អភិបាលខេត្តកណ្ដាល ណែនាំដល់រដ្ឋបាលស្រុកកណ្ដាលស្ទឹង ត្រូវយកចិត្តទុកដាក់តាមដានឱ្យជាប់នូវសភាពការណ៍ទឹកជំនន់ ដើម្បីត្រៀមបង្ការ និងសង្គ្រោះពលរដ្ឋបានទាន់ពេលវេលាក្នុងករណីមានទឹកជំនន់កើតឡើង
ភ្នំពេញ៖ ឯកឧត្តម គួច ចំរើន អភិបាល នៃគណៈអភិបាលខេត្តកណ្ដាល បានធ្វើការណែនាំដល់រដ្ឋបាលស្រុកកណ្ដាលស្ទឹង បែបនេះក្នុងឱកាសដែល ឯកឧត្តម អញ្ជើញចុះពិនិត្យស្ថានភាពទឹកនៅទំនប់ទ្វារទឹក ៧មករា ស្ថិតនៅភូមិកំពង់ទួល ឃុំអន្លង់រមៀត ស្រុកកណ្តាលស្ទឹង និងបន្តពិនិត្យទ្វារទឹកមួយចំនួននៅស្រុកកណ្ដាលស្ទឹង នាព្រឹកថ្ងៃទី២៦ ខែកញ្ញា ឆ្នាំ២០២៤។
ឯកឧត្តមអភិបាលខេត្ត បានបន្តថា ស្រុកកណ្ដាលស្ទឹង គឺជាស្រុកមួយក្នុងចំណោមក្រុង-ស្រុកដទៃទៀត ដែលទទួលរងនូវទឹកជំនន់ជារៀងរាល់ឆ្នាំ ពិសេសជំនន់ទឹកភ្លៀងនារដូវវស្សា ដែលទទួលរងពីតាមបណ្ដាស្ទឹងព្រែកត្នោត ដោយបានជន់លិចផលដំណាំ និងផ្ទះសម្បែងរបស់ប្រជាពលរដ្ឋស្ទើរតែរាល់ឆ្នាំ។ ដូច្នេះរដ្ឋបាលស្រុកកណ្ដាលស្ទឹង ត្រូវត្រៀមខ្លួនទុកជាមុន សម្រាប់បង្ការ ការពារ និងជួយសង្គ្រោះប្រជាពលរដ្ឋក្នុងករណីមានទឹកជំនន់កើតឡើង។
ឯកឧត្តមអភិបាលខេត្ត បានបន្ថែមថា រាជរដ្ឋាភិបាលបានយកចិត្តទុកដាក់ក្នុងការកាយស្ដារនៅប្រឡាយ ស្ទឹង និងព្រែកមួយចំនួនដែលមានសភាពគោករាក់ ដើម្បីធ្វើការបើកមុខទឹក និងសម្រួលចរន្តទឹកហូរបានលឿន ដើម្បីបញ្ជៀសនូវការជន់លិចក្នុងភូមិសាស្ត្រក្រុងតាខ្មៅ ស្រុកកណ្ដាលស្ទឹង និងក្រុង-ស្រុកមួយចំនួនទៀត។
ជាមួយគ្នានេះដែរ ឯកឧត្តមអភិបាលខេត្ត បានណែនាំដល់រដ្ឋបាលស្រុកកណ្ដាលស្ទឹង ត្រូវពិនិត្យរាល់ការធ្វើឱ្យស្ទះនូវលំហូរទឹកនៅតាម ប្រឡាយ ស្ទឹង ត្រូវធ្វើការកាយស្ដារដើម្បីសម្រួលចរន្តទឹកឱ្យបានលឿន ពិសេសលើកនូវសោភ័ណភាពតាមប្រឡាយ និងស្ទឹងផងដែរ។
លោក អ៊ូច សៅវឿន អភិបាលស្រុកកណ្ដាលស្ទឹង បានឱ្យដឹងថា ស្ថានភាពនៅទំនប់ទ្វារទឹក ៧មករា ទឹកមានសភាពធម្មតា មិនមានការគំរាមកំហែងឬប្រកាសអាសន្ននោះឡើយ ៕