អភិបាលខេត្តកំពង់ចាម ផ្តាំផ្ញើអភិបាលស្រុកស្ទឹងត្រង់ទើបទទួលតំណែងថ្មី សូមមានសិល្បៈក្នុងការគ្រប់គ្រង ដោយភាពទទួលខុសត្រូវ
ភ្នំពេញ៖ នារសៀលថ្ងៃទី២៦អភិបាលខេត្តកំពង់ចាម ផ្តាំផ្ញើអភិបាលស្រុកស្ទឹងត្រង់ទើបទទួលតំណែងថ្មី សូមមានសិល្បៈក្នុងការគ្រប់គ្រង ដោយភាពទទួលខុសត្រូវ ខែកញ្ញា ឆ្នាំ២០២៤នេះ ឯកឧត្ដម អ៊ុន ចាន់ដា អភិបាលខេត្តកំពង់ចាម បានអញ្ជើញប្រកាសលោក បាន ស្រេងអភិបាលរងស្រុកស្ទឹងត្រង់ ឱ្យចូលកាន់តំណែងជាអភិបាលស្រុកស្ទឹងត្រង់ ជំនួសលោក ទុន ណេត ដែលត្រូវបានផ្លាស់ទៅទទួលតំណែងជាអភិបាលស្រុកកំពង់សៀម។
ថ្លែងក្នុងឱកាសនោះ ឯកឧត្ដម អ៊ុន ចាន់ថា ផ្តាំផ្ញើឲ្យអភិបាលស្រុកទើបតែទទួលតំណែងថ្មី សូមមានសិល្បៈក្នុងការគ្រប់គ្រង ដោយភាពទទួលខុសត្រូវ និងចេះចែករំលែកការងារដល់អភិបាលរងស្រុក ដើម្បីធ្វើការក្នុងនាមជាសេនាធិការ និងរួមទទួលខុសត្រូវទាំងអស់គ្នា ដើម្បីនាំមកនូវការអភិវឌ្ឍ និងការរីកចម្រើនដល់សង្គមជាតិ ដល់មូលដ្ឋានប្រជាពលរដ្ឋរបស់យើង ទាំងសន្តិសុខ សណ្ដាប់ធ្នាប់សាធារណៈ ទាំងការផ្ដល់សេវាសាធារណៈ ក៏ដូចជាការងារដោះស្រាយបញ្ហានានាជូនប្រជាពលរដ្ឋក្នុងមូលដ្ឋានរបស់ខ្លួន។
បន្ថែមលើសនោះ ឯកឧត្ដមអភិបាលខេត្តកំពង់ចាម បានក្រើនរំលឹកដល់រដ្ឋបាលស្រុកស្ទឹងត្រង់ សូមឲ្យបន្តពង្រឹងកាអនុវត្តនូវគោលការណ៍៤ចំណុចដូចខាងក្រោម៖
ទី១៖ ខិតខំបន្ថថែរក្សាសន្តិសុខ សណ្តាប់ធ្នាប់ សាធារណៈ ពោលគឺការអនុវត្តគោលនយោបាយភូមិ ឃុំ មានសុវត្ថិភាព ទាំង៧ចំណុច ត្រូវធានាឲ្យបានល្អនៅក្នុងភូមិសាស្ត្ររបស់ខ្លួន។ បន្ថែមពីលើសនេះ ត្រូវមើលពាក់ព័ន្ធបញ្ហាក្មេងទំនើង បញ្ហាគ្រោះថ្នាក់ចរាចរណ៍ និងបញ្ហាបទល្មើសគ្រឿងញៀន ត្រូវទប់ស្កាត់ឲ្យបានកុំឲ្យមានបញ្ហានៅក្នុងមូលដ្ឋានរបស់ខ្លួន។
ទី២៖ ត្រូវជំរុញនូវការផ្ដល់សេវាសាធារណៈតាមរយៈយន្តការច្រកចេញចូលតែមួយ ទាំងថ្នាក់ឃុំ និងថ្នាក់ស្រុក ត្រូវឱ្យមានមន្ត្រីនៅប្រចាំការ ប្រសិនបើមានការខ្វះចន្លោះ សូមអភិបាលស្រុកទើបតែឡើងកាន់តំណែងថ្មីត្រូវបំពេញបន្ថែមមន្ត្រី ដើម្បីរងចាំផ្តល់សេវាជូនប្រជាពលរដ្ឋឲ្យបានល្អប្រសើរ។
ទី៣៖ សូមឲ្យមើលទៅលើឥរិយាបទរបស់មន្ត្រី ដែលកំពុងបម្រើការងារផ្ដល់សេវា ព្រមទាំងមន្ត្រីកំពុងអនុវត្តការងារសន្តិសុខ សេវាអប់រំ សេវាសុខាភិបាល និងសេវាកសិកម្ម ជាដើម។
ទី៤៖ សូមឲ្យបង្កើននូវការយកចិត្តទុកដាក់ អភិវឌ្ឍន៍មូលដ្ឋាន និងការដោះស្រាយបញ្ហានានា ដែលកើតមាន នៅទីនេះ ទាំងបញ្ហាដែលនៅសេសសល់ពីអភិបាលស្រុកមុន និងបញ្ហាដែលកើតឡើងថ្មី។ ចំពោះការអភិវឌ្ឍត្រូវយកបទពិសោធន៍ដែលធ្លាប់មាន មកបន្តអភិវឌ្ឍន៍នៅក្នុងស្រុកស្ទឹងត្រង់នេះ ឲ្យស្រកតាមស្ថានភាពមូលដ្ឋាន ដោយទំនាក់ទំនងចាប់ដៃគូជាមួយ អ្នកវិនិយោគផ្សេងៗ ធ្វើយ៉ាងណាឲ្យមានការអភិវឌ្ឍដល់ថ្នាក់ឃុំផងដែរ៕