យោធិន នៃកងរាជអាវុធហត្ថរាជធានីភ្នំពេញ ៣១នាក់ ត្រូវបានដាក់ឲ្យចូលនិវត្តន៍ ព្រមគ្នាជាមួយយោធិន នៃកងរាជអាវុធហត្ថ ជាង២០០នាក់ផ្សេងទៀតទូទាំងប្រទេស
ភ្នំពេញ៖ នាព្រឹកថ្ងៃទី២៦ ខែកញ្ញា ឆ្នាំ២០២៤ បញ្ជាការដ្ឋាន កងរាជអាវុធហត្ថលើផ្ទៃប្រទេស ក៏ដូចជា បណ្តាអាវុធហត្ថរាជធានីខេត្តទាំង២៥ បានរៀបចំពិធីសំណេះសំណាល និងបំពាក់ឋានន្តរសក្តិ ជូនគ្រឿងឥស្សរិយយស ជូនដល់យោធិន នៃកងរាជអាវុធហត្ថ ចូលនិវត្តន៍ ឆ្នាំ២០២៤ សរុបចំនួន ២៦៣នាក់ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ លោកនាយឧត្តមសេនីយ៍ សៅ សុខា អគ្គមេបញ្ជាការរង កងយោធពលខេមរភូមិន្ទ មេបញ្ជាការ កងរាជអាវុធហត្ថលើផ្ទៃប្រទេស តាមរយៈប្រព័ន្ធ Video Conference។
ក្នុងឱកាសនេះផងដែរ យោធិន នៃកងរាជអាវុធហត្ថរាជធានីភ្នំពេញ ដែលត្រូវបានដាក់ឲ្យចូលនិវត្តន៍ ត្រៀមផ្ទេរចេញក្នុងឆ្នាំ២០២៤នេះ មានចំនួន ៣១នាក់ បានចូលរួមតាម Video Conference ចេញពីបញ្ជាការដ្ឋាន កងរាជអាវុធហត្ថ រាជធានីភ្នំពេញ ដើម្បីស្តាប់ប្រសាសន៍ដឹកនាំដ៏ខ្ពង់ខ្ពស់របស់លោកនាយឧត្តមសេនីយ៍ សៅ សុខា ព្រមគ្នាជាមួយយោធិន នៃកងរាជអាវុធហត្ថ ចូលនិវត្តន៍ តាមបណ្តាខេត្តទាំង២៤។
ក្រោយពីលោកនាយឧត្តមសេនីយ៍ សៅ សុខា ធ្វើការសំណេះសំណាលតាម Video Conference ចប់ មេបញ្ជាការ តាមបណ្តារាជធានីខេត្ត បានធ្វើពិធី បំពាក់ឋានន្តរសក្តិ ឥស្សរិយយស ជូនដល់ យោធិននៃកងរាជអាវុធហត្ថ ចូលនិវត្តន៍ ក្រោមឱវាទរៀងៗខ្លួន ព្រមទាំងផ្តល់ជូននូវ សម្ភារ ថវិកា មួយចំនួនផងដែរ។ សម្រាប់យោធិនចូលនិវត្តន៍ នៃកងរាជអាវុធហត្ថរាជធានីភ្នំពេញ ទាំង ៣១នាក់ ក្នុងម្នាក់ៗ ទទួលបានអំណោយពីលោកឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង មេបញ្ជាការរង កងរាជអាវុធហត្ថលើផ្ទៃប្រទេស មេបញ្ជាការ កងរាជអាវុធហត្ថរាជធានីភ្នំពេញ នូវថវិកា៥០ម៉ឺនរៀល, ភេសជ្ជៈចម្រុះ ០៤កេស, មី ០២កេស, ត្រីខ ០២យួរ ៕