ឯកឧត្តម ចាយ បូរិន ថ្លែងអំណរគុណដល់ថៃដែលជួយបោះពុម្ពសៀវភៅ សង្ឃសទ្ទាភិធាន និង កម្រងឯកសារ ព្រះរាជសង្ឃប្រកាស សម្រាប់ប្រគេនដល់មន្ត្រីសង្ឃ
ភ្នំពេញ៖ នៅទីស្តីការក្រសួង នៅថ្ងៃទី២៦ ខែកញ្ញា ឆ្នាំ២០២៤ ឯកឧត្តម ចាយ បូរិន រដ្ឋមន្រ្តីក្រសួងធម្មការនិងសាសនា អនុញាតឲ្យឯកឧត្តម ឈើតកៀត អត្ថាករ (H.E. Mr. Cherdkiat ATTHAKORN) ឯកអគ្គរាជទូតនៃរាជាណាចក្រថៃ ប្រចាំនៅព្រះរាជាណាចក្រកម្ពុជា ចូលជួបសម្តែងការគួរសមនឹងជម្រាបលា ក្នុងឱកាសដែលឯកឧត្តម ត្រូវបានបញ្ចប់បេសកកម្មការទូតនៅព្រះរាជាណាចក្រកម្ពុជា។
ឯកឧត្តម រដ្ឋមន្រ្តី បានមានប្រសាសន៍ថា តាមរយៈសៀវភៅ “សង្ឃសទ្ទាភិធាន និង កម្រងឯកសារ ព្រះរាជសង្ឃប្រកាស “ ដែលរៀបចំដោយ ក្រសួងធម្មការនិងសាសនា ក្រោមព្រះរាជអំណោយបោះពុម្ពពីព្រះមហាក្សត្រថៃ តាមរយៈឯកឧត្តម ឯកអគ្គរាជទូតថៃ និងត្រូវបានបោះពុម្ពរួចរាល់ជាស្ថាពរនៅពេលដ៍ខ្លីខាងមុខនេះ ។
ឯកឧត្តម ចាយ បូរិន បានបញ្ជាក់ថា សៀវភៅ “សង្ឃសទ្ទាភិធាន និង កម្រងឯកសារ ព្រះរាជសង្ឃប្រកាស “ ឯកឧត្តម និងរៀបចំប្រគល់ជូន សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា សម្រាប់ប្រគេនដល់មន្ត្រីសង្ឃ នៅថ្ងៃទី២៣ ខែវិច្ឆិកា ឆ្នាំ២០២៤ ខាងមុខនេះ ក្នុងពិធីបិទអនុសំវច្ចរមហាសន្និបាតមន្រ្តីសង្ឃទូទាំងប្រទេស ។ សៀវភៅព្រះរាជអំណោយរបស់ព្រះមហាក្សត្រថៃ ដែលចងក្រងដោយក្រសួងធម្មការនិងសាសនាកម្ពុជា គឺមានសារៈសំខាន់សម្រាប់ព្រះពុទ្ធសាសនានៃប្រទេសទាំង ២កម្ពុជា -ថៃ ។
ឯកឧត្តមរដ្ឋមន្រ្តី សូមជូនពរឯកឧត្តម ឯកអគ្គរាជទូតថៃ ដែលបញ្ចប់បេសកកម្មការទូតនៅព្រះរាជាណាចក្រកម្ពុជា ហើយនិងត្រូវបន្តបេសកកម្មការងារផ្សេងទៀតសម្រេចបានជោគជ័យ ព្រមទាំងសង្ឃឹមថាឯកអគ្គរាជទូតថៃថ្មី និងបន្តកិច្ចខិតខំប្រឹងប្រែងលើទំនាក់ទំនងការទូតដែលមានសម្រាប់រយៈពេល៧៤ឆ្នាំមកនេះកាន់តែរីកចម្រើនទ្វេរឡើងថែមទៀត។
នាឱកាសនេះ ឯកឧត្តម ឈើតកៀត អត្ថាករ (H.E. Mr. Cherdkiat ATTHAKORN) ឯកអគ្គរាជទូតនៃរាជាណាចក្រថៃ ប្រចាំនៅព្រះរាជាណាចក្រកម្ពុជា សូមគោរពថ្លែងអំណរគុណដល់រាជរដ្ឋាភិបាលកម្ពុជា និងក្រសួងធម្មការនិងសាសនា ដែលតែងតែយកចិត្តទុកដាក់ និងបង្កលក្ខណៈងាយស្រួលដល់ឯកឧត្តមក្នុងការបំពេញបេសកម្មការទូតនៅកម្ពុជាប្រកបដោយជោគជ័យ ជាពិសេសការឹតចំណងសាមគ្គីភាពមិត្តភាពនិងកិច្ចសហប្រតិបត្តិការ លើគ្រប់វិស័យ ក្នុងនោះក៏មានវិស័យធម្មការនិងសាសនាផងដែរ៕