រដ្ឋមន្ត្រីក្រសួងវប្បធម៌ ទទួលជួបពិភាក្សាការងារជាមួយឯកអគ្គរដ្ឋទូតហ្វីលីពីនប្រចាំកម្ពុជា
ភ្នំពេញ៖ លោកជំទាវបណ្ឌិតសភាចារ្យ ភឿង សកុណា រដ្ឋមន្ត្រីក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ នាថ្ងៃទី២៦ ខែកញ្ញា ឆ្នាំ២០២៤ បានទទួលជួបលោកជំទាវ Flerida Ann Camille P. Mayo ឯកអគ្គរដ្ឋទូតវិសាមញ្ញ និងពេញសមត្ថភាព នៃសាធារណរដ្ឋហ្វីលីពីន ប្រចាំព្រះរាជាណាចក្រកម្ពុជា ដើម្បីសម្តែងការគួរសម និងពិភាក្សាការងារលើវិស័យវប្បធម៌នៅទីស្តីការក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ។
នៅក្នុងកិច្ចជំនួបនាឱកាសនោះ លោកជំទាវបណ្ឌិតសភាចារ្យរដ្ឋមន្រ្តី បានសម្តែងនូវការអបអរសាទរចំពោះលោកជំទាវ Flerida Ann Camille P. Mayo ដែលត្រូវបានតែងតាំងជាឯកអគ្គរដ្ឋទូតនៃសាធារណរដ្ឋហ្វីលីពីនថ្មីប្រចាំព្រះរាជាណាចក្រកម្ពុជា។
តាមរយៈជំនួបនេះ លោកជំទាវទាំងពីរក៏បានពិភាក្សាលើការងារមួយចំនួនទាក់ទងនឹងការសហប្រតិបត្តិការលើវិស័យវប្បធម៌រវាងប្រទេសទាំងពីរនាពេលអនាគត ៕