សម្ដេចតេជោ សង្ឃឹមថា ប្រទេសសមាជិកអាស៊ាន និងជប៉ុន អាចសហការរួមគ្នា ដើម្បីជួយនាំមីយ៉ាន់ម៉ាមករកភាពល្អប្រសើរឡើងវិញ
ភ្នំពេញ៖ នៅព្រឹកថ្ងៃព្រហស្បតិ៍ ៩រោច ខែភទ្របទ ឆ្នាំរោង ឆស័ក ពុទ្ធសករាជ ២៥៦៨ ត្រូវនឹងថ្ងៃទី២៦ ខែកញ្ញា ឆ្នាំ២០២៤ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភានៃព្រះរាជាណាចក្រកម្ពុជា បានអនុញ្ញាតឱ្យលោកស្រីសាស្ត្រាចារ្យ YAMANAKA Akiko អតីតអនុរដ្ឋមន្ត្រីក្រសួងការបរទេសជប៉ុន និងជាអតីតឯកអគ្គរាជទូតពិសេសសម្រាប់ការកសាងសន្តិភាពនៃរដ្ឋាភិបាលជប៉ុន ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ នៅវិមានព្រឹទ្ធសភា។
ជាកិច្ចចាប់ផ្តើម សម្តេចតេជោ ប្រធានព្រឹទ្ធសភា បានស្វាគមន៍ លោកស្រីសាស្ត្រាចារ្យ និងគណប្រតិភូដែលបានអញ្ជើញមកបំពេញទស្សនកិច្ចនៅកម្ពុជា និងបានសម្តែងនូវក្តីរីករាយដែលលោកស្រីមិនភ្លេចកម្ពុជា ថ្វីត្បិតទស្សនកិច្ចរបស់លោកស្រីមានរយៈពេលខ្លីក៏ដោយ។ សម្តេច សង្ឃឹមថា លោកស្រីអាចនឹងមើលឃើញដោយផ្ទាល់ពីការរីកចម្រើនរបស់កម្ពុជា ក្រោយសម្រេចបាននូវសុខសន្តិភាព ដែលទាំងអស់នេះ បង្ហាញឱ្យឃើញពីទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការ សព្វបែបយ៉ាងដែលជប៉ុនបានជួយកម្ពុជា។
លោកស្រីសាស្ត្រាចារ្យ YAMANAKA Akiko បានថ្លែងអំណរគុណចំពោះសម្ដេចតេជោ ដែលបានអនុញ្ញាតឱ្យលោកស្រីចូលជួបសម្តែងការគួរសមនេះ។ លោកស្រី បានរំលឹកពីជំនួបជាមួយសម្តេចកាលពីជាង២០ឆ្នាំមុន ដែលសម្តេចបានផ្តល់កិត្តិយសក្នុងបទសម្ភាសន៍នៅក្នុងកម្មវិធី «Voice of Asia to the West» ក្រោមការរៀបចំរបស់មូលនិធិសាសាកាវ៉ា។ លោកស្រីសាស្ត្រាចារ្យបានវាយតម្លៃខ្ពស់ និងអបអរសាទរ សម្ដេច ដែលបានដឹកនាំប្រទេស សម្រេចបានការអភិវឌ្ឍន៍យ៉ាងត្រចះត្រចង់ និងអបអរសាទរចំពោះភាពជោគជ័យដែលសម្ដេចបានបណ្ដុះបណ្ដាលបុត្រាបុត្រីសម្ដេច សម្រាប់បន្តវេន ដែលរួមចំណែកក្នុងការអភិវឌ្ឍប្រទេស។
លោកស្រីបានគូសបញ្ជាក់ថា គោលបំណងចម្បងរបស់លោកស្រីចំពោះដំណើរទស្សនកិច្ចមកកាន់តំបន់នាពេលនេះគឺ ដើម្បីចូលរួមក្នុងសិក្ខាសាលាមួយដែលរៀបចំឡើងដោយវិទ្យាស្ថានស្រាវជ្រាវសេដ្ឋកិច្ចសម្រាប់អាស៊ាន និងអាស៊ីខាងកើត ដែលប្រព្រឹត្តទៅនៅថ្ងៃទី២៧កញ្ញា ហើយលោកស្រី នឹងថ្លែងបាឋកថាមួយនៅសាកលវិទ្យាល័យភូមិន្ទភ្នំពេញផងដែរ។ សិក្ខាសាលានេះ មានគោលដៅជំរុញនិងលើកកម្ពស់របៀបវារៈស្តីពី ស្ត្រី សន្តិភាព និងសន្តិសុខ (WPS) និងស្ត្រីក្នុងសេដ្ឋកិច្ចឌីជីថល (WDE)។ លោកស្រីបានលើកឡើងថា អគ្គលេខាធិការអាស៊ាន ឯកឧត្តមបណ្ឌិត កៅ គឹមហួន បានសម្តែងនូវការគាំទ្រចំពោះគម្រោងនេះ និងការលើកទឹកចិត្តឱ្យជប៉ុនតែងតាំងប្រេសិតពិសេសសម្រាប់ការកសាងសន្តិភាពផងដែរ។
លោកស្រីបានបន្តថា មានការស្នើឱ្យធ្វើជាគម្រោងស្រាវជ្រាវផ្តោតលើករណីសិក្សារបស់ប្រទេសនីមួយៗទាំង១០ក្នុងអាស៊ាន ដែលផ្តើមចេញពីកម្ពុជា ឥណ្ឌូនេស៊ី និងហ្វីលីពីន បន្ទាប់មកនឹងមានការចូលរួមពីខាងសហរដ្ឋអាមេរិក ដោយសារតែសាកលវិទ្យាល័យ Georgetown មានកម្មវិធីសិក្សាអំពី ស្ត្រី សន្តិភាព និងសន្តិសុខ (WPS) ដ៏រឹងមាំមួយ។
លោកស្រីបានជម្រាបជូនសម្តេចតេជោផងដែរថា លោកស្រីបានពិភាក្សាជាមួយលោកជំទាវរដ្ឋមន្ត្រីក្រសួងវប្បធម៌ និង លោកជំទាវរដ្ឋមន្ត្រីក្រសួងកិច្ចការនារី ទាក់ទងទៅនឹងតួនាទីរបស់ស្ត្រី រួមចំណែកថែរក្សាសុខសន្តិភាពនៅក្នុងសង្គម។
លោកស្រីសាស្ត្រាចារ្យ បានកោតសរសើរសម្ដេចតេជោដែលបាន ប្រឹងប្រែងកន្លងមកក្នុងការជួយដល់មីយ៉ាន់ម៉ា ជាពិសេសតាមរយៈដំណើរទស្សនកិច្ចរបស់សម្ដេចតេជោនាពេលកន្លងទៅនោះ។
ជាកិច្ចឆ្លើយតប សម្ដេចតេជោ ប្រធានព្រឹទ្ធសភា បានថ្លែងអំណរគុណចំពោះលោកស្រីសាស្ត្រាចារ្យលោកស្រីដែលបានរំលឹកអំពីអនុស្សាវរីយ៍ដែលសម្ដេចបានផ្ដល់បទសម្ភាសន៍ជាមួយលោកស្រីសាស្ត្រាចារ្យ កាលពីជាង២០ឆ្នាំកន្លងទៅ ហើយការអញ្ជើញមកពេលនេះ លោកស្រី បានឃើញដោយផ្ទាល់ពីការរីកចម្រើនរបស់កម្ពុជាគ្រប់វិស័យ ក្រោមការដឹកនាំរបស់រាជរដ្ឋាភិបាលតាំងពីអាណត្តិមុន បន្តមកដល់អាណត្តិថ្មីដែលជាអ្នកបន្តវេននេះ ខុសពី២០ឆ្នាំមុនពេលដែលប្រទេសយើងទើបចាកផុតពីសង្គ្រាម និងទើបតែចូលជាសមាជិកអាស៊ាន ហើយនៅពេលបច្ចុប្បន្ន អគ្គលេខាធិការអាស៊ាន ជាជនជាតិខ្មែរផងដែរ។
ពាក់ព័ន្ធនឹងការវិនិយោគលើស្ត្រី សម្តេចមានប្រសាសន៍ថា នៅក្នុងប្រទេសអាស៊ានទាំង១០ កម្ពុជាជាប់បានពិន្ទុល្អក្នុងការយកចិត្តទុកដាក់លើស្ត្រី។ ជាក់ស្តែង កម្ពុជាមានគោលនយោបាយជាតិគាំពារសង្គមដែលយកស្ត្រីជាមូលដ្ឋាន ជាពិសេសការយកចិត្តទុកដាក់ទៅលើស្ត្រីដែលមានផ្ទៃពោះ ដោយផ្តល់ការឧបត្ថម្ភចាប់តាំងពីមានផ្ទៃពោះរហូតដល់ពេលសម្រាលកូន ទាំងការពិនិត្យសុខភាពនៅមន្ទីរពេទ្យ រហូតដល់កុមារកើតមកអាយុ២ឆ្នាំ។ បច្ចុប្បន្ន ស្ត្រីដែលជាកម្មការិនី ក្នុងអំឡុងពេលសម្រាកមាតុភាព៣ខែ មានប្រាក់បៀវត្សចំនួន១២០% ដែលសម្តេចបានលើកឡើងថាប្រហែលជាប្រទេសដទៃមិនទាន់មានគោលការណ៍នេះនៅឡើយទេ ហើយរាជរដ្ឋាភិបាលអាណត្តិថ្មីកំពុងតែខិតខំប្រឹងប្រែងដើម្បីអនុវត្តដូចគ្នានេះដែរ ចំពោះមន្ត្រីរាជការ។កម្ពុជាស្នើចិន បន្តជួយគាំទ្រនិងកសាងហេដ្ឋារចនាសម្ព័ន្ធនៅកម្ពុជាឱ្យមានភាពធន់ទៅនឹងបម្រែបម្រួលអាកាសធាតុ
ភ្នំពេញ៖ នាព្រឹកថ្ងៃទី២៦ ខែកញ្ញា ឆ្នាំ២០២៤នេះ ឯកឧត្តម ប៉េង ពោធិ៍នា រដ្ឋមន្រ្តីក្រសួងសាធារណការ និងដឹកជញ្ជូន បានជួបប្រជុំទ្វេរភាគីជាមួយសមភាគី ឯកឧត្តម Li Xiaopeng រដ្ឋមន្រ្តីក្រសួងដឹកជញ្ជូននៃសាធារណរដ្ឋប្រជាមានិតចិន នៅទីស្តីការក្រសួងដឹកជញ្ជូនចិន ដើម្បីរឹតចំណងមិត្តភាព និងពង្រឹងកិច្ចសហប្រតិបត្តិការរវាងក្រសួងទាំងពីរ។
នាឱកាសនោះ ឯកឧត្តម ប៉េង ពោធិ៍នា បានលើកឡើងពីចំណងមិត្តភាពត្បូងពេជ្ររវាងប្រទេសទាំងពីរ និងតួនាទីដ៏សំខាន់របស់ប្រទេសចិនក្នុងការវិនិយោគ ការផ្លាស់ប្តូរពាណិជ្ជកម្ម និងការផ្តល់ហិរញ្ញប្បទានសម្រាប់ការអភិវឌ្ឍនៅប្រទេសកម្ពុជា។
ឯកឧត្តមរដ្ឋមន្រ្តី ក៏បានស្នើឱ្យភាគីចិនបន្តជួយគាំទ្រនិងកសាងហេដ្ឋារចនាសម្ព័ន្ធនៅកម្ពុជាឱ្យមានភាពធន់ទៅនឹងបម្រែបម្រួលអាកាសធាតុ។
ឯកឧត្តម Li Xiaopeng បានវាយតម្លៃខ្ពស់ចំពោះចំណងមិត្តភាព និងកិច្ចសហប្រតិបត្តិការល្អរវាងក្រសួងទាំងពីរនាពេលកន្លងមក និងសន្យាបន្តឱ្យកាន់តែប្រសើរឡើងនាពេលអនាគត។
នាឱកាសនៃជំនួបនោះ ថ្នាក់ដឹកនាំនៃក្រសួងទាំងពីរ បានឯកភាពគ្នាបង្កើតក្រុមការងារសម្រាប់ពិនិត្យឡើងវិញលើ អនុស្សារណៈយោគយល់ រវាងក្រសួងទាំងពីរ ដែលបានចុះហត្ថលេខា កាលពីឆ្នាំ២០១៧ ក្នុងគោលដៅ ពង្រីកកិច្ចសហប្រតិបត្តិការ វិស័យសាធារណការ និងដឹកជញ្ជូន ឱ្យកាន់តែរីកចម្រើន និងគ្រប់ជ្រុងជ្រោយស្របតាមការអភិវឌ្ឍនាពេលបច្ចុប្បន្ន៕