សម្តេចធិបតី៖ ប្រទេសយើងចប់សង្គ្រាមហើយ អ្វីដែលត្រូវធ្វើពេលនេះ គឺរួមគ្នាកសាងប្រទេសជាតិ និងធនធានមនុស្សឱ្យមានគុណភាព
ភ្នំពេញ៖ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្ដី នៃព្រះរាជាណាចក្រកម្ពុជា បានបញ្ជាក់ថា ប្រទេសយើងចប់សង្គ្រាមហើយ អ្វីដែលយើងត្រូវធ្វើពេលនេះ គឺរួមគ្នាខិតខំកសាងប្រទេសជាតិ និងកសាងធនធានមនុស្សយើងឱ្យមានគុណភាព។
ក្នុងឱកាសអញ្ជើញប្រគល់សញ្ញាបត្រជូននិស្សិត នៃសាកលវិទ្យាល័យភូមិន្ទនីតិសាស្ត្រ និងវិទ្យាសាស្ត្រសេដ្ឋកិច្ច នៅព្រឹកថ្ងៃទី២៦ ខែកញ្ញា ឆ្នាំ២០២៤នេះ សម្តេចធិបតី ហ៊ុន ម៉ាណែត បានមានប្រសាសន៍ថា រាជរដ្ឋាភិបាលជាច្រើនអាណត្តិមក ហើយបានយកចិត្តទុកដាក់ខ្ពស់លើការអភិវឌ្ឍធនធានមនុស្សគឺជាអាទិភាពទី១ ដែលបានធ្វើការវិនិយោគជាច្រើនក្នុងការអភិវឌ្ឍធនធានគ្រូបង្រៀន និងកសាងហេដ្ឋារចនាសម្ព័ន្ធសាលារៀន។
សម្តេចធិបតី ហ៊ុន ម៉ាណែត បានគូសបញ្ជាក់ថា ការវិនិយោគជាមួយវិស័យធនធានមនុស្សនេះហើយ ដែលអាចឱ្យប្រជាពលរដ្ឋអាចរស់ដោយខ្លួនឯងបាន។ នៅពេលពលរដ្ឋអាចរស់ដោយខ្លួនឯងបាន ពេលនោះសេដ្ឋកិច្ចប្រទេសជាតិក៏មានការរីកចម្រើនដែរ ៕