រដ្ឋមន្ត្រីក្រសួងសង្គមកិច្ច៖ ការកេងប្រវ័ញ្ចផ្លូវភេទលើកុមារតាមប្រព័ន្ធអនឡាញ ជាបញ្ហាសកលដែលពិភពលោកកំពុងតែយកចិត្តទុកដាក់រួមគ្នាដើម្បីបង្ការ ទប់ស្កាត់ និងឆ្លើយតប
ភ្នំពេញ៖ ឯកឧត្តម ជា សុមេធី រដ្ឋមន្ត្រីក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា និងជាប្រធានក្រុមប្រឹក្សាជាតិកម្ពុជាដើម្បីកុមារ បានគូសបញ្ជាក់ថា ការកេងប្រវ័ញ្ចផ្លូវភេទលើកុមារតាមប្រព័ន្ធអនឡាញ គឺជាបញ្ហាសកលដែលពិភពលោកកំពុងតែយកចិត្តទុកដាក់ និងរួមគ្នាដើម្បីបង្ការ ទប់ស្កាត់ និងឆ្លើយតប ហើយចំពោះកម្ពុជាគឺបាន និងកំពុងបោះជំហានទៅមុខក្នុងការចូលរួមចំណែកសំដៅធ្វើឱ្យកាន់តែប្រសើរឡើងនូវការលើកកម្ពស់កិច្ចការពារកុមារនេះ។
ក្នុងពិធីផ្សព្វផ្សាយ និងដាក់ឱ្យប្រើប្រាស់ជាផ្លូវការនូវសម្ភារឧបទ្ទេសសម្រាប់បណ្តុះបណ្តាលអំពីសុវត្ថិភាពកុមារតាមប្រព័ន្ធអនឡាញ នៅសណ្ឋាគារភ្នំពេញ នាថ្ងៃទី២៦ ខែកញ្ញា ឆ្នាំ២០២៤នេះ ឯកឧត្តមរដ្ឋមន្ត្រីបានបន្តថា សកលភាវូបនីយកម្ម និងការវិវត្តនៃបច្ចេកវិទ្យាព័ត៌មាន គឺជាមធ្យោបាយដ៏ស័ក្តិសិទ្ធមួយដែលធ្វើឱ្យកុមារ ក៏ដូចជាប្រជាជននៅលើពិភពលោកបានខិតជិតគ្នា និងអាចទំនាក់ទំនងសហការគ្នាយ៉ាងល្អប្រសើរ និងរួមគ្នាដោះស្រាយគ្រប់បញ្ហា រួមទាំងការសិក្សាអប់រំរបស់កុមារ និងយុវវ័យទាំងនៅទីក្រុង និងជនបទ តែចរន្តសកលភាវូបនីយកម្ម និងការវិវត្តនៃបច្ចេកវិទ្យាព័ត៌មាន ក៏មានជ្រុងអវិជ្ជមានមួយចំនួនដែលពាក់ព័ន្ធនឹងការប្រើប្រាស់ខុសគោលដៅ និងដោយមានការជ្រៀតចូលពីក្រុមឧក្រិដ្ឋជន ឆ្លៀតឱកាសទាញយកផលប្រយោជន៍ដោយខុសច្បាប់ និងប្រាសចាកពីគន្លងសីលធម៌ ដោយបង្កើតឱ្យមានការកេងប្រវ័ញ្ច និងរំលោភបំពានផ្លូវភេទលើកុមារ និងឧក្រិដ្ឋកម្មគ្រប់រូបភាពដែលជាទម្រង់ថ្មីមួយកំពុងរាលដាល និងបង្កហានិភ័យខ្ពស់ដល់កុមារនៅលើពិភពលោក រួមទាំងកុមារកម្ពុជាផងដែរ។
ដោយមើលឃើញពីហានិភ័យទាំងអស់នេះ កម្ពុជាបានចុះហត្ថលេខាលើសេចក្តីថ្លែងការណ៍ WePROTEC នៅទីក្រុងអាប៊ុយដាប៊ី ឆ្នាំ២០១៥ ពាក់ព័ន្ធនឹងសកម្មភាពទប់ស្កាត់ការរំលោភបំពាន និងកេងប្រវ័ញ្ចផ្លូវភេទលើកុមារតាមប្រព័ន្ធអនឡាញ និងបានចូលជាសមាជិកនៃប្រទេសភាពជាដៃគូសកលដើម្បីលុបបំបាត់អំពើហិង្សាលើកុមារកាលពីថ្ងៃទី១២ ខែកញ្ញា ឆ្នាំ២០១៩ ដោយបានប្តេជ្ញាចិត្តលើការផ្តួចផ្តើមដើម្បីបញ្ចប់អំពើហិង្សាលើកុមារ ស្របតាមគោលដៅអភិវឌ្ឍន៍ប្រកបដោយ ចីរភាព ឆ្នាំ២០៣០។ ទន្ទឹមនឹងនេះ នៅក្នុងកិច្ចប្រជុំកំពូលអាស៊ាន នៅថ្ងៃទី០២ ខែវិច្ឆិកា ឆ្នាំ២០១៩ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន អតីតប្រមុខរាជរដ្ឋាភិបាលកម្ពុជា បានចូលរួមអនុម័តលើសេចក្តីថ្លែងការណ៍អាស៊ាន ដែលអំពាវនាវឱ្យរដ្ឋជាសមាជិកអាស៊ានទាំងអស់ប្រើប្រាស់បទដ្ឋានកម្រិតខ្ពស់ ដើម្បីការពារកុមារទាំងអស់នៅក្នុងអាស៊ានពីការកេងប្រវ័ញ្ច និងរំលោភបំពានផ្លូវភេទតាមប្រព័ន្ធអនឡាញ។
ឯកឧត្តមបានមានប្រសាសន៍ថា នៅពេលនេះ អគ្គលេខាធិការដ្ឋានក្រុមប្រឹក្សាជាតិកម្ពុជាដើម្បីកុមារ និងអង្គការឆាលហ្វានកម្ពុជា បានផលិតនូវសម្ភារឧបទ្ទេសសម្រាប់បណ្តុះបណ្តាលអំពីសុវត្ថិភាពកុមារតាមប្រព័ន្ធអនឡាញ ដែលរួមមាន សៀវភៅសម្រាប់បណ្តុះបណ្តាលគ្រូបង្គោល សៀវភៅសម្រាប់បណ្តុះបណ្តាលអ្នកមានវិជ្ជាជីវៈសង្គមកិច្ច សៀវភៅសម្រាប់បណ្តុះបណ្តាលឳពុកម្តាយ អាណាព្យាបាល និងអ្នកថែទាំ និងសៀវភៅមេរៀនសម្រាប់បណ្តុះបណ្តាលកុមារវ័យជំទង់ និងយុវជនជាដើម ដោយក្រសួង ស្ថាប័ន និងអង្គការមិនមែនរដ្ឋាភិបាល ដែលមានបំណងយកសៀវភៅបណ្តុះបណ្តាលដែលបានរៀបចំហើយនេះទៅបណ្តុះបណ្តាលបន្តដល់ក្រុមគោលដៅរបស់ខ្លួន សូមធ្វើការទាក់ទងមកអគ្គលេខាធិការដ្ឋានក្រុមប្រឹក្សាជាតិកម្ពុជាដើម្បីកុមារ ដើម្បីផ្តល់ជូននូវការបណ្តុះបណ្តាលគ្រូបង្គោលជាមុនសិន និងបច្ចេកទេសក្នុងការប្រើប្រាស់សម្ភារទាំងអស់ខាងលើនេះ៕