អភិបាលរាជធានីភ្នំពេញ ណែនាំឲ្យអភិបាលខណ្ឌទាំង១៤ និងកម្លាំងមានសមត្ថកិច្ច យកចិត្តទុកដាក់ការពារសន្តិសុខ សណ្តាប់ធ្នាប់ ជូនប្រជាពលរដ្ឋ ក្នុងឱកាសបុណ្យភ្ជុំបិណ្ឌ
ភ្នំពេញ៖ ឯកឧត្ដម ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ បានណែនាំឲ្យអភិបាលខណ្ឌទាំង១៤ និងកម្លាំងមានសមត្ថកិច្ច យកចិត្តទុកដាក់ ក្នុងកិច្ចការពារសន្តិសុខ សណ្តាប់ធ្នាប់ ជូនប្រជាពលរដ្ឋនៅក្នុងឱកាសបុណ្យភ្ជុំបិណ្ឌ និងបុណ្យកឋិនទាន។
ក្នុងកិច្ចប្រជុំគណៈបញ្ជាការឯកភាពរាជធានីភ្នំពេញ នៅសាលារាជធានីភ្នំពេញ ដោយការចូលរួមពីស្នងការដ្ឋាននគរបាលរាជធានី, មេបញ្ជាការដ្ឋានកងររាជអាវុធហត្ថរាជធានី, អភិបាលខណ្ឌទាំង១៤ និងមន្ទីរពាក់ព័ន្ធចំណុះឲ្យរដ្ឋបាលរាជធានីភ្នំពេញមួយចំនួនទៀត នារសៀលថ្ងៃទី២៥ ខែកញ្ញា ឆ្នាំ២០២៤ ឯកឧត្ដម ឃួង ស្រេង បានលើកឡើងថា អាជ្ញាធរខណ្ឌទាំង១៤ និងកម្លាំងមានសមត្ថកិច្ច នាឱកាសបុណ្យភ្ជុំបិណ្ឌនេះ ត្រូវបែងចែកកម្លាំង ចុះល្បាតជាប្រចាំនៅក្នុងមូលដ្ឋាន ដើម្បីមើលថែទ្រព្យសម្បត្តិប្រជាពលរដ្ឋ ដោយសារថា ក្នុងពិធីបុណ្យនេះ ពួកគាត់ភាគច្រើន ទៅស្រុកកំណើតឬទៅតាមបណ្តាលខេត្តអស់ពីផ្ទះ ដែលយើងត្រូវមើលថែទ្រព្យសម្បត្តិជំនួសពួកគាត់។
ជាមួយគ្នានេះ ពាក់ព័ន្ធជនអន្តោប្រវេសន៍ ឯកឧត្ដម ឃួង ស្រេង ក៏បានណែនាំឲ្យអាជ្ញាធរ និងកងកម្លាំងមានសមត្ថកិច្ចទាំងអស់ យកចិត្តទុកដាក់លើការគ្រប់គ្រងជនឥន្តោប្រវេសនន៍អោយបានម៉ឺងម៉ាត់បំផុត ក្នុងនាមយើងជាម្ចាស់ ប្រទេស បើជនបរទេសណាប្រព្រឹត្តអំពើខុសច្បាប់ ត្រូវតែបណ្តេញចេញពីប្រទេសកម្ពុជា ដោយមិនមានការរើសអើងថាជាជនជាតិណាឡើយ។
ក្នុងឱកាសនោះឧត្តមសេនីយ៍ឯក ជួន ណារិន អគ្គស្នងការរងនគរបាលជាតិ និងជាស្នងការនគរបាលរាជធានីភ្នំពេញ បានបញ្ជាក់ថា សំរាប់បុណ្យភ្ជុំបិណ្ឌ និងបុណ្យកឋិនទាននេះ ស្នងការនគរបាលរាជធានីភ្នំពេញបានប្រើប្រាស់ កម្លាំងជាង២០០០នាក់ ដើម្បីការពារសន្តិសុខ សណ្តាប់ធ្នាប់ ក្នុងពិធីបុណ្យជាតិនេះ ក្នុងនោះមានទាំងការដាក់កម្លាំងនៅតាមវត្តទាំង១៥០វត្ត ដោយសហការជាមួយប្រជាការពារ។ ដាក់កម្លាំង ចំនួន៤៦គោលដៅ ដើម្បីល្បាតពួនស្ទាក់ សម្រួលចរាចរណ៍ ជាមួយនិងការ បង្ការទប់ស្កាត់គ្រោះអគ្គីភ័យជាដើម៕