សម្តេចធិបតី ហ៊ុន ម៉ាណែត អញ្ជើញប្រគល់សញ្ញាបត្រជូននិស្សិតសាកលវិទ្យាល័យភូមិន្ទនីតិសាស្ត្រ និងវិទ្យាសាស្ត្រសេដ្ឋកិច្ច
ភ្នំពេញ៖ នៅព្រឹកថ្ងៃទី២៦ ខែកញ្ញា ឆ្នាំ២០២៤នេះ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា អញ្ជើញជាអធិបតីក្នុងពិធី ប្រគល់ សញ្ញាបត្រជូននិស្សិតសាកលវិទ្យាល័យភូមិន្ទនីតិសាស្ត្រ និងវិទ្យាសាស្ត្រសេដ្ឋកិច្ចសរុប ៣,៥៣០នាក់ នារី ១,៨២២នាក់។
និស្សិតដែលបញ្ចប់ការសិក្សាដោយជោគជ័យ និងទទួលសញ្ញាបត្រនាព្រឹកថ្ងៃនេះ រួមមានថ្នាក់បរិញ្ញាបត្រ និងថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់។
សាកលវិទ្យាល័យភូមិន្ទនីតិសាស្រ្ត និងវិទ្យាសាស្រ្តសេដ្ឋកិច្ចជាគ្រឹះស្ថានអប់រំឧត្តមសិក្សាសាធារណៈមួយ ដែលបាននិងកំពុងដើរតួនាទីយ៉ាងសំខាន់ ក្នុងការបណ្តុះបណ្តាលធនធានមនុស្សផ្នែកច្បាប់ រដ្ឋបាលសាធារណៈ សេដ្ឋកិច្ច និងផ្នែកផ្សេងៗទៀត ដើម្បីបម្រើឲ្យការអភិវឌ្ឍសេដ្ឋកិច្ច និងសង្គមនៅកម្ពុជា។
គិតចាប់ពីឆ្នាំ១៩៨២ ដល់បច្ចុប្បន្ននេះ សិក្ខាកាម និងនិស្សិតដែលបានបញ្ចប់ការសិក្សាជាស្ថាពរសរុប ៧០,៣៣៦នាក់ (នារី ២៨,២៧១នាក់ ត្រូវជា ៤០.១៩ភាគរយ) ក្នុងនោះនិស្សិតបរទេសមានចំនួន ២៤៨នាក់ (នារី ១១០នាក់ ត្រូវជា ៤៤,៣៥ភាគរយ)។ និស្សិតជ័យលាភីទាំងនោះកំពុងបម្រើការងារនៅក្នុងក្រសួង ស្ថាប័នរដ្ឋ វិស័យឯកជន អង្គការមិនមែនរដ្ឋាភិបាលជាតិនិងអន្តរជាតិ និងខ្លះទៀតកំពុងប្រកបអាជីវកម្មផ្ទាល់ខ្លួន ប្រកបដោយសមត្ថភាព សេចក្តីថ្លៃថ្នូរ និងកិត្តិយស។
បច្ចុប្បន្ននេះ សាកលវិទ្យាល័យមានក្រុមប្រឹក្សាភិបាល គណៈគ្រប់គ្រង មន្រ្តី បុគ្គលិក សាស្រ្តាចារ្យ ក្របខណ្ឌ និងជាប់កិច្ចសន្យាជាតិ-អន្តរជាតិសរុប ៨៣៥ នាក់ (នារី ២១០នាក់ ត្រូវជា ២៥,១៥ ភាគរយ) និងមាននិស្សិតកំពុងបណ្តុះបណ្តាលសរុប ១៨,៥៥១នាក់ (នារី ៩,៦០៨នាក់ ត្រូវជា ៥១,៧៩ភាគរយ) ក្នុងនោះមាននិស្សិតបរទេសចំនួន ៦៨នាក់ នារី ៤០នាក់ ដែលរួមមាន ជនជាតិបារាំង កេនយ៉ា រ៉ូម៉ានី និងឡាវ។
និស្សិតជ័យលាភីដែលនឹងត្រូវទទួលសញ្ញាបត្រពីសម្តេចមហាបវរធិបតីនាយករដ្ឋមន្ត្រី នាពេលនេះមានចំនួនសរុប ៣,៥៣០នាក់ (នារី ១.៨២២នាក់ ត្រូវជា ៥១,៦១ភាគរយ) ក្នុងនោះរួមមាននិស្សិតថ្នាក់បរិញ្ញាបត្រ ២,៩៤២នាក់ (នារី ១,៥៩៦នាក់) និងនិស្សិតថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ ៥៨៨នាក់ (នារី ២២៦នាក់)៕