ឯកឧត្តម ឈិន កេតនា នាំយកអំណោយរបស់អន្តរក្រសួងចែកជូនពលរដ្ឋ និងប្រជាការពារ មកពីខណ្ឌចំនួន៣ ក្នុងរាជធានីភ្នំពេញ
ភ្នំពេញ៖ ក្នុងឱកាសដែលប្រជាពលរដ្ឋកម្ពុជាទូទាំងប្រទេស កំពុងប្រារព្ធរៀបចំពិធីបុណ្យកាន់បិណ្ឌ ភ្ជុំបិណ្ឌ ហើយបន្ទាប់ពីនេះពិធីបុណ្យកឋិនទានក៏នឹងចូលមកដល់នាពេលខាងមុខដែរនោះ គណៈកម្មាធិការជាតិរៀបចំបុណ្យជាតិ-អន្តរជាតិ ដែលដឹកនាំដោយ ឯកឧត្តម ឈិន កេតនា ទីប្រឹក្សារាជរដ្ឋាភិបាល អនុប្រធានអចិន្ត្រៃយ៍ និងជាអគ្គលេខាធិការនៃគណៈកម្មាធិការជាតិរៀបចំបុណ្យជាតិ-អន្តរជាតិ បានអញ្ជើញជួបសំណេះសំណាលសួរសុខទុក្ខ ព្រមទាំងនាំយកនូវអំណោយនិងថវិកាមួយចំនួនរបស់អន្តរក្រសួងចែកជូនដល់ប្រជាពលរដ្ឋ ប្រជាការពារ និងក្រុមអ្នកបោសសម្អាតតាមទីសាធារណៈ ដែលមកពីខណ្ឌចំនួន ៣ មានខណ្ឌដូនពេញ ខណ្ឌចំការមន និងខណ្ឌបឹងកេងកង ក្នុងរាជធានីភ្នំពេញ ប្រមាណជាង ៣០០នាក់ ក្នុងនោះមានការអញ្ជើញចូលរួមពី លោក សុខ ពេញវុធ អភិបាលរងរាជធានីភ្នំពេញ ព្រមទាំងមន្ត្រីអ្នកមុខអ្នកការជាច្រើនរូបទៀត ។
បន្ទាប់ពី លោក សុខ ពេញវុធ អភិបាលរងរាជធានីភ្នំពេញ បានជម្រាបជូនអំពីសកម្មភាព ក្នុងមូលដ្ឋានដែលបងប្អូនប្រជាការពារបានខិតខំប្រឹងប្រែងបំពេញកិច្ចការងាររក្សាបានសណ្ដាប់ធ្នាប់ របៀបរៀបរយ ពិសេសបញ្ហាអនាម័យនិងបរិស្ថានក្នុងទីក្រុង ហើយនោះ ឯកឧត្តម ឈិន កេតនា មានថ្លែងទៅកាន់អ្នកចូលរួមទាំងអស់ថា ជារៀងរាល់ឆ្នាំ រាជរដ្ឋាភិបាលនៃព្រះរាជាណាចក្រកម្ពុជា ថ្នាក់ដឹកនាំ មន្ត្រីរាជការគ្រប់ក្រសួង រដ្ឋលេខាធិការដ្ឋាន ស្ថាប័ននិងរដ្ឋបាលរាជធានី-ខេត្ត ព្រមទាំងប្រជាពលរដ្ឋខ្មែរ ទូទាំងប្រទេសតែងតែរៀបចំប្រារព្ធរៀបចំពិធីបុណ្យកាន់បិណ្ឌ ភ្ជុំបិណ្ឌ ព្រោះបុណ្យនេះជាបុណ្យប្រពៃណីព្រះពុទ្ធសាសនាដ៏មានសារសំខាន់របស់ពុទ្ធសាសនិកជនខ្មែរគ្រប់ៗរូប។ ពិធីបុណ្យនេះ ប្រារព្ធឡើងដើម្បីឧទ្ទិសកុសលជូនវិញ្ញាណក្ខន្ធ នៃអ្នកមានគុណទាំងឡាយ មានមាតាបិតា ជីដូនជីតា គ្រូឧបជ្ឈាយាចារ្យ បុព្វបុរសជាតិ និងបងប្អូនជនរួមជាតិទាំងឡាយ ដែលបានលាចាក លោកនេះទៅកាន់លោកខាងមុខ។ ម៉្យាងទៀត ក៏ជាឱកាសដ៏ល្អសម្រាប់ការជួបជុំឪពុកម្តាយ បងប្អូនញាតិមិត្ត សាច់សាលោហិតដែលរស់នៅទីផ្សេងៗគ្នា អាចស្វែងយល់បានពីសុខទុក្ខ និងដំណើរប្រព្រឹត្តទៅក្នុងជីវភាព រស់នៅប្រចាំថ្ងៃរវាងគ្នានឹងគ្នាទៅវិញទៅមក ព្រមទាំងអាចបង្កើនបាននូវសាមគ្គីភាពដ៏ទូលំទូលាយផង។
ឯកឧត្តម បន្តថា ឆ្នាំនេះ ពិធីបុណ្យកាន់បិណ្ឌ ភ្ជុំបិណ្ឌ នឹងប្រព្រឹត្តទៅពីថ្ងៃ១រោច ដល់ថ្ងៃ១៥រោច ខែភទ្របទ ឆ្នាំរោង ឆស័ក ព.ស.២៥៦៨ ត្រូវនឹងថ្ងៃទី១៨ ខែកញ្ញា ដល់ថ្ងៃទី២ ខែតុលា ឆ្នាំ២០២៤។
បន្ទាប់ពីនេះនៅ ថ្ងៃ១រោច ខែអស្សុជ ដល់ថ្ងៃ១៥ កើត ខែកត្តិក ឆ្នាំរោង ឆស័ក ព.ស.២៥៦៨ ត្រូវនឹងថ្ងៃទី១៨ ខែតុលា ដល់ថ្ងៃទី១៥ ខែវិច្ឆិកា ឆ្នាំ២០២៤ ពិធីបុណ្យកឋិនទាន ក៏បានចូលមកដល់ ជាកាលទានមួយដ៏ថ្លៃថ្លា មានលក្ខណៈពិសេសនៅក្នុងព្រះពុទ្ធសាសនា ដែល ក្នុងមួយឆ្នាំមានតែម្តង មានរយៈពេលកំណត់ ២៩ថ្ងៃ ដោយវត្តមួយទទួលបានតែអង្គកឋិនមួយ ជាទានមានផលានិសង្សខ្ពស់ទាំងទាយក ទាយិកា និងទាំងបដិគ្គាហក ជាទីជ្រះថ្លា និងចំណូលចិត្តរបស់ពុទ្ធបរិស័ទខ្មែរ ដែលតែងតែប្រារព្ធធ្វើឡើងរៀងរាល់ឆ្នាំផងដែរ។
ឆ្លៀតក្នុងឱកាសនេះ ឯកឧត្តម ឈិន កេតនា ក៏បាននាំនូវប្រសាសន៍ផ្ដាំផ្ញើសួរសុខទុក្ខពី សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា សម្ដេចមហារដ្ឋសភាធិការធិបតី ឃួន សុដារី ប្រធានរដ្ឋសភា និងសម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត ប្រមុខរាជរដ្ឋាភិបាល ជូនដល់ប្រជាពលរដ្ឋ និងកម្លាំងប្រជាការពារទាំងអស់ ដែលមកពីខណ្ឌចំនួន៣ សូមថែរក្សាសុខភាពឲបានល្អ ខិតខំប្រឹងប្រែងប្រកបការងារដើម្បីជីវភាពខ្លួនឯង និងគ្រួសារកាន់តែប្រសើរថែមទៀត ដោយបច្ចុប្បន្នប្រទេសជាតិបន្តរក្សាបាននូវសុខសន្តិភាពពេញបរិបូណ៌ ស្ថេរភាពនយោបាយ និងសេដ្ឋកិច្ច ក្រោមការដឹកនាំដ៏ឈ្លាសវៃនិងប៉ិនប្រសប់បំផុតរបស់រាជរដ្ឋាភិបាលបន្តវេន ដែលមានសម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត ជានាយករដ្ឋមន្ត្រី ។
សូមបញ្ជាក់ជូនថាអំណោយនិងថវិកាមួយចំនួនរបស់អន្តរក្រសួងដែលត្រូវបានចែកជូន ដល់ប្រជាពលរដ្ឋ ប្រជាការពារ និងក្រុមអ្នកបោសសម្អាតតាមទីសាធារណៈ ដែលមកពីខណ្ឌចំនួន៣ ក្នុងរាជធានីភ្នំពេញ ប្រមាណជាង ៣០០ នាក់ ក្នុងម្នាក់ទទួលបាន មី ទឹកដោះគោ ស្ករស ត្រីខកំប៉ុង នំក្រៀម សារុង ក្រមា និងថវិកាមួយចំនួនផងដែរ ៕