សម្តេចធិបតី ហ៊ុន ម៉ាណែត៖ មានកត្តាជាច្រើន ដែលផ្តល់ឱកាសឱ្យយើងទទួលបានជោគជ័យក្នុងការអប់រំ
ភ្នំពេញ៖ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា បានថ្លែងបញ្ជាក់ថា មានកត្តាជាច្រើនដែលបានផ្តល់ឱកាសឱ្យយើងទទួលបានជោគជ័យក្នុងការអប់រំ ដែលកត្តាសំខាន់ជាងគេនោះគឺ កត្តាសន្តិភាព ស្ថិរភាពនយោបាយ។
ក្នុងឱកាសអញ្ជើញពិធីប្រគល់សញ្ញាបត្រជូននិស្សិត នៃសាកលវិទ្យាល័យភូមិន្ទនីតិសាស្ត្រ និងវិទ្យាសាស្ត្រសេដ្ឋកិច្ច នៅព្រឹកថ្ងៃទី២៦ ខែកញ្ញា ឆ្នាំ២០២៤ សម្ដេចធិបតី ហ៊ុន ម៉ាណែត បានមានប្រសាសន៍ថា ក្រៅពីកត្តាសន្តិភាព ស្ថិរភាពនយោបាយដែលផ្តល់ឱកាសដល់ការអភិវឌ្ឍនោះ ក៏មានផងដែរកត្តាជីវភាពរស់នៅរបស់ប្រជាពលរដ្ឋកាន់តែប្រសើរឡើងដែលធ្វើឱ្យពួកគេមានលទ្ធភាពចូលសិក្សានៅថ្នាក់ឧត្តមសិក្សា។
សម្តេចធិបតី ហ៊ុន ម៉ាណែត បានបន្ថែមថា រាជរដ្ឋាភិបាលក៏បានបើកចំហឱកាសចូលរួមអភិវឌ្ឍវិស័យអប់រំពីសំណាក់ដៃគូឯកជននិងបរទេសបន្ថែមទៀត ដែលធ្វើឱ្យប្រជាពលរដ្ឋមានលទ្ធភាពយ៉ាងទូលាយក្នុងការទទួលបានការអប់រំផងដែរ៕