រដ្ឋមន្រ្តីបរិស្ថាន ជំរុញឱ្យមានការផ្សព្វផ្សាយអប់រំបរិស្ថានឱ្យបានច្រើន ដើម្បីបង្កើនការចូលរួមលើកកម្ពស់ការចូលរួមអនុវត្តវិស័យបរិស្ថានកាន់តែមានប្រសិទ្ធភាព
ភ្នំពេញ៖ ឯកឧត្តមបណ្ឌិត អ៊ាង សុផល្លែត រដ្ឋមន្រ្តីក្រសួងបរិស្ថាន បានជំរុញដល់ថ្នាក់ដឹកនាំ និងមន្រ្ដីជំនាញផ្នែកពាក់ព័ន្ធទាងអស់ ចាំបាច់ត្រូវធ្វើការផ្សព្វផ្សាយ អប់រំបរិស្ថាន ដែលខ្លួនបាន អនុវត្តសកម្មភាព ឱ្យបានច្រើន ដើម្បីរួមចំណែកបង្កើន ការចូលរួមអនុវត្តយុទ្ធសាស្រ្តចក្រា វិស័យបរិស្ថាន ដែលមានសសរស្តម្ភ៣ គឺភាពស្អាត ភាពបៃតង និងចីរភាព ឱ្យកាន់តែមានប្រសិទ្ធភាព និងប្រសិទ្ធផល។
ឯកឧត្ដមបានលើកឡើងបែបនេះនៅក្នុងពិធីប្រកាសដាក់ឱ្យប្រើប្រាស់ «ផែនការយុទ្ធសាស្រ្ត និងផែនការសកម្មភាពអប់រំ-ផ្សព្វផ្សាយបរិស្ថាន និងធនធានធម្មជាតិ» នារសៀលថ្ងៃទី២៥ ខែកញ្ញា ឆ្នាំ២០២៤ នៅទីស្តីការក្រសួងបរិស្ថាន។
ស្ថិតក្នុងក្របខ័ណ្ឌយុទ្ធសាស្រ្តបញ្ចកោណ ដំណាក់កាលទី១ របស់រាជរដ្ឋាភិបាល ដែលបានកំណត់ ចក្ខុវិស័យបង្កើនកម្របព្រៃចំនួន៦០% នៅឆ្នាំ២០៥០ ឯកឧត្ដមបណ្ឌិត អ៊ាងសុផល្លែត បានលើកទឹកចិត្ត ដល់ថ្នាក់ដឹកនាំ គ្រប់អគ្គនាយកដ្ឋាន និងក្រុមគ្រួសារបរិស្ថាន យកចិត្តទុកដាក់ខ្ពស់ លើការផ្សព្វផ្សាយសកម្មភាពរបស់ខ្លួន ឱ្យទូលំទូលាយ ក្នុងនោះ៖
ទី១ លទ្ធផលការងារទាំងឡាយដែលបានអនុវត្តកន្លងមក ត្រូវមានការផ្សព្វផ្សាយ ប្រសិនបើគ្មានការផ្សព្វផ្សាយទេ គឺមិនទទួលបានជោគជ័យទេ។
ទី២ ការផ្សព្វផ្សាយ ក៏ត្រូវមានភាពប្រាកដនិយម ឱ្យច្បាស់លាស់ ជាក់លាក់ ជាមួយលទ្ធផល ដែលទទួលពីការអនុវត្តសកម្មភាព។ គឺការផ្សព្វផ្សាយដើរឱ្យស្មើគ្នានឹងសកម្មភាព ដែលបានអនុវត្តផងដែរ។
ទី៣ ការផ្សព្វផ្សាយត្រូវមានការគាំទ្រ ប្រសិនបើគ្មានការចូលរួម និងការគាំទ្រដល់សកម្មភាពនោះទេ គឺមិនទទួលបានជោគជ័យទេ។ ដូចនេះ មន្រ្តីបរិស្ថានត្រូវជំរុញការផ្សព្វផ្សាយនិងការគាំទ្រជាមួយគ្នា នឹងទទួលបានជោគជ័យ។
ទី៤ គឺការផ្សព្វផ្សាយបានច្រើន និងទូលំទូលាយ ទប់ទល់នឹងការលើកឡើង ពីក្រុមអគតិមួយចំនួនតូច ដែលមានគំនិតអវិជ្ជ លើកិច្ចខិតខំប្រឹងប្រែងរបស់មន្រ្តីបរិស្ថាន។ «ក្នុងពេលនេះ ក្រសួងបរិស្ថាន បានដាក់ចេញយុទ្ធនាការ ថ្ងៃនេះ ខ្ញុំមិនប្រើថង់ប្លាស្ទិកទេ មាននុស្សជាង៩លាន៥សែននាក់ បានគាំទ្រ មិនមែនមនុស្សប្រមាណ១០នាក់ ដើរតាមផ្លូវស្រែកថា ខ្លួនជាអ្នកប្រជាធិបតេយ្យ ឬអ្នកបរិស្ថាននោះទេ» ឯកឧត្តមបណ្ឌិត អ៊ាង សុផល្លែត មានប្រសាសន៍បន្ថែម។
ទី៥ ឯកឧត្តមរដ្ឋមន្រ្តី មានប្រសាសន៍ផងដែរថា ការផ្សព្វផ្សាយ ក៏ត្រូវបង្ហាញពីលទ្ធផល និងបង្ហាញពីគោលដៅផងដែរ។ លទ្ធផលដែលសម្រេចបាននាពេលកន្លងមក នឹងត្រូវបន្តជំរុញការលើកទឹកចិត្ត ដល់ក្រុមគ្រួសារបរិស្ថាន បោះជំហានតទៅមុខទៀត។
សូមបញ្ជាក់ថា នៅក្នុងឱកាសប្រកាស «ផែនការយុទ្ធសាស្រ្ត និងផែនការសកម្មភាពអប់រំ-ផ្សព្វផ្សាយបរិស្ថាន និងធនធានធម្មជាតិ» ឯកឧត្តមបណ្ឌិត អ៊ាង សុផល្លែត បានរំលឹកវិធានការនៃទប់ស្កាត់ បង្រ្កាប ប្រឆាំងនឹងបទល្មើស ធនធានធម្មជាតិ គឺការអនុវត្តច្បាប់គឺត្រូវធ្វើ១០០%។ ក្រសួងបរិស្ថាន មានមេធាវីប្រចាំការ ជួយដោះស្រាយ បញ្ហាពាក់ព័ន្ធនឹង ការអនុវត្តច្បាប់ គ្រប់ពេលវេលា។ ក្រៅពីមេធាវី ក្រសួងបរិស្ថាន មានការគាំទ្រ ពីក្រសួងយុត្តិធម៌ ផ្តល់ជូនថ្នាក់ដឹកនាំ ជួយដោះស្រាយបន្ថែមទៀត។ ក្រសួងបរិស្ថាន មានកិច្ចសហការជាមួយ គណៈបញ្ចាការឯកភាពខេត្ត ក្រុង ស្រុក ដែលមានតំបន់ការពារធម្មជាតិ កងយោធពលខេមរភូមិន្ទ បញ្ចាការដ្ឋាន កងរាជអាវុធហត្ថលើផ្ទៃប្រទេស អង្គភាពប្រយុទ្ធប្រឆាំងអំពើពុករលួយ គឺជាខ្នងបង្អែកគាំទ្រ ដល់ការពង្រឹងការអនុវត្តច្បាប់របស់ក្រសួងបរិស្ថានថែមទៀត។
ក្នុងពេលជាមួយគ្នានេះ ក្រសួងបរិស្ថាន បានគាំទ្រផ្តល់ផែនទី តំបន់ការពារធម្មជាតិ មានផែនទីពីផ្កាយរណប ដល់រដ្ឋបាលខេត្ត ក្រុងស្រុក ដើម្បីពិនិត្យនិងអន្តរាគមន៍ ទប់ស្កាត់បទល្មើសធនធានធម្មជាតិ។ ក្រសួងបរិស្ថាន បានប្រគល់ជូន ដល់មន្ទីរបរិស្ថានទាំងអស់ រដ្ឋបាលខេត្តនានា ធ្វើយ៉ាងណា ឱ្យការងារគ្រប់គ្រងធនធានធម្មជាតិ និងបរិស្ថាន កាន់តែមានប្រសិទ្ធភាព និងទទួលបានប្រសិទ្ធផលខ្ពស់ រួមចំណែកសម្រេចជោគជ័យ លើបេសកកម្ម ដែលរាជរដ្ឋាភិបាល ប្រគល់ជូន។ ក្រសួងក៏បានប្រគល់ជូនដ្រូន បន្ថែមទៀត ដែលអាចជួយដល់ មន្រ្តីឧទ្យានុរក្សចុះល្បាត បានកាន់តែមានវិសាសលភាពធំជាងមុន ជួយពង្រឹងការអនុវត្តច្បាប់ ធ្វើយ៉ាងណាធនធានធម្មជាតិ របស់យើងមិនឱ្យបាត់បង់។ លើសពីនេះ ក៏ជំរុញពង្រីកវិសាលភាព គម្របព្រៃឈើកម្ពុជា ឱ្យកើនឡើងបន្ថែមទៀត។
ក្នុងពេលនេះ ឯកឧត្តមរដ្ឋមន្រ្តី បានបង្ហាញ សុទិដ្ឋិនិយមថា ក្នុងកន្លងមក មន្រ្តីរាជការនៃមន្ទីរបរិស្ថានទាំងអស់ បានបង្ហាញឱ្យឃើញពីសន្តានចិត្ត ចូលរួមបណ្តុះកូនឈើ បានចំនួន១លាន៣សែន ដើម ជាប្រវត្តិសាស្រ្ត។ ក្រសួងបរិស្ថាន បាននិងកំពុងរៀបចំ ថ្នាលបណ្តុះកូនឈើខ្នាតតំបន់ បន្ថែមចំនួន៥កន្លែង ដែលអាចផ្តល់កូនឈើប្រមាណ១០លានដើម ចាប់បីឆ្នាំ២០២៦តទៅ៕