹកនាំប្រតិភូចុះជួបសំណេះសំណាលសួរសុខទុក្ខ ថ្នាក់ដឹកនាំ និងមន្រ្តីរាជការគ្រប់ជាន់ថ្នាក់នៃមន្ទីរមុខងារសាធារណៈខេត្តកំពង់ចាម ដើម្បីបានស្គាល់ទីតាំង និងស្ថានភាពជាក់ស្តែងរបស់មន្ទីរ ព្រមទាំងស្តាប់របាយការណ៍លទ្ធផលការងារដែលមន្ទីរសម្រេចបាននាពេលកន្លងមក។
ក្នុងជំនួបនេះ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី បានរម្លឹកដល់ថ្នាក់ដឹកនាំ និងមន្ត្រីគ្រប់ៗរូបថា រាជរដ្ឋាភិបាល អាណត្តិទី៧ បានផ្តោតជាអាទិភាពលើការកែទម្រង់រដ្ឋបាលសាធារណៈ។ ក្នុងន័យនេះ ក្រសួងមុខងារសាធារណៈ ក្នុងនាមជាសេនាធិការ មានភារកិច្ច និងទំនួលខុសត្រូវខ្ពស់លើការងារកែទម្រង់រដ្ឋបាលសាធារណៈ តាមរយៈការអនុវត្តវិធានការគន្លឹះស្របតាមយុទ្ធសាស្រ្តបញ្ចកោណ ដំណាក់កាលទី១។ ទន្ទឹមនេះ មន្ទីរមុខងារសាធារណៈ ត្រូវខិតខំប្រឹងប្រែងអនុវត្តការងារភារកិច្ចស្នូលរបស់ខ្លួនផង និងចូលរួមក្នុងការងារកែទម្រង់រដ្ឋបាលសាធារណៈផង ដើម្បីចូលរួមបន្សល់ទុកកេរតំណែលជាប្រវត្តិសាស្ត្រមួយគឺ រដ្ឋបាលសាធារណៈមួយដែលទំនើប មានសមត្ថភាពខ្ពស់ ខ្លាំង វៃឆ្លាត និងស្អាតស្អំ សម្រាប់កូនៗ និងអ្នកជំនាន់ក្រោយរបស់យើង ហើយត្រៀមលក្ខណៈ និងសក្តានុពលក្នុងការបន្តការងារឆ្ពោះទៅកម្ពុជាឆ្នាំ២០៥០។