នាយករដ្ឋមន្ត្រី៖ កុំធ្វើជាមនុស្សទឹកកក ត្រូវប្រឹងប្រែងអភិវឌ្ឍសមត្ថភាព និងបង្កើតគំនិតច្នៃប្រឌិតឱ្យបានជាប់ជាប្រចាំ ដើម្បីសម្រេចលទ្ធផលការងារ ឱ្យបានលើសពីការរំពឹងទុក
ភ្នំពេញ៖ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា បានផ្ដល់ដំបូន្មានដ៏មានតម្លៃ ដល់និស្សិតសាកលវិទ្យាល័យភូមិន្ទនីតិសាស្ត្រ និងវិទ្យាសាស្ត្រសេដ្ឋកិច្ច (RULE) ថា «កុំធ្វើជាមនុស្សទឹកកក ត្រូវប្រឹងប្រែងអភិវឌ្ឍសមត្ថភាព និងបង្កើតគំនិតច្នៃប្រឌិតឱ្យបានជាប់ជាប្រចាំ ដើម្បីសម្រេចលទ្ធផលការងារឱ្យបានលើសពីការរំពឹងទុក» ។
ក្នុងពិធីប្រគល់សញ្ញាបត្រជូននិស្សិតសាកលវិទ្យាល័យភូមិន្ទនីតិសាស្ត្រ និងវិទ្យាសាស្ត្រសេដ្ឋកិច្ច សរុប៣,៥៣០នាក់ នាថ្ងៃទី២៦ ខែកញ្ញា ឆ្នាំ២០២៤ សម្ដេចធិបតី បានមានប្រសាសន៍ថា ជាបទពិសោធន៍របស់សម្ដេច រៀនគ្រប់ទីកន្លែង រៀនពីគ្រប់គ្នា ហើយកុំភ្លេចរៀនពីខ្លួនឯងផង ខ្លួនឯងជាគ្រូរបស់ខ្លួនឯង។
សម្ដេចធិបតីបញ្ជាក់ថា «មុននឹងខ្ញុំឡើងតួនាទីនេះ ខ្ញុំជាមេជើងគោកផង ពីអគ្គមេបញ្ជាការរងកងទ័ពជើងគោកផង ពីកូនរបស់ឪពុក ពីកូនរបស់ម្ដាយ អីចឹងអ្វីដែលគាត់ណែនាំអប់រំ យើងតែងតែរកវិធីថា កុំឱ្យខុសដដែលទៀត ពេលខ្លះត្រូវអង្គុយសិក្សាមើលខ្លួនឯង កុំឱ្យដូចទឹកកក។ ទឹកកកហ្នឹងថ្កល់ អត់រីកទេ យូរៗទៅត្រូវថ្ងៃរលាយអស់។ យ៉ាងណាមិញសមត្ថភាព ចំណេះដឹង ក៏ដូចគ្នា មិនអាចទុកចោលនោះទេ ត្រូវតែពង្រីកបន្ថែម»។
សម្ដេចធិបតី បានគូសបញ្ជាក់ថា ពេលនៅរៀន គឺរៀនឱ្យបានពិន្ទុ១០០ភាគរយ តែនៅពេលចេញធ្វើការ ត្រូវធ្វើឱ្យបាន១២០ភាគរយ ទើបជោគជ័យ គឺត្រូវមានគំនិតច្នៃប្រឌិតធ្វើឱ្យល្អបន្ថែមលើសពីការរំពឹងទុក បន្ថែមការស្រាវជ្រាវ បង្កើតវិធីសាស្ត្រ ឬក៏របៀបរបបឱ្យកាន់តែរីកចម្រើន នោះហើយជាលទ្ធផល១២០ភាគរយ ៕