សម្ដេចធិបតី៖ ទោះបីកម្ពុជា ដកខ្លួនចេញពីគម្រោង កិច្ចសហប្រតិបត្តិការតំបន់ត្រីកោណ CLV ក៏ដោយ ប៉ុន្តែការអភិវឌ្ឍន៍នៅខេត្តទាំង៤ គឺមិនបានដកថយនោះឡើយ
ភ្នំពេញ៖ ក្នុងឱកាសអញ្ជើញជាអធិបតីប្រគល់សញ្ញាបត្រជូននិស្សិត នៃសាកលវិទ្យាល័យភូមិន្ទនីតិសាស្ត្រ និងវិទ្យាសាស្ត្រសេដ្ឋកិច្ច នៅថ្ងៃទី២៦ ខែកញ្ញា ឆ្នាំ២០២៤ សម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ដ្រី នៃកម្ពុជា បានថ្លែងប្រកាសថា ទោះបីកម្ពុជា ដកខ្លួនចេញពីគម្រោង កិច្ចសហប្រតិបត្តិការតំបន់ត្រីកោណ CLV ក៏ដោយ ប៉ុន្តែការអភិវឌ្ឍន៍នៅខេត្តទាំង៤ ក្នុងភូមិភាគឦសាន គឺមិនបានដកថយ នោះឡើយ។
កាលពីថ្ងៃទី២០ ខែកញ្ញា ឆ្នាំ២០២៤ ប្រមុខរាជរដ្ឋាភិបាលកម្ពុជា បានសម្រេចដកខ្លួនចេញ ពីកិច្ចសហប្រតិបត្តិការអភិវឌ្ឍន៍ ជាមួយប្រទេសវៀតណាម និងប្រទេសឡាវ ដើម្បីដកអាវុធចេញពីដៃពួកជ្រុលនិយម កុំឱ្យមានលទ្ធភាពញុះញង់ បោកប្រាស់ប្រជាជនកម្ពុជា តទៅទៀត និងពន្លត់រងើកភ្លើង របស់ក្រុមបក្សប្រឆាំង ដែលប៉ុនប៉ងធ្វើ រដ្ឋប្រហារផ្ដួលរំលំ រាជរដ្ឋាភិបាលស្របច្បាប់។
សម្ដេចធិបតីបន្ដថា កិច្ចសហប្រតិបត្តិការ CLV-DTA មានបីប្រទេសចូលរួមពិតមែន ប៉ុន្ដែអ្នកចូលរួមឧបត្ថម្ភគាំទ្រ គឺអង្គការអន្ដរជាតិ។ សម្ដេច រំលឹកថា ក្នុងជំនួបពិភាក្សាជាមួយ សភាជប៉ុន នាពេលថ្មីៗនេះ សភាជប៉ុន បានសួរថា «ហេតុអ្វីកម្ពុជា ដកចេញពី CLV-DTA» ព្រោះថា ជប៉ុនដឹងច្បាស់ណាស់ថា CLV-DTA វាល្អ។ សម្ដេច បានតបវិញថា កុំបារម្ភរឿងហ្នឹង បើជប៉ុន ចង់ជួយ កម្ពុជា អត់ទាន់ទៅណាឡើយ ខេត្តទាំង ៤នេះ នៅតែបន្ដអភិវឌ្ឍដដែល៕